តើឧបសគ្គអ្វីខ្លះ​ដែលអ្នកត្រូវប្រឈម នៅក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់សហគ្រិន ?​



ដំណាក់កាល​ដំបូង​នៃ​អ្វីៗ​ទាំងឡាយ​តែងតែ​មាន​ការ​លំបាក​ជានិច្ច ហើយ​សម្រាប់​រាល់​សហគ្រិន​ថ្មីថ្មោង​គ្រប់​រូប​សុទ្ធតែ​ដឹង​ពី​ចំណុច​នេះ​ច្បាស់​ជាង​នរណាៗ​ទាំងអស់។

ទោះជាយ៉ាងណាក៏ដោយ បើ​សិន​ជា​អ្នក​បាន​បោះ​ជើង​មួយ​ជំហាន​ចេញ​ពី​ពិភព​ចាស់​ដែល​អ្នក​ធ្លាប់​រស់នៅ ដើម្បី​ឈោង​ចាប់​ក្ដី​ស្រមៃ​របស់​អ្នក​ជា​ក្នុង​ពិភព​សហគ្រិន ហើយ​អ្នក​ក៏​ជួប​ការ​លំបាក​នៅ​លើ​ផ្លូវ​មួយ​នោះ នោះ​អ្នក​នឹង​យល់​ថា​វា​កាន់តែ​ពិបាក​ទៅ​ទៀត​ក្នុង​ការ​បោះបង់​វា​ចោល នៅ​ពេល​ដែល​អ្នក​ដើរ​បាន​ប៉ុន្មាន​ជំហាន​រួច​ផុត​មក​ហើយ។ វា​កាន់តែ​សំខាន់​ដែល​អ្នក​ត្រូវ​ដឹង​ច្បាស់​ពី​បញ្ហា​ដែល​អ្នក​នឹង​ត្រូវ​ប្រឈម​មុខ ដូចនេះ​អ្នក​នឹង​អាច​ដឹង​ថា​តើ​ត្រូវ​ទប់ទល់​ជាមួយ​វា​បែប​ណា។ តើ​ឧបសគ្គ​ទាំងនោះ​មាន​អ្វីខ្លះ ហើយ​តើ​អ្នក​អាច​ដោះស្រាយ​វា​ដោយ​របៀប​ណា ?

១) សួរ​ខ្លួនឯង​ថា​តើ​អតិថិជន​របស់​អ្នក​គឺជា​នរណា ?

អាជីវកម្ម​ណា​ដែល​ខ្វល់​តែ​ពី​ផល​ចំណេញ​របស់​ខ្លួន​តែ​ម្យ៉ាង អាជីវកម្ម​នោះ​មិន​យូរ​ប៉ុន្មាន​នឹង​ត្រូវ​បរាជ័យ​មិនខាន។ នៅ​ជុំវិញ​ខ្លួន​អ្នក នៅ​ក្នុង​សង្គម​ដែល​អ្នក​កំពុង​រស់នៅ គឺ​ពោរពេញ​ដោយ​បញ្ហា​ជាច្រើន​ដែល​មនុស្ស​កំពុង​តែ​ជួប​ប្រទះ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ។ បើ​អ្នក​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​សហគ្រិន​ដ៏​ជោគជ័យ​មួយ​រូប នោះ​ចក្ខុវិស័យ​របស់​អ្នក​ត្រូវ​តែ​ផ្ដោត​ជា​សំខាន់​ទៅលើ​ការ​ចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​អតិថិជន​របស់​អ្នក។ អ្នក​មិន​អាច​ធ្វើអ្វី​គ្រប់​យ៉ាង​បាន​ទាំងអស់​នោះ​ទេ។ ប៉ុន្តែ​តាមរយៈ​អាជីវកម្ម​របស់​អ្នក នោះ​យ៉ាងហោចណាស់​ក៏​អ្នក​អាច​ជួយ​ធ្វើឲ្យ​ជីវិត​របស់​ពួកគេ​បាន​ល្អ​ប្រសើរ​ក្នុង​មួយ​ផ្នែក​តូច​ដែរ។ ហេតុនេះ ជា​ការ​ចាំបាច់​បំផុត​ដែល​អ្នក​ត្រូវ​ស្គាល់​ថា​អតិថិជន​របស់​អ្នក​ជា​នរណា តើ​អាជីវកម្ម​របស់​អ្នក​នឹង​អាច​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​ក្រុម​នោះ​តាម​របៀប​ណា ?

២) ត្រៀម​ចិត្ត​ទុក​ជានិច្ច​នូវ​រឿង​ដែល​អ្នក​នឹង​មិន​នឹក​ស្មាន​ដល់

អ្វី​ក៏​ដោយ​ក៏​អាច​កើតឡើង​បាន​ដែរ។ អ្នក​អាច​សាទរ​នូវ​ភាព​ជោគជ័យ​របស់​អ្នក​នៅ​ថ្ងៃនេះ តែ​អ្នក​ក៏​អាច​ធ្លាក់​ទឹកចិត្ត​ដោយសារ​តែ​ហេតុការណ៍​ណាមួយ​ដែល​កើតឡើង​ហួស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​នៅ​ថ្ងៃ​ស្អែក​ដូចគ្នា​ដែរ។ ប៉ុន្តែ​ន័យ​នេះ​មិនមែន​មិន​ចង់​ឲ្យ​អ្នក​សាទរ​លើកទឹកចិត្ត​ខ្លួនឯង​ជាមួយ​នឹង​អ្នក​រួម​ចំណែក​ទាំងអស់​នូវ​សមិទ្ធផល​ដែល​អ្នក​សម្រេច​បាន​នោះ​ទេ។ យ៉ាងណាមិញ អ្នក​ត្រូវ​មាន​ស្មារតី​ដាក់​ខ្លួន​មួយ នោះ​អ្នក​នឹង​មិន​ជ្រួលជ្រើម​ហួសហេតុ​ពេក​ទៅ​នឹង​ការ​បោះ​ជំហាន​ទៅ​មុខ​បន្តិច​បន្តួច​ដែល​អ្នក​អាច​សម្រេច​បាន។ ស្មារតី​ម៉ត់ចត់​និង​ភាព​ដាក់​ខ្លួន​នេះ​នឹង​តបស្នង​នូវ​ប្រយោជន៍​ដ៏​មាន​តម្លៃ​ជាច្រើន​ដែល​អ្នក​នឹង​មើល​ឃើញ​នៅ​ថ្ងៃ​មុខ​មិនខាន។

៣) អ្នក​រួម​គោលដៅ​ជាមួយ

អ្នក​រួម​ចំណែក​គោលដៅ​ជាមួយ​អ្នក ឬ​ជា​បុគ្គលិក​ដែល​អ្នក​នឹង​រួម​ដំណើរ​ជាមួយ​នឹង​អ្នក ពួកគេ​ទាំងនោះ​គឺជា​មនុស្ស​សំខាន់​ខ្លាំង​ណាស់។ អ្នក​ត្រូវ​ទទួលស្គាល់​ថា​អ្នក​មិន​អាច​ចេះ​ដឹង​អ្វី​សព្វ​បែប​យ៉ាង​នៅ​លើ​លោក​បាន​ទាំងអស់​នោះ​ទេ។ ថ្វីត្បិតតែ​អ្នក​ជា​មេ​គេ អ្នក​ដឹកនាំ​គេ ហើយ​អាច​ពូកែ​ជាង​ពួកគេ​នៅ​ក្នុង​ជំនាញ​អ្វីមួយ ប៉ុន្តែ​បុគ្គលិក​របស់​អ្នក​ក៏​នឹង​អាច​ពូកែ​ជាង​អ្នក​នៅ​ក្នុង​ចំណេះ​ជំនាញ​ណាមួយ​នោះ​ដែរ។ បើ​អ្នក​បើក​ចិត្ត​ទូលាយ​និង​ដាក់​ខ្លួន នោះ​អ្នក​នឹង​អាច​រៀន​សូត្រ​បាន​ច្រើន​អនេក​ពី​ពួកគេ​ទាំងនោះ។ ខណៈ​ពេល​ជាមួយ​គ្នា​នេះ​ដែរ អ្នក​ថែមទាំង​អាច​ទទួល​បាន​សេចក្ដី​ស្មោះត្រង់​ពី​ពួកគេ​ចំពោះ​អ្នក​ទៀត​ផង។ ត្រង់​ចំណុច​នេះ​គឺ​មាន​តម្លៃ​និង​សំខាន់​បំផុត​សម្រាប់​អ្នក​ជា​អ្នក​ដឹកនាំ៕

ដោយ៖ ស្រីពៅ

X
5s