អត្ថប្រយោជន៍ជីវិតដែលអ្នកនឹងទទួលបានក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ
មនុស្សមួយចំនួនយល់ច្រឡំថាជីវិតជោគជ័យពុំចាំបាច់មានសញ្ញាប័ត្រនោះទេ។ បើទោះបីជាមានអ្នកមានជាច្រើនជោគជ័យក្នុងជីវិតដោយពុំមានសញ្ញាប័ត្របរិញ្ញាបត្រក្ដី តួយ៉ាងលោក Bill Gates លោក Jack Ma ។ល។ តែការមានសញ្ញាប័ត្របរិញ្ញាបត្រពិតជាសំខាន់ខ្លាំងណាស់ក្នុងឆាកជីវិតរបស់បុគ្គលម្នាក់ៗ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ដែលអ្នកនឹងទទួលបានក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ៖
១) បើកឱកាសក្នុងជីវិត៖ ជាការពិត គោលដៅមួយនៃការទៅសកលវិទ្យាល័យគឺដើម្បីបើកឱកាសក្នុងជីវិតឲ្យបានច្រើន។ សកលវិទ្យាល័យផ្ដល់នូវជំនាញ ភាពជាអ្នកដឹកនាំ ចំណេះដឹងផ្នែកប្រាជ្ញានិងអារម្មណ៍ ជំនាញទន់ឬបង្ហាត់បង្រៀនអ្នកសម្រាប់ការងារឬជីវិតមនុស្សធំ។ ប្រសិនអ្នកមានសញ្ញាប័ត្របរិញ្ញាបត្រ អ្នកមានជម្រើសរកការងារបានច្រើននិងអាចរកបានប្រាក់ខែខ្ពស់ក៏ថាបាន។
២) រកលុយបានច្រើនជាងមុន៖ ប្រសិនអ្នកបញ្ចប់ថ្នាក់ត្រឹមវិទ្យាល័យ អ្នកអាចនិងពុំអាចរកការងារប្រាក់ខែខ្ពស់។ បើទោះបីជាអ្នកមានបទពិសោធន៍ច្រើន តែអ្នកពិបាកក្នុងការរកការងារក្នុងក្រុមហ៊ុនធំៗបែបអន្តរជាតិណាស់ព្រោះអ្នកគ្មានសញ្ញាប័ត្រ។ តាមការសិក្សាបានរកឃើញថា បុគ្គលដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រអាចរកប្រាក់ចំណូលច្រើនជាងអ្នកដែលបញ្ចប់ត្រឹមថ្នាក់វិទ្យាល័យ។
៣) ចេះគិតជ្រៅជ្រះ៖ ចំណេះដឹងដែលបង្រៀននៅសកលវិទ្យាល័យ ក្រៅពីជួយសិស្សឲ្យប្រឡូកក្នុងសង្គមថែមទាំងបង្រៀនមនុស្សឲ្យចេះគិតថែមទៀតផង។ អ្នកដែលមានត្រឹមជំនាញអាចត្រឹមរកការងារចិញ្ចឹមជីវិតមួយតែប៉ុណ្ណោះ ប៉ុន្តែដោយសារតែប្រាជ្ញាការគិត អ្នកមិនត្រឹមតែអាចចិញ្ចឹមជីវិតនោះទេថែមទាំងអាចរីកចម្រើនទាំងប្រាក់កាក់និងតួនាទីទៀតផង៕
ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ study.com