ហេតុអ្វីភាពបរាជ័យគឺជាធាតុផ្សំដែលអ្នកមិនអាចខ្វះបាន​ ដើម្បីភាពជោគជ័យក្នុង​ជីវិត ?​



អ្នក​ច្នៃប្រឌិត​បង្កើត​អំពូល​ភ្លើង លោក ថូម៉ាស់ អេឌីសាន់ ធ្លាប់​និយាយ​ថា៖ "ខ្ញុំ​មិន​បាន​បរាជ័យ​នោះ​ទេ តែ​គ្រាន់តែ​ខ្ញុំ​បាន​រក​ឃើញ​នូវ​វិធី​១​ម៉ឺន​ដង​ដែល​ប្រើ​ការ​មិន​កើត​តែ​ប៉ុណ្ណោះ"។ សំណាង​មិន​មែន​ធ្លាក់​មក​ពី​លើ​មេឃ​នោះ​ទេ។ បើ​ទោះ​ជា​ភាព​ចៃដន្យ​នៃ​សំណាង​អាច​កើត​មាន​ក៏​ពិត​មែន ប៉ុន្តែ​វា​ក៏​មិន​មែន​ចេះ​តែ​មាន​រហូត​នោះ​ដែរ។ ហេតុនេះ​ហើយ​អ្នក​មិន​អាច​ដេក​រង់ចាំ​ឲ្យ​សំណាង​ធ្លាក់​ពី​លើ​មេឃ​ដោយ​មិន​បាន​ប្រឹងប្រែង​ធ្វើ​អ្វី​សោះ​ចេញ​ពី​កម្លាំង​ញើស​ឈាម​របស់​ខ្លួន​នោះ​ឡើយ។ មាន​តែ​បុគ្គល​ដែល​ខិតខំ​ប្រឹងប្រែង​ប៉ុណ្ណោះ​ទើប​ចុង​ក្រោយ​អាច​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ភាព​ជោគជ័យ​បាន។ ខណៈ​ពេល​នេះ អ្នក​អាច​នឹង​មិន​បាន​សម្រេច​នូវ​គោលដៅ​របស់​អ្នក ប៉ុន្តែ​ចូរ​កុំ​ឲ្យ​ខ្លួនឯង​បរាជ័យ​នៅ​ក្នុង​ការ​រៀន​សូត្រ​បាន​អ្វី​ម្យ៉ាង​ពី​បទពិសោធន៍​នីមួយៗ​ឲ្យ​សោះ។

បើ​អ្នក​មិន​មាន​សេចក្ដី​ក្លាហាន​នៅ​ក្នុង​ការ​ចេញ​ទៅ​តស៊ូ​ទាមទារ​យក​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​ទេ នោះ​អ្នក​នឹង​មិន​អាច​មាន​វា​អស់​មួយ​ជីវិត។ ភាព​ភ័យខ្លាច​ការ​បរាជ័យ ភ័យខ្លាច​កំហុស​ឆ្គង និង​ការ​ប្រកាន់​យក​ភាព​ល្អឥតខ្ចោះ​និយម​ហួសហេតុ​ពេក តែងតែ​ជា​ការ​គិត​ដែល​នាំ​អ្នក​ទៅ​រក​ភាព​អន់ថយ និង​មិន​លូតលាស់​រីកចម្រើន ក៏​ព្រោះ​តែ​អ្នក​ជាប់​គាំង​មួយ​កន្លែង​មិន​ហ៊ាន​ក្រោកឈរ​ឡើង​ចេញ​ពី​តំបន់​សុវត្ថិភាព​របស់​ខ្លួន ដើម្បី​ទាមទារ​រក​អ្វី​ដែល​ខ្លួនឯង​ចង់​បាន​យ៉ាង​ពិត​ប្រាកដ។ ស្ថាបនិក​បង្កើត Facebook លោក Mark Zuckerberg ធ្លាប់​និយាយ​ថា៖ "មនុស្ស​ម្នាក់ៗ​គួរតែ​មាន​សេរីភាព​គ្រប់គ្រាន់​សម្រាប់​ការ​បរាជ័យ"។

ដូច​អ្វី​ដែល​លោក​អេឌីសាន់​បាន​លើកឡើង​ដូច្នោះ នៅ​ពេល​ដែល​អ្នក​សាង​កំហុស​ខុស​ឆ្គង​ច្រើន នោះ​អ្នក​នឹង​ទទួល​បាន​បទពិសោធន៍​ច្រើន ដែល​អាច​ឲ្យ​អ្នក​រៀន​សូត្រ​ដឹង​បាន​ថា​តើ​ផ្លូវ​ដើរ​ណា​អាច​ចម្លង​អ្នក​ទៅ​ដល់​គោលដៅ​បាន ឯ​ផ្លូវ​ដើរ​ណា​ដែល​អ្នក​គួរ​ចៀសវាង​ក៏​ព្រោះ​តែ​អ្នក​ធ្លាប់​មាន​បទពិសោធន៍​ហើយ​ថា​វា​នឹង​មិន​អាច​ប្រើ​ការ​បាន​ប្រយោជន៍​នៅ​ក្នុង​ស្ថានការណ៍​ជាក់លាក់​ណាមួយ​នោះ​ឡើយ។ បើ​កាល​ណា​អ្នក​មាន​បទពិសោធន៍​ច្រើន ធ្លាប់​សាង​កំហុស​បរាជ័យ​ច្រើន នោះ​អ្នក​នឹង​មាន​វិធី​ច្រើន​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ខណៈ​ពេល​ដែល​មនុស្ស​ដទៃ​ទៀត​ដែល​ស្វែងរក​តែ​ភាព​ល្អឥតខ្ចោះ និង​ចាំ​តែ​រិះគន់​ចំអក​ឲ្យ​អ្នក ពួកគេ​នឹង​ជាប់​គាំង​មួយ​កន្លែង​ទៅ​នឹង​វិធី​ដោះស្រាយ​បញ្ហា​ដដែលៗ ដែល​ពួកគេ​រំពឹង​ទុក​ថា​នឹង​នាំ​ទៅ​រក​ភាព​ជោគជ័យ។ បើ​អ្នក​ចង់​បាន​អ្វី​មួយ​ហើយ នោះ​អ្នក​មិន​គួរ​បោះបង់​វា​ចោល​នោះ​ទេ។ ប៉ុន្តែ​មនុស្ស​ឈ្លាសវៃ​នឹង​ដឹង​ថា​ពេល​ណា​គួរ​បោះបង់ ហើយ​ពេល​ណា​ដែល​គួរតែ​ប្រឹងប្រែង​បន្ត​ទៀត។ អ្នក​ក៏​ត្រូវ​ចាំ​ឃ្លា​មួយ​របស់ Shree Krishna ដែរ​ថា៖ "បើ​អ្នក​បរាជ័យ​នៅ​ក្នុង​ការ​សម្រេច​នូវ​គោលដៅ​របស់​អ្នក ចូរ​អ្នក​ផ្លាស់ប្ដូរ​ចេញ​នូវ​យុទ្ធសាស្ត្រ​ដែល​អ្នក​បាន​ប្រើប្រាស់ តែ​កុំ​ផ្លាស់ប្ដូរ​គោលដៅ​របស់​អ្នក​ឲ្យ​សោះ"៕

ដោយ៖ ស្រីពៅ

X
5s