របៀបនៃការដឹកនាំទាំង៦យ៉ាងរបស់ឪពុកម្ដាយដែលប៉ះទង្គិចដល់ការរីកចម្រើនរបស់កូនៗ​



ក្នុងនាមជាឪពុកម្ដាយ ភារកិច្ចរបស់អ្នកមិនត្រឹមតែដឹកនាំកូន និងផ្ដល់ភាពរីកចម្រើនដល់ពួកគេដើម្បីលូតលាស់ឈានចូលវ័យជំទង់នោះទេ តែការធ្វើខ្លួនជាអ្នកចាំណែនាំពួកគេដើម្បីការពារពួកគេពីការប៉ះទង្គិចផ្លូវកាយ និងផ្លូវអារម្មណ៍ក៏ជារឿងមួយសំខាន់ដូចគ្នា។ បើអ្នកធ្វេសប្រហែសមិនបានយកចិត្តទុកដាក់លើការពង្រឹងតុល្យភាពរវាងរឿងសំខាន់ទាំងពីរនេះទេ ឥទ្ធិពលអវិជ្ជមានរបស់អ្នកចំពោះកូននឹងផ្ដល់ផលមិនល្អដល់គេវិញក្នុងរយៈពេលវែង។ ខាងក្រោមនេះគឺជារបៀបនៃការដឹកនាំទាំង៦យ៉ាងរបស់ឪពុកម្ដាយ ដែលអ្នកអាចស្វែងយល់ និងចៀសវាងបង្កើតកំហុសទាំងនេះបាន៖

១) ការប្រតិបត្តិរបស់អ្នកខុសពីពាក្យសម្ដីណែនាំទៅកូន៖ នៅពេលកូនៗរបស់អ្នកឈានចូលដល់វ័យជំទង់ ពួកគេនឹងត្រូវបង្កើតផ្លូវដើរសម្រាប់ជីវិតដោយខ្លួនឯង ដូច្នេះវាជាការទទួលខុសត្រូវរបស់អ្នក ដែលត្រូវ​ចម្រាញ់​យកតម្លៃ និងគោលការណ៍សំខាន់ៗ សម្រាប់នាំផ្លូវពួកគេទៅរកការសម្រេចចិត្តនានាក្នុងជីវិតប្រកបដោយភាពត្រឹមត្រូវ។ នៅក្នុងគំនិតរបស់ពួកគេ សកម្មភាពមានឥទ្ធិពលជាងពាក្យសម្ដីទៅទៀត ដូច្នេះអ្នកមិនមែនចេះតែនិយាយផ្សេងធ្វើផ្សេង ដែលផ្ដល់ជាគម្រូមិនល្អដល់កូនៗ និងប៉ះពាល់ដល់សមត្ថភាពរបស់ពួកគេក្នុងការសម្រេចចិត្តរឿងរ៉ាវសំខាន់ៗក្នុងជីវិតពួកគេនោះទេ អ្នកត្រូវបង្ហាញពួកគេឲ្យឃើញនូវតម្លៃនៃពាក្យណែនាំទាំងនោះតាមរយៈការប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរបស់អ្នកនោះឯង។

២) បង្ខំកូនៗឲ្យធ្វើតាមតម្រូវការរបស់អ្នក៖ ជារឿងធម្មជាតិទៅហើយសម្រាប់ឪពុកម្ដាយដែលមានគំនិតតឹងតែង ក្នុងការដែលពួកគាត់ដាក់កំណត់ឲ្យកូនត្រូវដើរទៅតាមផ្លូវដើររបស់គាត់ដោយខានពុំបាន។ ប៉ុន្ដែនេះជាផ្នត់គំនិតមួយ ដែលផ្ដល់ផលអវិជ្ជមានយ៉ាងខ្លាំងដល់កូនៗរបស់អ្នក ព្រោះអ្នកបានដាក់សម្ពាធទៅលើភាពជោគជ័យ និងសេចក្ដីសុខរបស់ពួកគេដោយមិនដឹងខ្លួន។ អ្នកគួរងាកមកបើកចំហចិត្តយ៉ាងទូលាយឲ្យពួកគេស្វែងរកផ្លូវដើរដែលពួកគេពេញចិត្ត រួចផ្ដល់ការណែនាំដល់ពួកគេ ហើយចៀសវាងតម្រូវការណាដែលអាចផ្ដល់សម្ពាធដល់ពួកគេក្នុងផ្លូវណាមួយ។

៣) រារាំងកូនៗរបស់អ្នកពីការប្រថុយប្រថាន៖ ថ្វីត្បិតតែការបង្ខំកូនៗរបស់អ្នកឲ្យធ្វើទៅតាមតម្រូវការរបស់អ្នក គ្រាន់តែជាចេតនាល្អដើម្បីការពារសុវត្ថិភាពពួកគេ ប៉ុន្ដែការណ៍ដែលអ្នកលើកទឹកចិត្តពួកគេឲ្យហ៊ានសាកល្បងអ្វីថ្មី ប្រឈមនឹងការប្រថុយប្រថាន នោះពួកគេនឹងអភិវឌ្ឍខ្លួនកាន់តែឆាប់ឆ្ពោះទៅរកគំនិតចាស់ទុំ។ ក្មេងដែលមិនធ្លាប់មានបទពិសោធន៍ចេញលេងនៅខាងក្រៅរត់ដួល នឹងធ្វើឲ្យមានការរារាំងដល់ភាពរីកចម្រើនផ្នែកអារម្មណ៍ និងក្លាយជាកើតមានភាពភ័យខ្លាចនៅក្នុងវ័យជំទង់។ ហេតុនេះ ឪពុកម្ដាយគួរលើកទឹកចិត្តក្មេងៗឲ្យសាកល្បងការប្រថុយប្រថានតូចតាចសមល្មម ដែលអាចផ្ដល់ជាមេរៀនដ៏មានតម្លៃសម្រាប់ពួកគេ បណ្ដុះនូវឯករាជ្យភាព និងជួយដល់ការរីកចម្រើននៃភាពចាស់ទុំរបស់ពួកគេ។

៤) ជួយពួកគេឆាប់រហ័សពេក៖ ឪពុកម្ដាយភាគច្រើនលូកដៃចូលជួយដោះស្រាយបញ្ហារបស់កូនឆាប់រហ័សពេក មិនថាជាបញ្ហាហិរញ្ញវត្ថុ ឧបសគ្គនានាក្នុងជីវិត ដែលនេះបានជះឥទ្ធិពលមិនល្អដល់ពួកគេ ដូចជាកម្រិតនៃភាពអត់ធន់នឹងបញ្ហា និងសមត្ថភាពក្នុងការដោះស្រាយបញ្ហាដែលពួកគេចាំបាច់ត្រូវការក្នុងវ័យជំទង់។

៥) អនុញ្ញាតឲ្យវិប្បដិសារីរារាំងដល់ភាពជាឪពុកម្ដាយរបស់អ្នក៖ វាតែងកើតឡើងចំពោះឪពុកម្ដាយដែលតែងធ្វើឲ្យកូនៗខឹង និងតូចចិត្ត នៅពេលអ្នកយល់ថាការទាមទាររបស់ពួកគេមិនសមហេតុផល។ លទ្ធផលដែលទទួលបានពីហេតុការណ៍ដដែលៗនេះសន្សំទុកជាច្រើនដង នឹងបង្ហាញឲ្យឃើញក្នុងអត្តចរិតរបស់ក្មេងទម្រើស និងភាពមានះរបស់ពួកគេ ដែលក្នុងរយៈពេលយូរនឹងបណ្ដុះនូវអត្តចរិតក្រអឺតក្រទម គ្មានហេតុផល និងចិត្តចង្អៀតចង្អល់។

៦) បដិសេធចែករំលេកកំហុសពីអតីតកាលរបស់អ្នកដល់ពួកគេ៖ នៅពេលអ្នកបានបើកចិត្តទូលាយ​អនុញ្ញាត​ឲ្យពួកគេលាតត្រដាងស្លាបហោះហើរដោយខ្លួនឯងហើយ អ្នកត្រូវចែករំលែកបទពិសោធន៍ពីកំហុសរបស់អ្នកក្នុងអតីតកាល ដើម្បីបំពេញចន្លោះរវាងចំណេះដឹង និងបទពិសោធន៍ ដែលនឹងជួយពួកគេក្នុងការសម្រេចចិត្តរឿងរ៉ាវក្នុងជីវិតរបស់ពួកគេបានកាន់តែល្អជាងមុន៕

ប្រភព៖ lifehack

X
5s