វិធីសាស្ត្រ៤យ៉ាងដែលអាចផ្ដល់ថាមពលដល់អ្នកសម្រាប់បំពេញការងាររបស់អ្នកបន្តបាន
ក្រោយពីធ្វើការហត់ពេញ១ថ្ងៃ អ្នកប្រាកដជាអស់កម្លាំងថាមពល ដែលអាចឲ្យអ្នកមានចំណង់រកអាហារប្រភេទណាដែលមិនមានផលប៉ះពាល់វិជ្ជមានចំពោះសុខភាពរបស់អ្នក។ ដូច្នេះហើយ បើសិនជាអ្នកចង់បង្កើនថាមពលមកវិញ និងទទួលបានប្រយោជន៍ចំពោះសុខភាពរបស់អ្នកផងនោះ វិធីសាស្ត្រទាំង៤យ៉ាងខាងក្រោមគឺជាអ្វីដែលអ្នកកំពុងតែស្វែងរកហើយ។
១) មិនត្រូវទទួលទានអាហារណាដែលសម្បូរជាតិស្ករច្រើនពេកនោះទេ៖ នៅពេលណាអស់កម្លាំង មនុស្សមួយចំនួនចូលចិត្តទទួលទានភេសជ្ជៈប៉ូវកម្លាំង ដែលសម្បូរទៅដោយជាតិស្ករច្រើន។ ថ្វីបើភេសជ្ជៈប្រភេទនោះ រួមទាំងអាហារផ្សេងៗទៀតដែលសម្បូរជាតិស្ករច្រើន គឺជាប្រភពនៃថាមពលសម្រាប់ឲ្យអ្នកបន្តកិច្ចការងាររបស់អ្នកទៀត ប៉ុន្តែផលប៉ះពាល់របស់វាក្នុងរយៈពេលវែងនឹងមិនល្អសម្រាប់សុខភាពរបស់អ្នកនោះឡើយ។ ហេតុនេះ បើសិនជាអ្នកចង់ទទួលបានថាមពលពីរបស់ផ្អែម អ្នកគួរតែងាកមកទទួលទានអាហារណាដែលមានជាតិស្ករពីធម្មជាតិរបស់វាដូចជាផ្លែឈើវិញ។
២) រក្សាជាតិទឹកនៅក្នុងខ្លួនជានិច្ច៖ នៅពេលអ្នកមិនសូវទទួលទានទឹកឲ្យបានគ្រប់គ្រាន់ នោះវានឹងធ្វើឲ្យដំណើរការណ៍ខួរក្បាលរបស់អ្នកមិនស្រឡះនិងយឺតយ៉ាវ ហើយសរីរាង្គនៅក្នុងរាងកាយរបស់អ្នកក៏ដំណើរការណ៍មិនសូវល្អនោះដែរ។ ដូច្នេះហើយអ្នកត្រូវតែឧស្សាហ៍ដាស់តឿនរំលឹកខ្លួនឯងឲ្យទទួលទានទឹកឲ្យបានច្រើនតាមតែអាចធ្វើទៅបានជារៀងរាល់ថ្ងៃ។
៣) គេង៣០នាទីនៅពេលថ្ងៃ៖ នៅពេលអ្នកបានគេង នោះខួរក្បាលរបស់អ្នកនឹងមានពេលសម្រាកដើម្បីបញ្ជូនទិន្នន័យផ្សេងៗទៅស្តុកទុកក្នុងផ្នែកចងចាំរយៈពេលវែង។ ហេតុនេះទិន្នន័យស្អេកស្កះដែលអ្នកបានទទួលយកមក នឹងត្រូវបានសម្អាត ដែលជាហេតុនាំឲ្យវាមានចន្លោះទំនេរទុកសម្រាប់ផ្ទុកទិន្នន័យថ្មីៗបន្តទៀតពេលអ្នកក្រោកពីគេង។
៤) ដើរបន្តិចៗជារៀងរាល់ថ្ងៃ៖ ការដើរនឹងសម្រួលដល់ចរន្តឈាមរបស់អ្នកឲ្យដំណើរការណ៍ស្រួល ដែលនឹងផ្ដល់ថាមពលដល់អ្នក។ មានការសិក្សាមួយក៏បានរកឃើញថា គ្រាន់តែការដើររយៈពេល១០នាទីក៏អាចផ្ដល់ថាមពលដល់អ្នកលើសពី២ម៉ោងបានដែរ៕
ប្រភព៖ success ប្រែសម្រួល៖ ស្រីពៅ