ហេតុអ្វីបានជាGoogleមិនយកចិត្តទុកដាក់នឹងការជួលបុគ្គលិកដែលមានការរៀនសូត្រខ្ពង់ខ្ពស់ ?
ក្រុមហ៊ុនGoogleបានចំណាយពេលជាច្រើនឆ្នាំ ក្នុងការវិភាគពីមនុស្សបែបណាដែលទទួលបានភាពជោគជ័យនៅក្នុងក្រុមហ៊ុន ហើយវាជាអ្វីដែលមិនជាប់ទាក់ទងនឹងពិន្ទុGPA កេរ្តិ៍ឈ្មោះសាលា និងកម្រិតIQរបស់បុគ្គលនោះឡើយ។ ចម្លើយទទួលបានពីលោក Laszlo Bock ជានាយកគ្រប់គ្រងធនធានមនុស្ស អំពីតម្លៃពិតប្រាកដដែលក្រុមហ៊ុនស្វែងរកក្នុងបុគ្គលិកម្នាក់ៗ ជាការភ្ញាក់ផ្អើលណាស់ដែលវាមិនមែនជាCV ឬសញ្ញាប័ត្រដែលបញ្ជាក់ពីសមត្ថភាពរបស់ពួកគេឡើយ។
ក្រុមហ៊ុនGoogleសម្លឹងមើលគុណសម្បត្តិរបស់បុគ្គលិកណាដែលសុខចិត្តថយក្រោយមួយជំហាន ដើម្បីស្ដាប់ និងឲ្យតម្លៃទៅលើគំនិតដែលយល់ឃើញពីជ្រុងផ្សេងៗគ្នារបស់អ្នកដទៃ បើទោះជាខ្លួនមានភាពវៃឆ្លាតជាងអ្នកទាំងនោះក៏ដោយ។ លោក Bock និយាយថា "បើគ្មានការដាក់ខ្លួនទេ នោះយើងនឹងមិនអាចរៀនសូត្រអ្វីឡើយ។ មនុស្សដែលធ្លាប់តែជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងសាលា នឹងមិនដឹងថាត្រូវរៀនពីភាពបរាជ័យទាំងនោះតាមរបៀបណានោះទេ"។
លោក Bock ក៏បានលើកឡើងថា "នៅពេលយើងមើលឃើញបុគ្គលដែលមិនទទួលបានការសិក្សាត្រឹមត្រូវ តែនៅតែអាចសាងភាពជោគជ័យនៅក្នុងជីវិតពួកគេបាន គឺអ្នកទាំងនោះហើយ ដែលជាមនុស្សកម្រដ៏ពិសេសអស្ចារ្យប្លែកពីគេ។ ហើយពួកយើងគួរតែធ្វើនូវអ្វីគ្រប់យ៉ាង ដើម្បីស្វែងរកមនុស្សទាំងនោះមកធ្វើការឲ្យពួកយើង"។ ភាពជោគជ័យក្នុងការសិក្សា មិនមែនសុទ្ធតែជាសញ្ញាចង្អុលបង្ហាញថាពួកគេនឹងអាចធ្វើការបានល្អនោះទេ។
លោក Bock ក៏បានប្រៀបប្រដូចការសិក្សាក្នុងសាលាទៅនឹងមជ្ឈដ្ឋានសិប្បនិម្មិតមួយ សម្រាប់កំណត់នូវបែបបទនៃការគិតតែមួយប្រភេទ។ ក្រុមហ៊ុនGoogleធ្វើការសម្ភាសបុគ្គលិកដោយផ្អែកទៅលើឥរិយាបថ ដែលផ្ដល់ភាពសំខាន់លើវិធីដែលបុគ្គលិកទាំងនោះឆ្លើយតបទៅនឹងស្ថានការណ៍លំបាកទាំងឡាយកាលពីអតីតកាល។ មិនតែប៉ុណ្ណោះ មនុស្សប្រភេទនេះថែមទាំងអាចជួយក្រុមហ៊ុនឲ្យរកបាននូវមនុស្សដែលស័ក្ដិសមបំផុតសម្រាប់អត្ថន័យនៃភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន។
ម្យ៉ាងទៀត វាមិនមែនស្ថិតនៅត្រង់សមត្ថភាពដឹកនាំក្រុមក្នុងសាលាអ្វីនោះទេ តែអ្វីដែលសំខាន់ គឺជាសមត្ថភាពក្នុងការក្រោកឡើងមក ហើយដឹកនាំមនុស្សក្នុងក្រុមនៅពេលមានការចាំបាច់ទៅវិញទេ៕
ប្រភព៖ quartz