ហេតុអ្វីមូលដ្ឋានគ្រឹះរបស់ចំណេះដឹងមានសារសំខាន់បំផុត ?
ចំណេះដឹងប្រៀបបាននឹងផ្ទាំងទឹកកក១ផ្ទាំងនៅកណ្ដាលមហាសមុទ្រដ៏ធំល្វឹងល្វើយ។ អ្នកបើកបរកប៉ាល់នឹងមើលស្រាលពីជម្រៅដែលផ្ទាំងទឹកកក១ផ្ទាំងនេះបានបង្កប់ជ្រៅនៅក្នុងជម្រៅមហាសមុទ្រ ហើយក៏បើកបុកទម្លុះផ្ទាំងទឹកកក តែជាអកុសលកប៉ាល់របស់គាត់ត្រូវលិច ដោយសារតែផ្ទាំងទឹកកកដែលគាត់បានបុកនោះ គឺជាដុំទឹកកកដ៏ធំមួយដែលបានកប់ចូលទៅយ៉ាងជ្រៅនៅក្នុងមហាសមុទ្រ។
ជម្រៅរបស់ផ្ទាំងទឹកកកនេះ ប្រៀបបាននឹងបង្គោលមូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់ចំណេះដឹងទាំងឡាយ។ នៅពេលដែលអ្នកយល់ដឹងពីភាពស៊ីជម្រៅនៃបង្គោលមូលដ្ឋានគ្រឹះនូវរាល់អ្វីៗដែលអ្នកបានរៀនសូត្រ ហើយនៅពេលអ្នកងើបចេញពីជម្រៅមហាសមុទ្រ ដើម្បីត្រឡប់មកមើលរូបភាពធំវិញ នោះអ្នកនឹងសម្គាល់ឃើញថាអ្វីៗមានទំនាក់ទំនងជាមួយនឹងអ្វីៗដទៃទៀត បើទោះជានៅសម្បកក្រៅ ឬនៅស្រទាប់សើៗផ្ទៃខាងលើរបស់ផ្ទាំងទឹកកក អ្វីៗទាំងនោះហាក់ដូចជាគ្មានទំនាក់ទំនងនឹងគ្នាអ្វីបន្តិចសោះក៏ដោយ។ វាប្រៀបដូចជាមែកធាងរបស់ដើមឈើជាច្រើនស្អេកស្កះដែលបែកចេញពីឫសគល់របស់ដើមតែមួយជាមួយគ្នានេះឯង។
សម្ដេចសង្ឃ ដាឡៃ ឡាម៉ា មានពុទ្ធដីកាថា៖ "បើអ្នកយល់ដឹងពីក្បួនច្បាប់របស់អ្វីមួយបានច្បាស់លាស់ នោះអ្នកនឹងអាចបំបែកវាបានដោយឈ្លាសវៃមិនខាន"។ ការអានសៀវភៅច្រើនគឺជាវិធីដ៏ល្អបំផុតមួយ ដែលអាចឲ្យអ្នកបង្កើនចំណេះដឹងរបស់អ្នកបាន។ យ៉ាងណាមិញ អ្វីដែលសំខាន់ពិតប្រាកដមិនស្ថិតនៅត្រង់ថាតើអ្នកបានអានសៀវភៅប៉ុន្មានក្បាលក្នុង១ថ្ងៃៗនោះទេ។ អ្វីដែលសំខាន់គឺនៅត្រង់ថាតើរបៀបដែលអ្នកអានសៀវភៅទាំងនោះ មានរបៀបយ៉ាងដូចម្ដេច ? ពោលគឺថាតើអ្នកប្រើប្រាស់ខួរក្បាលរបស់អ្នកយ៉ាងដូចម្ដេចនៅពេលទទួលយកចំណេះដឹងទាំងនោះ ? បើខួរក្បាលរបស់អ្នកខ្លាំងក្លាអស្ចារ្យដូចខួរក្បាលរបស់ម៉ាស៊ីន ដែលអាចឲ្យអ្នកទទួលយកទិន្នន័យច្រើនស្ទើរតែឥតមានដែនកំណត់ នោះអ្នកនឹងកា្លយជាGoogle ដែលដឹងសព្វបែបយ៉ាងទាំងអស់អំពីរឿងរ៉ាវនៅក្នុងលោកនេះហើយ។
ថ្វីត្បិតតែខួរក្បាលរបស់ម៉ាស៊ីន អាចដឹងអ្វីៗសព្វយ៉ាងទាំងអស់ក៏ពិតមែន ប៉ុន្តែទិន្នន័យដែលវាបានបញ្ចូលមកទាំងប៉ុន្មាន គ្រាន់តែជាទិន្នន័យជាច្រើនស្អេកស្កះពាសពេញតែខួរក្បាលរបស់វាតែប៉ុណ្ណោះ។ វាមិនមានសមត្ថភាពក្នុងការវិភាគស្វែងយល់ស៊ីជម្រៅអំពីបង្គោលមូលដ្ឋានគ្រឹះដែលបង្កប់នៅក្នុងរាល់ចំណេះដឹងដែលវាបានទទួលបញ្ចូលមកនោះឡើយ ហើយវាក៏មិនដឹងថាតើត្រូវបំបែកក្បួនច្បាប់ដែលមាននៅក្នុងចំណេះដឹងអស់ទាំងនោះ ដើម្បីយកវាទៅប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហានៅក្នុងស្ថានភាពបត់បែនជាក់ស្ដែងរបស់ជីវិតតាមរបៀបណា និងយ៉ាងដូចម្ដេចនោះដែរ។ ប្រៀបដូចជាការសង់អាគារដូចគ្នាដែរ បើសិនអ្នកជាអ្នកសាងសង់មិនអត់ធ្មត់ប្រឹងប្រែងនិងចំណាយពេលច្រើនដើម្បីបុកគ្រឹះរបស់អាគារឲ្យរឹងមាំទេ នោះនៅពេលមានព្យុះកំណាចបោកបក់ ឬជារញ្ជួយដីកើតឡើងជាយថាហេតុ នោះអាគាររបស់អ្នកប្រាកដជាដួលរលំដោយឥតសង្ស័យនោះឡើយ៕
ដោយ៖ ស្រីពៅ