ភាពជោគជ័យនៅក្នុងជីវិតនឹងមកតាមក្រោយ នៅពេលអ្នកដាក់ចិត្តរៀនសូត្រពីដំណើរជីវិតរបស់ខ្លួនឯង​



ចំណង់​របស់​មនុស្ស​គ្មាន​ទី​បញ្ចប់​នោះ​ឡើយ។ បើ​ដាក់​គោលដៅ​មួយ​ថា​នឹង​សម្រេច​ឲ្យ​បាន​ហើយ លុះ​ដល់​ពេល​សម្រេច​បាន​តាម​បំណង ក៏​នឹង​មាន​ចំណង់​ជា​បន្ត​បន្ទាប់​មក​ទៀត​រហូត​ឥត​មាន​ទី​បញ្ចប់​នោះ​ឡើយ។ តើ​ភាព​ជោគជ័យ​ក្នុង​ជីវិត​សម្រាប់​អ្នក​គឺជា​អ្វី ? ទ្រព្យសម្បត្តិ បុណ្យស័ក្ដិ កេរ្តិ៍ឈ្មោះ ឬ​ការ​គោរព​ស្រឡាញ់​រាប់អាន​ពី​មនុស្ស​ជុំវិញ​ខ្លួន ?

ចំណង់​ក្នុង​ការ​សម្រេច​គោលដៅ​ទាំងនេះ​នឹង​គ្មាន​ដែន​កំណត់​នោះ​ឡើយ។ ដូច្នេះ​អ្នក​គួរតែ​ដាក់​ចិត្ត​ជា​អ្នក​រៀន​សូត្រ​ពី​ដំណើរ​ជីវិត​ដែល​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​នូវ​គោលដៅ​ទាំងនោះ​វិញ មិនថា​ជា​សមិទ្ធផល​ជោគជ័យ​ឬ​ជា​បរាជ័យ​នោះ​ទេ ព្រោះ​ទាំងអស់​នេះ​សុទ្ធតែ​ជា​បទពិសោធន៍​ដែល​មាន​តម្លៃ​សម្រាប់​បណ្ដុះ​នូវ​គតិ​បណ្ឌិត​នៅ​ក្នុង​ជីវិត​របស់​អ្នក។

ដែន​កំណត់​របស់​អ្នក​គឺ​មាន​តែ​អ្នក​ខ្លួនឯង​តែ​ម្នាក់​គត់​ដែល​ជា​អ្នក​ដាក់​ឲ្យ​ខ្លួនឯង។ អ្នក​អាច​រក​លេស​ពី​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​អ្នក ចង្អុល​ទៅ​អ្នក​នេះ​អ្នក​នោះ ចង្អុល​ទៅ​ស្ថានការណ៍​នេះ​ស្ថានការណ៍​នោះ ប៉ុន្តែ​អ្នក​នឹង​មិន​អាច​ទទួល​បាន​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​ចេញ​ពី​ផ្នត់គំនិត​និង​អត្តចរិត​និង​ឥរិយាបថ​បែប​នេះ​ឡើយ។ ព្រោះ​លេស​ទាំងនោះ​គ្រាន់តែ​ដើម្បី​គេច​ចេញ​ពី​ការ​បរាជ័យ​របស់​ខ្លួនឯង ដែល​ជា​ការ​បរាជ័យ​នៅ​ត្រង់​ចាញ់​ខ្លួនឯង​ប៉ុណ្ណោះ​ឯង។ មនុស្ស​ដែល​ចង់​បាន​អ្វីមួយ​ខ្លាំង នោះ​ពួកគេ​នឹង​ធ្វើអ្វី​គ្រប់​យ៉ាង​ដើម្បី​ទទួល​បាន​វា​នៅ​ក្នុង​ជីវិត​របស់​ពួកគេ។

ដូច្នេះ​អ្នក​គួរតែ​ងាក​មក​ចង្អុល​បន្ទោស​ខ្លួនឯង ដែល​មិន​មាន​ចិត្ត​អំណត់​អត់ធន់​គ្រប់គ្រាន់ មិន​មាន​ការ​តស៊ូ​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ដក​ចេញ​ឲ្យ​អស់​នូវ​ឫសគល់​នៃ​ការ​គិត​បែប​អវិជ្ជមាន​និង​អន់ថយ​ទាំងឡាយ​របស់​ខ្លួន ដែល​តែងតែ​រារាំង​អ្នក​មិន​ឲ្យ​ពង្រីក​សក្ដានុពល​ពិត​ប្រាកដ​របស់​ខ្លួន។ មនុស្ស​ជោគជ័យ​ក្នុង​ជីវិត ពួកគេ​មិន​បន្ទោស​ស្ថានការណ៍​ខាងក្រៅ​ឬ​មនុស្ស​ខាងក្រៅ​ដែល​ជា​មូលហេតុ​នាំ​មក​នូវ​អកុសល​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​នោះ​ឡើយ ព្រោះ​ពួកគេ​ដឹង​ថា​មាន​តែ​ខ្លួនឯង​ប៉ុណ្ណោះ​ដែល​ជា​អ្នក​កាន់​ចង្កូត​គ្រប់គ្រង​នូវ​ជោគវាសនា​ជីវិត​របស់​ពួកគេ។

ពួកគេ​មិនមែន​ជា​ប្រភេទ​មនុស្ស​ដែល​ដេក​រង់ចាំ​សំណាង​ឲ្យ​ធ្លាក់​ពី​លើ​មេឃ​នោះ​ទេ។ ពួកគេ​បង្កើត​សំណាង​ឲ្យ​ខ្លួនឯង ដោយ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន និង​ហាត់​ពត់លត់​ដំ​នូវ​អត្តចរិត​ជា​មនុស្ស​ដែល​មាន​វិន័យ​ចេញ​ពី​ក្នុង​ខ្លួន បន្ទាប់​មក​អ្វីៗ​ដែល​ពួកគេ​ចង់​បាន​នឹង​រត់​មក​រក​គេ​វិញ​ដោយ​ឯកឯង​នោះ​ទេ។ នៅ​ពេល​អ្នក​បាន​ឲ្យ​តម្លៃ​ទៅ​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួនឯង នោះ​អ្នក​ក៏​ដូចជា​បាន​ឲ្យ​តម្លៃ​ទៅលើ​ខ្លួនឯង​ដូច្នោះ​ដែរ។ ព្រោះ​ការ​ខិតខំ​ប្រឹងប្រែង​គឺ​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​ជោគវាសនា​ជីវិត​របស់​អ្នក​ក៏​ដូចគ្នា​ដែរ៕

ដោយ៖ ស្រីពៅ

X
5s