រឿងសាមញ្ញ៤យ៉ាងដែលអ្នកអាចធ្វើបានដើម្បីសម្រេចនូវតុល្យភាពក្នុងជីវិត
នៅក្នុងសង្គមបច្ចុប្បន្ន ការសម្រេចបាននូវជីវិតដ៏មានតុល្យភាពមួយគឺជាភាពជោគជ័យមួយដែលមានការលំបាកសម្រាប់មនុស្សភាគច្រើន។ ជីវិតដែលមានតុល្យភាពទាំងការងារនិងសេចក្ដីសុខជាមួយខ្លួនឯងនិងក្រុមគ្រួសារញាតិមិត្ត នឹងធ្វើឲ្យសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នកស្រស់ថ្លា និងដំណើរការណ៍យ៉ាងស៊ីចង្វាក់គ្នាផងដែរ។ ប៉ុន្តែជោគជ័យនេះមិនមែនចាំបាច់ទាល់តែអ្នកធ្វើអ្វីធំដុំនោះទេ គ្រាន់តែអ្នកអាចធ្វើបាន៤ចំណុចខាងក្រោមនេះ នោះអ្នកនឹងទទួលបាននូវភាពជោគជ័យមួយនេះនៅក្នុងជីវិតអ្នកហើយ។
១) ឆ្លៀតពេលវេលាបន្តិចបន្តួចរបស់អ្នកជាមួយមនុស្សជាទីស្រឡាញ់៖ គឺមនុស្សជាទីស្រឡាញ់របស់យើងនេះឯង ដែលពួកគាត់នឹងនៅជាមួយនឹងយើងរហូតដល់ទីបញ្ចប់ មិនថានៅលើផ្លូវមួយនោះពោរពេញដោយការលំបាកខ្លាំងប៉ុណ្ណាក៏ដោយ។ ពួកគេនឹងនៅគាំទ្រអ្នកជានិច្ច។ ដូច្នេះហើយបើអ្នកចំណាយពេលវេលាខ្លះដើម្បីបាននៅជាមួយពួកគេ នោះវាមិនត្រឹមតែពង្រឹងទំនាក់ទំនងអ្នកជាមួយនឹងពួកគាត់នោះទេ តែក៏ធ្វើឲ្យអារម្មណ៍របស់អ្នកធូរស្បើយ នោះអ្នកនឹងទទួលអារម្មណ៍ស្រស់ស្រាយដើម្បីចាប់ផ្ដើមការងាររបស់អ្នកបន្តទៀត។
២) ធ្វើលំហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណមិនចាំបាច់អ្វីទាល់តែត្រូវចំណាយពេលរាប់ម៉ោងនៅកន្លែងក្លឹបហាត់ប្រាណនោះឡើយ។ អ្នកអាចថែទាំសុខភាពផ្លូវកាយរបស់អ្នកបានដោយគ្រាន់តែធ្វើលំហាត់ប្រាណរយៈពេល២០នាទីដោយការដើរ ធាក់កង់ រត់ និងលើកដៃលើកជើង ឬជាការលេងកីឡាដូចជាទាត់បាល់ វ៉ៃសីជាដើមក៏បានដែរ។
៣) ទទួលទានអាហារដែលល្អចំពោះសុខភាព៖ អាហារដែលមានសុខភាពល្អផ្ដល់ប្រយោជន៍លើសពីការណ៍ដែលធ្វើឲ្យសុខភាពផ្លូវកាយរបស់អ្នកល្អ តែវាក៏ថែមទាំងធ្វើឲ្យសុខភាពផ្លូវចិត្តរបស់អ្នក អារម្មណ៍របស់អ្នក និងនាំឲ្យការគិតរបស់អ្នកល្អទៅព្រមគ្នាផងដែរ។ ការបណ្ដុះទម្លាប់ទទួលទានបន្លែផ្លែឈើ និងគ្រាប់ធញ្ញជាតិច្រើនប្រភេទចម្រុះគ្នា គឺជាវិធីដ៏សាមញ្ញបំផុតដែលអ្នកអាចធ្វើបានដើម្បីសុខភាពរបស់អ្នក។
៤) ការសម្រាកលំហែ៖ យូរម្ដងៗសម្រាកពីការងារ អ្នកគួរតែចំណាយពេលវេលាដើរលេងកម្សាន្តជាមួយមនុស្សជាទីស្រឡាញ់និងញាតិមិត្តរបស់អ្នក ឬក៏អាចដើរលេងម្នាក់ឯងទៅកាន់កន្លែងស្ងប់ស្ងាត់ដើម្បីលាងជម្រះនូវភាពស្មុគស្មាញនិងភាពតប់ប្រមល់ទាំងឡាយ ដែលបានរំខានអារម្មណ៍របស់អ្នកកន្លងមកឲ្យអស់។ នៅពេលអារម្មណ៍របស់អ្នកបានធូរស្រាល នោះនៅពេលអ្នកត្រឡប់ទៅធ្វើការរបស់អ្នកវិញ វាក៏នឹងធ្វើឲ្យអ្នកគិតឃើញគំនិតអ្វីប្លែកថ្មីនិងច្នៃប្រឌិតជាងមុនផងដែរ៕
ដោយ៖ ស្រីពៅ