ហេតុអ្វីត្រូវផ្ដោតលើចំណុចខ្លាំង(Strength) របស់ខ្លួនឯង ?
តាមការលើកបង្ហាញរបស់ Harvard Business Review នៅពេលមនុស្សម្នាក់ៗផ្ដោតលើចំណុចខ្លាំងរបស់ខ្លួនឯង នោះពួកគេនឹងទទួលបាននូវអារម្មណ៍សោមនស្សរីករាយទៅនឹងជីវិតរស់នៅរបស់ពួកគេ ព្រមទាំងមានភាពជឿជាក់ទៅលើភាពសុទិដ្ឋនិយមនៃអ្វីៗវិជ្ជមានដែលអាចកើតឡើង។ ការណ៍ដែលអ្នកផ្ដោតទៅលើចំណុចខ្លាំងរបស់ខ្លួនឯង វានឹងតបស្នងមកអ្នកវិញនូវចិត្តគំនិតល្អៗនិងភាពជឿជាក់ដែលអ្នកមានចំពោះខ្លួនឯងសម្រាប់ដោះស្រាយបញ្ហាផ្សេងៗក្នុងជីវិត។
អ្វីក៏ដោយដែលអ្នកផ្ដោតខ្លាំងទៅលើវា អ្វីទាំងនោះនឹងមានឥទ្ធិពលលើរបៀបដែលអ្នករស់នៅនិងប្រើប្រាស់ជីវិតរបស់ខ្លួនឯង សុភមង្គល ភាពជោគជ័យ និងការយល់ឃើញរបស់អ្នកមកលើខ្លួនឯង។ ដូច្នេះបើសិនជាអ្នកផ្ដោតលើចំណុចខ្សោយរបស់ខ្លួនឯងហួសហេតុ នោះវានឹងធ្វើឲ្យអ្នកចេះតែមានអារម្មណ៍ថាខ្លួនឯងមិនមានសមត្ថភាពគ្រប់គ្រាន់ ហើយវានឹងក្លាយជារនាំងរាំងស្ទះដល់ការបញ្ចេញសក្ដានុពលនិងគំនិតច្នៃប្រឌិតរបស់អ្នកក្នុងការសម្រេចសមិទ្ធផលផ្សេងៗក្នុងជីវិត។ យ៉ាងណាមិញបើអ្នកគិតផ្ទុយពីនេះដោយផ្ដោតលើអ្វីដែលជាភាពខ្លាំងរបស់អ្នកឲ្យបានច្រើន នោះខួរក្បាលអ្នកនឹងមានថាមពលសម្រាប់បញ្ចេញនូវសក្ដានុពលពីក្នុងខ្លួនអ្នក ព្រមទាំងធ្វើឲ្យអ្នកមានចិត្តគំនិតទូលំទូលាយក្នុងការបើកចំហរៀនសូត្រជំនាញនិងចំណេះដឹងថ្មីៗទៀតផង។
ម្យ៉ាងទៀតនៅពេលអ្នកប្រើប្រាស់ចំណុចខ្លាំងរបស់អ្នកកាន់តែច្រើនដោយការហាត់ពត់លត់ដំ នោះវានឹងបង្កើនសមត្ថភាពរបស់វាកាន់តែខ្លាំងដែលជំរុញអ្នកឲ្យទទួលបានភាពជោគជ័យ សកម្មភាពខួរក្បាលរបស់អ្នកនឹងកើនឡើងជាងមុនដែលបណ្ដាលឲ្យអ្នកមានកម្លាំងជំរុញចិត្តខ្លាំងក្លា ការឲ្យតម្លៃលើខ្លួនឯង និងមានសេចក្ដីសុខ ។ អ្នកត្រូវចាំថាមនុស្សម្នាក់ៗមានចំណុចខ្លាំងពិសេសរៀងៗខ្លួន ដូច្នេះបើសិនជាអ្នកមិនទាន់ស្វែងរកភាពខ្លាំងរបស់ខ្លួនឃើញទេនោះ អ្នកអាចធ្វើការសាកសួរក្រុមគ្រួសារនិងមិត្តភក្តិរបស់អ្នក ឬសង្កេតពីវាដោយខ្លួនអ្នកផ្ទាល់ថាតើអ្វីទៅដែលអ្នកពេញចិត្តនឹងធ្វើវា រហូតទាល់តែអ្នកភ្លេចពីអ្វីៗផ្សេងហើយប៉ងចង់ឲ្យតែបានធ្វើវារហូតដែរទេ ?
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ Pickthebrain