តើ​គោលការណ៍​ជីវិត​បែប​ណា​ ដែល​អ្នក​គួរ​ប្រកាន់​យក​តាម​ដើម្បី​សម្រេច​នូវ​ភាព​ជោគជ័យ ?​



ដើម្បី​សម្រេច​ទៅ​ដល់​គោលដៅ​នៃ​ជីវិត​របស់​អ្នក អ្នក​ត្រូវ​ចាំ​ថា​មិនមែន​ផ្លូវ​ដើរ​សម្រាប់​អ្នក​មាន​តែ​មួយ​ច្រក​នោះ​ទេ។ ដរាប​ណា​អ្នក​មាន​ឆន្ទៈ​ដ៏​មោះមុត​ក្នុង​ការ​សម្រេច​គោលដៅ​នោះ ផ្លូវ​មួយ​មិន​បើក​ទ្វារ​សម្រាប់​អ្នក អ្នក​អាច​មាន​ផ្លូវ​ផ្សេង​ទៀត បើ​វា​នៅ​តែ​មិន​បើក​សម្រាប់​អ្នក​ទៀត ដូច្នេះ​អ្នក​ត្រូវ​បង្កើត​ផ្លូវ​ដើរ​នោះ​ដោយ​ខ្លួនឯង។ អ្នក​មិន​ចាំបាច់​ទៅ​តាម​លំដាប់លំដោយ​នៃ​ផែនការ​ដែល​អ្នក​បាន​គ្រោងទុក​នោះ​ទេ។ ការ​គិត​ក្រៅប្រអប់ ឬ​ជា​ការ​គិត​បែប​ច្នៃប្រឌិត គឺជា​គំនិត​ផ្ដួចផ្ដើម​ដែល​អ្នក​បង្កើត​ឡើង និង​ជា​គោលការណ៍​ប្រចាំ​ជីវិត​មួយ​ដែល​អ្នក​ត្រូវ​ប្រកាន់​យក ដើម្បី​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​ក្នុង​ជីវិត។ អ្នក​មិន​ត្រូវ​ធ្វើ​ជា​អ្នក​ដែល​រង​អំពើ ចាំ​តែ​ទទួល​បាន​ការ​បង្គាប់​ណែនាំ​ឲ្យ​ធ្វើ​បែប​នេះ បែប​នោះ និង​រង​អំពើ​ពី​ស្ថានការណ៍​ខាងក្រៅ​ ឬ​អ្នក​ដទៃ​ដែល​បាន​ជះ​ឥទ្ធិពល​មក​លើ​អ្នក ហើយ​អនុញ្ញាត​ឲ្យ​កត្តា​ខាងក្រៅ​ទាំងនោះ​កំណត់​ជោគវាសនា​មក​លើ​ជីវិត​អ្នក​នោះ​ទេ។ អត្ថន័យ​នៃ​ការ​មាន​ជីវិត​រស់រាន​របស់​ពួក​យើង​ម្នាក់ៗ​មក​នេះ គឺ​ដើម្បី​ធ្វើ​ជា​មនុស្ស​សកម្ម មាន​ការ​ទទួល​ខុស​ត្រូវ​លើ​ជីវិត​ខ្លួនឯង ក្រោកឈរ​ឡើង​ទៅ​កំណត់​ជោគវាសនា​ដែល​យើង​ចង់បាន មិនមែន​អង្គុយ​បន់ស្រន់​ឲ្យ​កត្តា​ខាងក្រៅ​ផ្លាស់ប្ដូរ ដើម្បីឲ្យ​អ្នក​ទទួល​បាន​នូវ​ជីវិត​ដែល​អ្នក​ចង់បាន​នោះ​ឡើយ។ បើ​អ្នក​រក​ឃើញ​ថា អ្នក​បាន​ជាប់​ឬស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ផ្នត់គំនិត​របស់​មនុស្ស​​អសកម្ម និង​អ្នក​រង​អំពើ ហើយ​បើ​អ្នក​ចង់​ផ្លាស់ប្ដូរ​ខ្លួនឯង​ឲ្យ​ក្លាយ​ជា​មនុស្ស​សកម្ម និង​អ្នក​ធ្វើ​អំពើ​វិញ ដូច្នេះ​អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​នឹង​ប្រកាន់​ខ្ជាប់​នូវ​ឧបនិស្ស័យ​ទាំងនេះ​ជា​គោល​ក្នុង​ខ្លួន​ជា​រៀង​រហូត​ទៅ៖ ១) ទទួលខុសត្រូវ​ទៅ​លើ​រាល់​បញ្ហា​ដែល​កើត​ឡើង​ក្នុង​ជីវិត​អ្នក៖ អ្នក​ត្រូវ​បណ្ដុះ​នូវ​ផ្នត់គំនិត​នៃ​ភាព​មាន​ទំនួល​ខុសត្រូវ​ទៅ​លើ​ជីវិត​ខ្លួនឯង ស្វែងរក​ដំណោះស្រាយ​ចំពោះ​រាល់​បញ្ហា​ដែល​កើត​មាន​ក្នុង​ជីវិត​អ្នក និង​ចេញ​មុខ​ដោះស្រាយ​វា​ដោយ​ខ្លួនឯង។ អ្នក​ប្រហែល​ជា​អាច​គិត​ថា ការ​រុញ​ចោល​ទំនួល​ខុសត្រូវ​ទាំងនោះ និង​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ដទៃ​ដែល​បាន​បង្ក​ឲ្យ​ជីវិត​អ្នក​ក្លាយ​ជា​បែបនេះ​ជា​ការ​ងាយស្រួល​ជាង ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា វា​មិនមែន​ជា​ផ្លូវ​ដែល​នឹង​នាំ​អ្នក​ទៅ​​កាន់​ជោគជ័យ​នោះ​ឡើយ។ ២) ផ្ដោត​ទៅ​លើ​អ្វី​ដែល​អ្នក​អាច​គ្រប់គ្រង​បាន មិនមែន​ជា​អ្វី​ដែល​អ្នក​មិន​អាច​គ្រប់គ្រង​បាន​នោះ​ឡើយ៖ មូលហេតុ​មួយ​ដែល​មនុស្ស​ភាគច្រើន​ទៅ​មិន​ដល់​គោលដៅ​របស់​ពួកគេ ព្រោះ​ពួកគេ​តែង​ផ្ដោត​ទៅ​លើ​ការ​ផ្លាស់ប្ដូរ​កត្តា​ខាងក្រៅ ជា​អ្វី​ដែល​ពួកគេ​មិន​អាច​គ្រប់គ្រង​បាន បន្ទាប់មក​ពួកគេ​ក៏​ទទួល​អារម្មណ៍​ខក​បំណង រួច​ក៏​មាន​ទំនោរ​ទៅ​រក​ការ​បោះបង់។ ផ្ទុយ​ទៅ​វិញ បើ​ពួកគេ​ងាក​មក​ផ្ដោត​ទៅ​លើ​ការ​ផ្លាស់ប្ដូរ​ខ្លួនឯង ជា​អ្វី​ដែល​ពួកគេ​អាច​គ្រប់គ្រង​បាន នោះ​ពួកគេ​នឹង​ពង្រីក​ឥទ្ធិពល​នៃ​ដំណោះស្រាយ​ចំពោះ​រាល់​បញ្ហា ហើយ​ចុងក្រោយ​ពួកគេ​នឹង​សម្រេច​វា​បាន​ជោគជ័យ៕ ប្រភព៖ lifehack
X
5s