ផ្នត់គំនិត៤យ៉ាងដែលបុគ្គលជោគជ័យតែងប្រកាន់ខ្ជាប់ដើម្បីទទួលបានជោគជ័យ​



អ្វីៗតែងមានការផ្លាស់ប្ដូរឥតឈប់ឈរ។ ពិតណាស់ថា ការផ្លាស់ប្ដូរតែងកើតមានឡើងចេញពីកត្តាក្រៅខ្លួនយើង ប៉ុន្ដែ អ្វីដែលមនុស្សភាគច្រើនបានឆ្លើយតបទៅនឹងការផ្លាស់ប្ដូរទាំងនោះដែលនាំទៅរកការខាតបង់ជាខ្លាំងនោះ គឺការផ្ដោតពេលវេលា និងថាមពលរបស់ពួកគេទៅលើការផ្លាស់ប្ដូរកត្តាក្រៅខ្លួនជាជាងងាកមកផ្ដោតទៅលើអំណាចនៅក្នុងខ្លួនដែលបានពីការបណ្ដុះនូវផ្នត់គំនិតសម្រាប់ការផ្លាស់ប្ដូរទាំងឡាយ ហើយប្រកាន់ខ្ជាប់នូវផ្នត់គំនិតវិជ្ជមាននោះវិញ។

ខាងក្រោមនេះ គឺជាការផ្លាស់ប្ដូរផ្នត់គំនិតទាំង៤យ៉ាង ដែលនឹងនាំអ្នកឲ្យទទួលបានជោគជ័យក្នុងជីវិត៖

១. ខ្ញុំនឹងចាប់ផ្ដើមធ្វើសកម្មភាពទោះជាមានរឿងអ្វីក៏ដោយ៖ បុគ្គលជោគជ័យទទួលស្គាល់ថា កត្តាខាងក្រៅជាច្រើនកើតឡើងហួសពីព្រំដែននៃការគ្រប់គ្រងរបស់ពួកគេ ប៉ុន្ដែអ្វីដែលពួកគេមិនធ្វើ គឺជាការចំណាយពេលវេលា និងថាមពលឥតប្រយោជន៍ទៅលើហេតុការណ៍ទាំងនោះ ផ្ទុយមកវិញពួកគេងាកមកផ្ដោតទៅលើអ្វីដែលខ្លួនឯងអាចគ្រប់គ្រងបាន ដោយផ្លាស់ប្ដូរនូវផ្នត់គំនិតទៅជា “ខ្ញុំនឹងចាប់ផ្ដើមធ្វើសកម្មភាពទោះជាមានរឿងអ្វីក៏ដោយ”។

២. គ្រប់បញ្ហាតែងតែមាននូវដំណោះស្រាយជានិច្ច៖ មនុស្សភាគច្រើនតែងបង្កើតនូវអារម្មណ៍ដែលយល់ថា ជីវិតគឺជាការលំបាកឲ្យខ្លួនឯង ជាលទ្ធផល ពួកគេតែងចុះញ៉ម និងឆាប់បោះបង់ចោលនូវគោលដៅជីវិតពួកគេ។ យ៉ាងណាមិញ មនុស្សជោគជ័យតែងប្រកាន់ខ្ជាប់នូវផ្នត់គំនិតរបស់ខ្លួនថា “គ្រប់បញ្ហាតែងតែមាននូវដំណោះស្រាយជានិច្ច”។

៣. ខ្ញុំនឹងធ្វើជាមនុស្សដែលមានភាពសកម្ម(proactive)ជានិច្ច៖ ជាឧទាហរណ៍ជាក់ស្ដែងក្នុងវិស័យធុរកិច្ច អ្នកមិនអាចរំពឹងថានៅពេលអ្នកបង្កើតផលិតផលណាមួយ ជំនួញអ្នកនឹងជោគជ័យដោយអតិថិជននឹងមករកទិញវាយកទៅប្រើប្រាស់ដោយខ្លួនឯងនោះទេ បើអ្នកមិនមានភាពសកម្មចេញពីខ្លួនឯងក្នុងការធ្វើទីផ្សារទេនោះ អ្នកនឹងមិនទទួលបានជោគជ័យទៅតាមចិត្តដែលអ្នកចង់បាននោះឡើយ។

៤. ខ្ញុំនឹងគិតក្នុងផ្លូវវិជ្ជមានជានិច្ច៖ ការគិតក្នុងផ្លូវអវិជ្ជមានទៅលើអ្វីដែលមិនដំណើរការណ៍ និងអ្វីដែលស្ថិតនៅលើផ្លូវខុស មិនបានជួយអ្វីដល់អ្នក ក្រៅតែពីបំផ្លាញការចាប់ផ្ដើមរបស់អ្នកនោះឡើយ។ ការផ្លាស់ប្ដូរផ្នត់គំនិតទៅជាវិជ្ជមាន ដោយគិតទៅលើអ្វីដែលអាចទៅរួច នោះអ្នកនឹងបានចាប់ផ្ដើមនៅលើដំណើរមួយដែលឆ្ពោះទៅសម្រេចបាននូវសមិទ្ធផលនៃភាពជោគជ័យមិនខាន៕

ប្រភព៖ lifehack ប្រែសម្រួល៖ ស្រីពៅ

X
5s