ស្វែងយល់អំពីករណីយកិច្ចសំខាន់ៗរបស់សហកម្មសិទ្ធិករទូទៅនៃក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ
ជាការពិតណាស់ ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅគឺជាក្រុមហ៊ុនដែលកើតឡើងពីកិច្ចសន្យារវាងបុគ្គលពីរ ឬ ច្រើនដោយសន្យាដាក់រួមគ្នានូវភាគទុនជាទ្រព្យសម្បត្តិ ចំណេះដឹង ឬសកម្មភាពដើម្បីប្រកបពាណិជ្ជកិច្ចក្នុងគោល ដៅរកប្រាក់ចំណេញ។ ដូច្នេះហើយ នៅពេលដែលក្រុមហ៊ុនសហកម្មសិទ្ធិទូទៅត្រូវបានបង្កើតឡើង ភាគីទាំងឡាយ នៃកិច្ចសន្យាបង្កើតនោះ ត្រូវជាប់កាតព្វកិច្ចចំពោះក្រុមហ៊ុន ចាប់ពេលដែលកិច្ចសន្យានោះត្រូវបានធ្វើឡើងចប់សព្វ គ្រប់។ ប៉ុន្តែប្រសិនបើកិច្ចសន្យានោះចែងផ្សេងអំពីពេលដែលត្រូវជាប់កាតព្វកិច្ច នោះភាគីត្រូវអនុវត្តតាមការចែង នោះ។ ខាងក្រោមនេះគឺជាករណីយកិច្ចសំខាន់ៗមួយចំនួនដែលសហកម្មសិទ្ធិករទូទៅម្នាក់ៗត្រូវបំពេញ៖
១) ករណីយកិច្ចពាក់ព័ន្ធនឹងការបើកក្រុមហ៊ុន សហកម្មសិទ្ធិករទូទៅម្នាក់ៗ ត្រូវទទួលខុសត្រូវចំពោះការចុះបញ្ជីពាណិជ្ជកម្ម ការតម្កល់ទុកឯកសារ និង ការចុះ ផ្សាយដែលតម្រូវសម្រាប់ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ។
២) ករណីយកិច្ចក្នុងការបង់ភាគទុន សហកម្មសិទ្ធិករទូទៅម្នាក់ៗ មានកាតព្វកិច្ចបង់ភាគទុនចូលទៅក្នុងក្រុមហ៊ុនតាមការសន្យារបស់ខ្លួន។ ភាគទុន អាចជា សាច់ប្រាក់ វត្ថុ ឬ សេវាពីមុនដែលបានផ្តល់រួចមកហើយយ៉ាងពិតប្រាកដ ឬជាការសន្យាថានឹងផ្តល់នូវសេវា នាពេលអនាគត។ ប្រសិនបើសហកម្មសិទ្ធិករទូទៅ បានទទួលយល់ព្រមដាក់ភាគទុនជាទ្រព្យសម្បតិ្ត សហកម្មសិទ្ធិករទូទៅនោះ ត្រូវធ្វើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិដែលខ្លួនមានលើទ្រព្យនោះ ទៅដាក់ជាទ្រព្យរបស់ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ។ ប្រសិនបើសហកម្មសិទ្ធិករទូទៅ បានទទួលយល់ព្រមដាក់ភាគទុនជា ចំណេះដឹង សេវា ឬ សកម្មភាព សហកម្មសិទ្ធិករទូទៅនោះត្រូវជាប់កាតព្វកិច្ចរហូត ដរាបណាបុគ្គលនោះនៅតែជាសហកម្មសិទ្ធិករទូទៅ។ សហកម្មសិទ្ធិករទូទៅម្នាក់ៗ គឺជាកូនបំណុលនៃក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ចំពោះរាល់អ្វីៗដែល ខ្លួនបានសន្យា ចូលរួមទៅក្នុងក្រុមហ៊ុន។
៣) ករណីយកិច្ចរួមចំណែកការខាតបង់របស់ក្រុមហ៊ុន សហកម្មសិទ្ធិករទូទៅម្នាក់ៗ ត្រូវរួមចំណែកការខាតបង់របស់ក្រុមហ៊ុន។
៤) ករណីយកិច្ចចំពោះរាល់ផលកម្រៃ និង ប្រាក់ចំណេញ សហកម្មសិទ្ធិករទូទៅម្នាក់ៗ ត្រូវទទួលខុសត្រូវចំពោះក្រុមហ៊ុននូវរាល់ផលកម្រៃ និងប្រាក់ចំណេញទាំងឡាយ ដែលសហកម្មសិទ្ធិករទូទៅនោះ បានមកពីការធ្វើអាជីវកម្មណាមួយនៅក្នុងពាណិជ្ជកិច្ច ឬ ពីការប្រើប្រាស់ទ្រព្យ សម្បត្តិរបស់ក្រុមហ៊ុនដែលគ្មានការយល់ព្រមជាឯកច្ឆន្ទពីសហកម្មសិទ្ធិទូទៅផ្សេងទៀត។ សហកម្មសិទ្ធិករទូទៅ ទាំងឡាយ មិនអាចបដិសេធកាតព្វកិច្ចនេះបានឡើយ។
៥) ករណីយកិច្ចចំពោះការខូតខាតដោយសារកំហុសឆ្គង សហកម្មសិទ្ធិករទូទៅម្នាក់ៗ ត្រូវទទួលខុសត្រូវចំពោះក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ នូវរាល់ការខូចខាតដែលបង្ក ឡើងដោយកំហុសឆ្គងរបស់សហកម្មសិទ្ធិករទូទៅនោះ។
៦) ករណីយកិច្ចដែលកើតពីសកម្មភាពក្នុងនាមក្រុមហ៊ុន សកម្មភាពដែលបានអនុវត្តដោយសហកម្មសិទ្ធិករទូទៅម្នាក់ ដែលទាក់ទងទៅនឹងសកម្មភាពរួមរបស់ ក្រុមហ៊ុន ត្រូវជាប់កាតព្វកិច្ចទៅនឹងសហកម្មសិទ្ធិករទូទៅផ្សេងទៀត។ សហកម្មសិទ្ធិករទូទៅម្នាក់ៗ គឺជាភ្នាក់ងាររបស់ក្រុមហ៊ុនសហកម្មសិទ្ធិករទូទៅ នៅក្នុងទំនាក់ទំនងជាមួយតតិយ ជនដែលធ្វើពាណិជ្ជកិច្ចជាមួយគ្នាដោយស្មោះត្រង់ ហើយសហកម្មសិទ្ធិករទូទៅទាំង នោះត្រូវជាប់កាតព្វកិច្ចចំពោះ ក្រុមហ៊ុននូវរាល់អំពើដែលខ្លួនបានអនុវត្តក្នុងនាមក្រុមហ៊ុននោះ។ សហកម្មសិទ្ធិករទូទៅម្នាក់ដែលបានចុះកិច្ចសន្យាជាមួយតតិយជន ត្រូវជាប់កាតព្វកិច្ចទៅនឹងក្រុមហ៊ុនសហកម្ម សិទ្ធិទូទៅ នៅពេលណាដែលកាតព្វកិច្ចនោះស្ថិតក្នុរង្វង់អាជីវកម្មរបស់ក្រុមហ៊ុន ឬនៅពេលណាដែលកម្មវត្ថុនៃ កិច្ចសន្យានោះ ជាទ្រព្យសម្បតិ្តដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ។
៧) ករណីយកិច្ចក្នុងការទទួលខុសត្រូវចំពោះកាតព្វកិច្ចរបស់ក្រុមហ៊ុន សហកម្មសិទ្ធិករទូទៅទាំងអស់ ត្រូវទទួលខុសត្រូវរួមគ្នា និង ដាច់ដោយឡែកពីគ្នា នូវកាតព្វកិច្ចទាំងឡាយរបស់ ក្រុមហ៊ុននោះ។ តតិយជនត្រូវទាមទារការអនុវត្តកាតព្វកិច្ចបំណុល ឬទ្រព្យសម្បត្តិក្រុមហ៊ុនជាមុនសិន មុននឹង ទាមទារពីសហកម្មសិទ្ធិករទូទៅ។
៨) ករណីយកិច្ចរបស់សហកម្មសិទ្ធិករទូទៅថ្មីចំពោះបំណុលរបស់ក្រុមហ៊ុន បុគ្គលណាដែលចូលជាសហកម្មសិទ្ធិករទូទៅ នៅក្នុងក្រុមហ៊ុនសហកម្មសិទ្ធិទូទៅដែលកើតរួចហើយត្រូវទទួល ខុសត្រូវចំពោះបំណុលទាំងអស់ ដែលកើតឡើងដោយសារក្រុមហ៊ុន មុនពេលដែលបុគ្គលនោះចូលជាសហកម្ម សិទ្ធិករទូទៅដូចដែលខ្លួនជាសហកម្មសិទ្ធិករទូទៅនៅពេលដែលបំណុលនោះកើតឡើងដែរ។ ប៉ុន្តែបំណុលទាំង ឡាយណាដែលកើតឡើងមុនពេលបុគ្គលនោះចូលជាសហកម្ម សិទ្ធិករទូទៅបំណុលនោះអាចត្រូវបានចេញសង ដោយទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ ហើយមិនត្រូវបានចេញសងដោយទ្រព្យសម្បតិ្តផ្ទាល់ខ្លួនរបស់បុគ្គល នោះឡើយ លើកលែងតែបុគ្គលនោះមានការព្រមព្រៀងផ្សេងនៅក្នុងលិខិតជាលាយលក្ខណ៍អក្សរ៕
ដោយ៖ ប៉ុម ទូច