តិចនិក​​ដ៏​​មាន​ប្រសិទ្ធភាព​ទាំង​៥​យ៉ាង​ដែល​អ្នក​គួរ​ប្រើ​ប្រាស់​ជា​មួយ​មនុស្ស​ពិបាក​ៗ​



​​​​ក្នុង​ជីវិត វា​ជា​រឿង​ដែល​ជៀស​មិន​ផុត​នោះ​ទេ​ដែល​អ្នក​ត្រូវ​ដោះ​ស្រាយ​ជា​មួយ​​មនុស្ស​ពិបាក​ៗ។ ​មិន​ថា​​ក្នុង​​​សាលា ការងារ គ្រួសារ​ឬ​​សង្គម​នោះ​ទេ មនុស្ស​ដែល​ពិបាក​និយាយ​គ្នា​ឬ​មិន​និយាយ​ហេតុផល​​មាន​​គ្រប់​ទី​កន្លែង​​ហ្នឹង។ ហើយ​​មនុស្ស​​ប្រភេទ​នេះ​ធ្វើ​ឲ្យ​អ្នក​តឹង​ចិត្ត មួម៉ៅ​​ ក្ដៅ​ក្រហាយ។ ​យ៉ាង​ណា​មិញ Bizkhmer សូម​ណែនាំ​តិចនិក​​ដ៏​​មាន​ប្រសិទ្ធភាព​ទាំង​៥​យ៉ាង​ដែល​អ្នក​អាច​ប្រើ​ប្រាស់​ជា​មួយ​មនុស្ស​ពិបាក​ៗ​បាន៖

១) ស្ដាប់៖ ការ​ស្ដាប់​​គឺ​ជា​ជំហាន​ទី​​មួយ​ដែល​អ្នក​អាច​ដោះ​ស្រាយ​ជា​មួយ​មនុស្ស​​​ដែល​មិន​និយាយ​ហេតុផល​បាន​ព្រោះ​​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​ចង់​ឲ្យ​អ្នក​ដទៃ​ស្ដាប់​នូវ​សម្ដី​របស់​ខ្លួន។ អ៊ីចឹង​ហើយ ប្រសិន​ជា​អ្នក​មិន​បាន​ស្តាប់​ទៀត ស្ថាន​ភាព​នឹង​កាន់​តែ​អាក្រក់ កាន់​តែ​មាន​ភាព​តានតឹង​ជា​ដើម។ ដូច្នេះហើយ​ប្រសិន​ចង់​ដោះស្រាយ​​ដោយ​សន្តិវិធី ចូរ​អ្នក​ស្ដាប់​ជា​មុន​សិន​។

២) គ្រប់​គ្រង​អារម្មណ៍​របស់​អ្នក៖ នៅ​ពេល​ដែល​​អ្នក​​ជួប​​ជា​មួយ​មនុស្ស​មិន​និយាយ​ហេតុផល អ្នក​ទាំង​ពីរ​ពិបាក​យល់​គ្នា​ណាស់​ហើយ​ងាយ​ស្រួល​​​ឈ្លោះ​ប្រកែក​គ្នា​ទៀត​​ផង។​ នៅ​ពេល​ដែល​ស្ថាន​ភាព​អាក្រក់​ចង់​កើត​ឡើង អ្នក​ត្រូវ​ចេះ​ទប់​កំហឹង​របស់​អ្នក​ឲ្យ​​ជាប់​ហើយ​ដើរ​ចេញ​សិន ចាំ​ស្ថានភាព​ធូរស្រាល​បន្តិច ចាំ​និយាយ​គ្នា​បន្ត​ទៀត។​

៣) កុំ​វាយ​តម្លៃ​៖ ជា​ការ​ពិត​ណាស់ មនុស្ស​គ្រប់​រូប​​សុទ្ធ​តែ​មាន​ពេលវេលា​មួយ​ដែល​ពិបាក​ចិត្ត ស្ត្រេស​​ឬ​កើត​ទុក្ខ​ជា​ដើម។ ហើយ​អារម្មណ៍​ទាំង​នេះ​ធ្វើ​ឲ្យ​ពួក​គេ​​​មាន​អារម្មណ៍​អាក្រក់​ហើយ​អាច​និយាយ​ស្តី​ដោយ​គ្មាន​ហេតុផល​ជា​ដើម។ ដូច្នេះ​ហើយ ប្រសិន​អ្នក​ជួប​មនុស្ស​បែប​នេះ ពេល​ខ្លះ​វា​​អាច​ជា​ការ​ល្អ​ប្រសិន​អ្នក​អាច​​ថយ​មួយ​ជំហាន​សិន​ហើយ​​ចាំ​និយាយ​គ្នា​ពេល​ក្រោយ។ យើង​ទាំង​គ្នា​សុទ្ធ​តែ​មាន​ថ្ងៃ​អាក្រក់។

៤) ​រក្សា​កិត្តិយស​របស់​អ្នក​៖ មិន​ថា​អ្នក​ដទៃ​មិន​និយាយ​​ហេតុផល ជះ​កំហឹង​មក​លើ​អ្នក​យ៉ាង​ណា​នោះ​ទេ ប្រសិន​អ្នក​ធ្វើ​​ដូច​គ្នា​​ទៅ​វិញ នោះ​អ្នក​ក៏​មិន​ខុស​ពី​មនុស្ស​ពិបាក​​ដែរ​។ ​កុំ​បណ្ដាល​ឲ្យ​អត្តចរិត​អាក្រក់​របស់​អ្នក​ដទៃ​មក​កែ​ប្រែ​អត្តចរិត​ល្អ​​របស់​អ្នក​ឲ្យ​សោះ។

៥) ​​ការ​ចុះចាញ់​គឺ​ជា​ការ​ឈ្នះ៖ អ្នក​ពុំ​ចាំ​បាច់​ប្រកែក​គ្នា​​ដើម្បី​យក​​​ឈ្នះ​​នោះ​ទេ​ប្រសិន​វា​​​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​កាន់​តែ​មើល​មុខ​គ្នា​មិន​ចំ។​ វា​​ពិត​ជា​លំ​បាក​​ដែល​អ្នក​មិន​តបត​ហើយ​ឲ្យ​អ្នក​ដទៃ​ឈ្នះ​ ​​ប៉ុន្តែ​វា​ជួយ​​ឲ្យ​អារម្មណ៍​ផ្លូវ​ចិត្ត​អ្នក​​មិន​ក្ដៅ​ក្រហាយ​​ហើយ​អ្នក​ក៏​​មិន​ខាតបង់​អ្វី​​ដែរ​ប្រសិន​អ្នក​ឲ្យ​អ្នក​ដទៃ​ឈ្នះ​នោះ៕

ប្រែ​សម្រួល៖ អឺុង មុយយូ ប្រភព​៖ Psychology Today

X
5s