តើសំណួរអ្វីដែលអាចឲ្យអ្នកចាប់ផ្ដើមស្វែងយល់ពីខ្លួនឯងកាន់តែស៊ីជម្រៅបាន ?
មនុស្សម្នាក់ៗសុទ្ធតែមាននូវគោលដៅ ក្ដីស្រមៃដែលពួកគេចង់សម្រេចឲ្យបាននៅក្នុងជីវិតរបស់ពួកគេរៀងៗខ្លួន។ គឺនៅត្រង់គោលដៅនិងក្ដីស្រមៃនេះឯង ដែលយើងអាចឆ្លើយនឹងសំណួរជីវិតថា តើខ្ញុំរស់នៅដើម្បីអ្វី ?
នៅក្នុងដំណើរជីវិត យើងនឹងត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើន រហូតមានពេលខ្លះការលំបាកនិងការឈឺចាប់អស់ទាំងនោះ ធ្វើឲ្យយើងស្ទើរតែចង់បោះបង់ចោលម្ដងៗ។ ប៉ុន្តែ នៅពេលយើងដឹងថាខ្លួនឯងរស់នៅដើម្បីអ្វីមួយ នោះគោលដៅនេះនឹងក្លាយជាកម្លាំងជំរុញចិត្តដ៏ខ្លាំងក្លាដែលជំរុញយើងឲ្យបន្តដំណើរជីវិតឆ្ពោះទៅមុខទៀត។ ហេតុនេះតើសំណួរអ្វីដែលអាចឲ្យអ្នកចាប់ផ្ដើមស្វែងយល់ពីខ្លួនឯងកាន់តែស៊ីជម្រៅបាន ?
១) តើអ្នកពេញចិត្តនឹងអ្វីដែលអ្នកកំពុងធ្វើរាល់ថ្ងៃនេះទេ ? ៖ ស្ទីវចប តែងតែសួរខ្លួនគាត់នូវសំណួរមួយថា បើសិនជាថ្ងៃនេះគឺជាថ្ងៃចុងក្រោយរបស់ខ្ញុំ ដូច្នេះតើខ្ញុំនឹងធ្វើអ្វីដែលខ្ញុំតែងតែចង់ធ្វើរហូតមកនៅថ្ងៃនេះទេ ? គ្មាននរណាម្នាក់ដឹងនោះទេថាតើថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើង។ បើអ្នកដឹងថាតើគោលដៅអ្វីដែលអ្នកត្រូវបូជាកម្លាំងកាយចិត្តនិងពេលវេលារបស់អ្នកទៅលើវាយ៉ាងពិតប្រាកដ នោះអ្នកនឹងដឹងថាតើជីវិតរបស់អ្នកខ្លីប៉ុណ្ណា ហើយពេលវេលាពី១វិនាទីទៅ១វិនាទីមានតម្លៃខ្លាំងប៉ុណ្ណា។ អ្នកត្រូវសួរខ្លួនឯងថាតើអ្វីដែលអ្នកកំពុងធ្វើរាល់ថ្ងៃនេះ គឺជាអ្វីដែលអ្នកពេញចិត្តនឹងធ្វើវាមែន ឬក៏គ្រាន់តែជាបញ្ញត្តិមួយដែលអ្នកត្រូវបង្ខំចិត្តធ្វើដើម្បីទទួលបានការទទួលស្គាល់ពីមនុស្សជុំវិញខ្លួនអ្នក ? ភាពខុសប្លែកពីគេមិនមែនជារឿងអាក្រក់នោះទេ ដរាបណាវាជារឿងត្រឹមត្រូវសម្រាប់អ្នក។
២) តើអ្នកកំពុងតែភ័យខ្លាចអ្វី ? ៖ បើសិនជាអ្នកយកពេលបន្តិចដើម្បីសញ្ជឹងគិតទៅលើអ្វីមួយដែលអ្នកភ័យខ្លាច នោះអ្នកនឹងសង្កេតឃើញថាភាពភ័យខ្លាចកើតចេញមកពីការណ៍ដែលអ្នកមិនយល់អំពីវាតែប៉ុណ្ណោះ។ ភាពភ័យខ្លាចនេះឯងដែលជាសត្រូវរារាំងអ្នកមិនឲ្យឈានជើងចាកចេញពីទីកន្លែងដែលមានសុវត្ថិភាពនិងស្រណុកស្រួលរបស់អ្នក ដើម្បីជម្នះនូវភាពភ័យខ្លាចទាំងប៉ុន្មាននិងសម្រេចបាននូវអ្វីដែលអ្នកតែងស្រមៃចង់បានរហូតមក។ វាមិនសំខាន់សោះឡើយ បើមនុស្សគ្រប់គ្នាសុទ្ធតែនិយាយប្រាប់អ្នកថាអ្នកមិនអាចធ្វើវាសម្រេចបាននោះ ព្រោះថាចុងក្រោយគឺជារូបអ្នកដែលជាអ្នកសម្រេចថាតើអ្នកពិតជាមិនអាចធ្វើវាសម្រេចបានមែនឬយ៉ាងណា។ មានតែការគិតរបស់អ្នកប៉ុណ្ណោះឯងដែលជាអ្នកដាក់ដែនកំណត់ឲ្យអ្នក។ អ្នកត្រូវចាំថា អ្វីដែលអ្នកអាចរៀនបានច្រើនបំផុតអំពីខ្លួនឯងនោះគឺជាអ្វីដែលអ្នកភ័យខ្លាចនេះឯង៕
ដោយ៖ ស្រីពៅ