ការពិត៥យ៉ាង ដែលបង្ហាញថាប្រទេសហូឡង់នឹងក្លាយជាប្រទេសដ៏ល្អជាងគេនៅថ្ងៃអនាគត​



ប្រទេសហូឡង់តែងទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ទៅលើចក្ខុវិស័យដ៏មានមហិច្ឆតារបស់ខ្លួន ដែលបំផុសឲ្យមានការសរសើរ​ស្ញប់ស្ញែង និងការចាប់អារម្មណ៍ពីមនុស្សជុំវិញពិភពលោក។ ខាងក្រោមនេះគឺជាចំណុច៥យ៉ាង ដែលបង្ហាញពីភាពអស្ចារ្យរបស់ប្រទេសហូឡង់៖

១) ប្រទេសហូឡង់ជាប្រទេសទីមួយដែលមានផ្លូវសម្រាប់កង់ដែលដើរដោយថាមពលពន្លឺព្រះអាទិត្យ៖ ពួកគេបានសម្រេចនូវ​គម្រោង​មួយដែលមានឈ្មោះថា “SolarRoad” ដែលមានការសហការគ្នាពីរដ្ឋាភិបាល ផ្នែកឯកជន និងសាកលវិទ្យាល័យ។ ផ្លូវដំបូងដែលបានដាក់ដំណើរការ គឺនៅឆ្នាំ២០១៥ និងមានប្រវែង១០០ម៉ែត្រ។ រីឯគំនិតសំខាន់អំពីគម្រោងនេះ គឺជាការទាញយកថាមពលពន្លឺព្រះអាទិត្យសម្រាប់ប្រើប្រាស់បំភ្លឺផ្លូវ និងសាក​យានយន្ត​អគ្គិសនីទាំងឡាយ។

២) ទីតាំងសាករថយន្ដអគ្គិសនីនីមួយៗនៅចន្លោះប្រវែង៥០ម៉ែត្រពីគ្នា៖ ចំណុចខ្លាំងមួយទៀតរបស់ប្រទេសនេះ គឺជាប្រព័ន្ធធ្វើដំណើរដែលប្រកបដោយ​និរន្តរភាព​របស់ពួកគេ។ ដោយសារមានទិសដៅទៅលើការបញ្ឈប់ប្រើប្រាស់យានយន្ដប្រើសាំង និងប្រេងម៉ាស៊ូត ម្ល៉ោះហើយទើបពួកគេបើកឲ្យដំណើរការនូវទីតាំងសម្រាប់សាករថយន្ដអគ្គិសនីជូនប្រជាជនពួកគេ។

៣) ប្រទេសហូឡង់មានទីក្រុងមួយដែលគ្មាននរណាម្នាក់ប្រើប្រាស់រថយន្ដសោះឡើយ៖ ទីក្រុងមួយក្នុងប្រទេសហូឡង់មានឈ្មោះថា Houten ត្រូវបានគេចាត់ទុកថាជាទីកន្លែងដែលមានសុវត្ថិភាពជាងគេនៅលើពិភពលោក។ នៅឆ្នាំ១៩៨០ ប្រជាជន៤,០០០នាក់នៃទីក្រុងនេះ បានធ្វើការសម្រេចចិត្តឲ្យមានការលើកទឹកចិត្តប្រជាជនគ្រប់គ្នាឲ្យប្រើប្រាស់កង់សម្រាប់ធ្វើដំណើរជាជាងរថយន្ដវិញ។ ក្រោយមកបន្ដិចម្ដងៗ ប្រជាជនទាំងអស់របស់ទីក្រុងនេះនាំគ្នាមានទម្លាប់ប្រើប្រាស់កង់សម្រាប់ធ្វើដំណើរវិញ។

៤) ទ្វារគុកនៅប្រទេសហូឡង់កំពុងបិទជាបន្ដបន្ទាប់ ដោយសារអ្នកជាប់ទោសមានតិចពេក៖ កន្លងទៅជាយូរមកហើយដែលរដ្ឋាភិបាលប្រទេសនេះ បានអនុវត្តយ៉ាង​ម៉ឺងម៉ាត់​ទៅលើការកាត់បន្ថយ​បទឧក្រិដ្ឋ​នៅក្នុងប្រទេស ហើយលទ្ធផលក៏ទទួលបានជោគជ័យ។ គុកចំនួន១៩កន្លែង ត្រូវបានបិទទ្វារចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ។ មួយវិញទៀត អត្រាអ្នកជាប់គុកគិតជាមធ្យមក្នុងប្រទេសហូឡង់មានត្រឹមតែ១៦៣នាក់ ក្នុងចំណោម១០០,០០០ នាក់ប៉ុណ្ណោះ ដែលអត្រានេះមានមិនដល់ពាក់កណ្ដាលនៃអត្រាជាប់ឃុំរបស់ប្រទេស​ប្រេស៊ីល​ផង។

៥) ប្រទេសហូឡង់បានបង្កើតផ្លូវសម្រាប់សត្វព្រៃដើរឆ្លងកាត់៖ កិច្ចការដ៏សំខាន់មួយទៀតរបស់រដ្ឋាភិបាលប្រទេសនេះ គឺជាការការពារជីវិតសត្វព្រៃ។ ហេតុនេះហើយ ទើបបានជាផ្លូវឆ្លងកាត់មួយចំនួនត្រូវបានបង្កើតឡើងសម្រាប់ឲ្យសត្វព្រៃទាំងនោះឆ្លងកាត់ពីព្រៃមួយទៅព្រៃមួយទៀតដោយមានសុវត្ថិភាព៕

ប្រភព៖ brightside ប្រែសម្រួល៖ ស្រីពៅ

X
5s