អាថ៌កំបាំង​ទាំង​៦យ៉ាង​​ដែល​​​ជួយ​លើក​ទឹក​ចិត្ត​​មនុស្ស​ឲ្យ​​សម្រេច​កិច្ច​ការ​ប្រចាំ​ថ្ងៃ​



ពេល​ខ្លះ​មាន​កិច្ច​ការ​ត្រូវ​ធ្វើ​ច្រើន​ពេក​ទៅ ​​មនុស្ស​បែរ​ជា​​​លួច​ខ្ជិល​​ រក​​កម្លាំង​ចិត្ត​មក​ធ្វើ​ការ​មិន​ឃើញ។ ឯ​អ្នក​ខ្លះ​ទៀត មាន​គម្រោង​​ច្បាស់​លាស់​ហើយ​តែ​​ខ្វះ​កម្លាំង​ចិត្ត​ទៅ​វិញ។ ​មិន​ថ្វី​នោះ​ទេ ប្រសិន​អ្នក​មាន​បញ្ហា​​នេះ សូម​សាកល្បង​អនុវត្ត​គន្លឹះ​ដ៏​មាន​ប្រសិទ្ធភាព​ដូច​ខាង​ក្រោម៖

១) គិត​ដល់​ស្នាដៃ​ចាស់៖ ​​គោលដៅ​ថ្មី​ឬ​ការងារ​ថ្មី វា​តែង​តែ​លំបាក​ព្រោះ​​អ្នក​មិន​ធ្លាប់​ធ្វើ​វា​ពី​មុន​មក។ ​ដូច្នេះ​ហើយ មុន​ពេល​​អ្នក​ចាប់​ផ្ដើម ចូរ​គិត​ដល់​ស្នាដៃ​ចាស់​ៗ​ដែល​អ្នក​ធ្លាប់​សម្រេច​​​ព្រោះ​វា​មិន​ត្រឹម​តែ​លើក​ទឹក​ចិត្ត​នោះ​ទេ​ថែម​ទាំង​​ជំនឿ​ចិត្ត​ទៀត​ផង។

២) មើល​ឲ្យ​បាន​វែង​ឆ្ងាយ៖ ថ្វី​ត្បិត​តែ​​ការងារ​នោះ​ច្រើន ការងារ​នោះ​លំបាក ​ប៉ុន្តែ​ចូរ​គិត​ដល់​​រង្វាន់​ឬ​​លទ្ធផល​ដែល​អ្នក​នឹង​ទទួល​បាន​ក្រោយ​​បំពេញ​កិច្ចការ​ទាំង​នោះ។

៣) បំបែក​ការងារ​ឲ្យ​ជា​ចំណែក​តូច​ៗ៖ ​ជា​ធម្មជាតិ​របស់​មនុស្ស​នោះ​ទេ ការងារ​ដែល​លំបាក​និង​ច្រើន ​មនុស្ស​ពិត​ជា​មិន​ចង់​ធ្វើ​នោះ​ទេ។ ប៉ុន្តែ ​អ្នក​អាច​ប្រើ​យុទ្ធសាស្ត្រ​ផ្លូវ​ចិត្ត​បាន​ដោយ​បំបែក​ការងារ​នោះ​ជា​ចំណែក​តូច​ៗ​​និង​ធ្វើ​វា​ម្ដង​មួយ​​​។ យូរ​ៗ​ទៅ អ្នក​គង់​តែ​សម្រេច​​ទាំង​អស់​នោះ​ទេ។

៤) រក​សុភាសិត​​ល្អ​ឬ​​មនុស្ស​ជោគជ័យ៖ រាល់​ការងារ​តែង​មាន​ភាព​លំបាក​របស់​វា។ ពេល​ជួប​ការ​លំបាក​ម្ដង​ៗ អ្នក​អាច​មាន​អារម្មណ៍​ធុញ​និង​ចង់​បោះ​បង់​ជា​ដើម។ ដូច្នេះ​ហើយ អ្នក​ត្រូវ​រក​សុភាសិត​​ឬ​មនុស្ស​ដែល​អាច​ជួយ​លើក​ទឹក​ចិត្ត​អ្នក គ្រាន់​តែ​មើល​គឺ​មាន​កម្លាំង​ចិត្ត​​ឡើង​វិញ។ ​

៥) ​ផ្ដល់​រង្វាន់​ដល់​ខ្លួន​ឯង៖ អ្នក​ត្រូវ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​​ក្រោយ​​ពី​ការ​ខំ​ប្រឹង​​​ធ្វើ​ការងារ។ ​​អ្នក​ពុំ​ចាំ​បាច់​ផ្ដល់​រង្វាន់​​ធំ​ដល់​ខ្លួន​ឯង​​​នោះ​ទេ គ្រាន់​តែ​ការ​ញាំ​អី​ឬ​ការ​លំហែ​កាយ​១​ឬ​២​ម៉ោង​ក៏​បាន។

៦) គិត​ដល់​​​ចំណុច​ចាប់​ផ្ដើម៖ ប្រសិន​អនុវត្ត​ចំណុច​ខាង​ក្រោម​ហើយ​នៅ​មិន​​មាន​កម្លាំង​ចិត្ត​​ទៀត​​នោះ ​​ចូរ​គិត​ដល់​​ចំណុច​ចាប់ផ្ដើម​ដំបូង៖ហេតុអ្វី​បាន​ជា​អ្នក​ចាប់​ផ្ដើម​វា ហេតុអ្វី​បាន​ជា​វា​សំខាន់​ចំពោះ​អ្នក។ល។ វា​នឹង​ជួយ​អ្នក​ឲ្យ​មាន​កម្លាំង​ចិត្ត​ជាក់ជា​ពុំ​ខាន៕

ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖ entrepreneur.com ​​​​

X
5s