តើអ្នកធ្លាប់ចាប់អារម្មណ៍ទេថា ខ្លួនឯងកំពុងតែរស់នៅជីវិតបែបណា?
លោក ស្ទីវចប តែងតែសួរខ្លួនឯងថា៖ "បើសិនជាថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃឆាកជីវិតរបស់ខ្ញុំ ដូច្នេះតើខ្ញុំនឹងធ្វើអ្វីដែលខ្ញុំតែងតែចង់ធ្វើរហូតមកនៅថ្ងៃនេះទេ ?"។ ជីវិតមនុស្សម្នាក់ៗអាចមានអត្ថន័យ គឺដោយសារតែមនុស្សគ្រប់គ្នាសុទ្ធតែរស់នៅដើម្បីគោលដៅជាក់លាក់ណាមួយ។ គឺដោយសារតែគោលដៅនេះហើយទើបវាអាចចងភ្ជាប់យើងទៅនឹងជីវិតរបស់យើង ដែលធ្វើឲ្យយើងចេះតែប្រឹងប្រែងបន្តទៅមុខទៀត មិនថាមានការលំបាកប៉ុណ្ណាក៏ដោយ។ រស់នៅឲ្យដូចជាអ្នកនឹងត្រូវស្លាប់នៅថ្ងៃស្អែក តែមិនត្រូវតឹងតែងដាក់ខ្លួនឯងពេកនោះទេ។
នៅពេលសម្រាកសប្បាយ គឺត្រូវតែសប្បាយឲ្យអស់ចិត្ត នៅពេលត្រឡប់ទៅធ្វើការងារវិញ គឺត្រូវតែម៉ត់ចត់ផ្ចង់អារម្មណ៍ធ្វើការ។ ធ្វើជាមនុស្សដែលទន់ភ្លន់សម្បកក្រៅ តែរឹងមាំ ម៉ត់ចត់ និងម៉ឺងម៉ាត់នៅខាងក្នុង នោះមនុស្សដែលមើលឃើញនូវតម្លៃរបស់អ្នក គេនឹងគោរពស្រឡាញ់អ្នក ហើយក៏នឹងគ្មាននរណាម្នាក់អាចមើលស្រាលអ្នកបាននោះដែរ។
អ្នកអាចយកឈ្នះអ្នកដទៃបានដោយងាយស្រួល ប៉ុន្តែដើម្បីយកឈ្នះទៅលើខ្លួនឯងបាន វាមិនមែនជាជ័យជម្នះដែលនរណាៗសុទ្ធតែអាចសម្រេចបាននៅក្នុង១ឆាកជីវិតរបស់គេនោះទេ។ អាចទៅរួច ឬមិនអាចទៅរួច វាអាស្រ័យទៅលើការគិតរបស់អ្នកចំពោះខ្លួនឯងតែប៉ុណ្ណោះឯង។ មុននឹងអ្នកអាចយកឈ្នះទៅលើឧបសគ្គខាងក្រៅបាន អ្នកត្រូវប្រកួតជាមួយនឹងខ្លួនឯងជាមុនសិន។
នៅក្នុងខ្លួនយើងម្នាក់ៗសុទ្ធតែមាននូវសត្រូវប្រចាំខ្លួនរៀងៗខ្លួន។ ពួកវាគឺជាអ្នកដែលតែងតែសម្លឹងរកមើលហេតុផលគ្រប់សព្វបែបយ៉ាង ដើម្បីមកបញ្ជាក់អ្នកថាអ្នកមិនអាចសម្រេចកិច្ចការណាមួយនោះបានជោគជ័យនោះទេ។
សូមអាន៖ ប្រសិនជាអ្នកមានអារម្មណ៍ថា តឹងតែងចំពោះខ្លួនឯងខ្លាំងពេក គួរតែអានចំណុចទាំងនេះ
ពួកវាគឺជាអ្នកដែលបង្កប់ទៅដោយការភ័យខ្លាច ភ័យខ្លាចការរិះគន់នៅពេលបរាជ័យ ភ័យខ្លាចការណ៍ធ្វើនូវអ្វីដែលខុសប្លែកពីគេ ខ្លាចមិនដូចគេដូចឯង ខ្លាចនេះខ្លាចនោះ ហើយវាចង់តែឲ្យអ្នកសម្ងំនៅទីសុខស្រួលមិនធ្វើអ្វីសោះនោះឯង។ ប៉ុន្តែអ្នកត្រូវចាំថា បើអ្នកមិនក្រោកឈរឡើងដើម្បីទាមទារយកនូវអ្វីដែលអ្នកចង់បានទេ នោះអ្នកនឹងមិនទទួលបានវាជារៀងរហូត។
មនុស្សម្នាក់អាចខ្លាំងជាងមនុស្សម្នាក់ទៀតបាន ជាចម្បងគឺអាស្រ័យទៅនឹងការគិតនៅក្នុងខួរក្បាលរបស់ពួកគេ។ សុទិដ្ឋិនិយម ឬការព្យាយាមសម្លឹងមើលអ្វីៗនៅក្នុងផ្លូវវិជ្ជមាន មិនមែនសុទ្ធតែជារឿងល្អនៅគ្រប់ស្ថានការណ៍ទាំងអស់នោះទេ ព្រោះមានស្ថានការណ៍ខ្លះតម្រូវឲ្យអ្នកផ្លាស់ប្ដូរវិធីសាស្ត្រដែលអ្នកបានប្រើប្រាស់ដើម្បីសម្រេចគោលដៅរបស់អ្នកចេញ ហើយបត់បែនតាមស្ថានការណ៍និងប្ដូរប្រើប្រាស់នូវវិធីសាស្ត្រថ្មីដែលមានប្រសិទ្ធភាពនិងឈ្លាសវៃជាងមុន។ សុទិដ្ឋិនិយមដែលអ្នកត្រូវមាននៅក្នុងស្ថានការណ៍បែបនេះគឺ បញ្ហាអ្វីក៏ដោយសុទ្ធតែមានដំណោះស្រាយជានិច្ច។
បញ្ហាពិតប្រាកដគឺស្ថិតនៅត្រង់សមត្ថភាពរបស់អ្នកក្នុងការត្រិះរិះគិតរកដំណោះស្រាយនោះ និងពេលវេលាយូរឬឆាប់ប៉ុណ្ណោះឯង។ ម្យ៉ាងទៀត ដំណោះស្រាយរបស់បញ្ហាមួយមិនមែនមានតែមួយនោះទេ ដូច្នេះបើដំណោះស្រាយមួយមិនអាចប្រើការបាន ប្ដូរផ្លូវដើររបស់អ្នករកដំណោះស្រាយថ្មីមួយទៀត។ កុំឲ្យខ្លួនអ្នកជាប់គាំងនៅនឹងដំណោះស្រាយដដែលៗដែលប្រើការមិនកើតឲ្យសោះ។ អ្វីដែលអ្នកត្រូវមានជានិច្ច គឺជាការជឿជាក់លើខ្លួនឯង៕
ដោយ៖ ស្រីពៅ