មេរៀនសំខាន់ ៥យ៉ាង ដែលសហគ្រិនវ័យក្មេងគួររៀនសូត្រតាមពី CEO ក្រុមហ៊ុនZappos លោក Tony Hsieh
លោក Tony Hsieh គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Zappos ហើយបច្ចុប្បន្នមានទ្រព្យសម្បត្តិ៨៤០លានដុល្លារអាមេរិក ។ ក្នុងវ័យត្រឹមតែ៤៤ឆ្នាំ ហើយមានទ្រព្យសម្បត្តិយ៉ាងច្រើនបែបនេះគេអាចចាត់ទុកថា លោកជាបុគ្គលជោគជ័យមួយរូប ហើយមានមនុស្សមិនតិចទេ ដែលព្យាយាមរៀនសូត្រពីរូបលោក។ ខាងក្រោមនេះ ជាមេរៀនសំខាន់៥យ៉ាង សម្រាប់សហគ្រិនវ័យក្មេងរៀនសូត្រ៖
១) ធ្វើអ្វីដែលអ្នកពេញចិត្តខ្លាំង នឹងជួយឲ្យអ្នកមានឱកាសជោគជ័យច្រើន៖
មិនមែនគ្រប់បុគ្គលដែលធ្វើអ្វីដែលខ្លួនពេញចិត្តសុទ្ធតែជោគជ័យ ប៉ុន្តែរាល់បុគ្គលជោគជ័យជាច្រើនក្នុងលោកសុទ្ធតែ ជាមនុស្សដែលកំពុងធ្វើការងារដែលពួកគេពេញចិត្តខ្លាំងបំផុត។ សម្រាប់លោក Tony Hsieh បានណែនាំថា ត្រូវរកឲ្យឃើញ អ្វីមួយដែលយើងពេញចិត្តខ្លាំងបំផុត ហើយព្យាយាមធ្វើវាឲ្យអស់ពីលទ្ធភាពបំផុតដែរ ទើបជីវិតមានការផ្លាស់ប្ដូរ។
២) ត្រូវដឹងថា អ្វីដែលលើកទឹកចិត្តមនុស្សខ្លាំងបំផុត
ដើម្បីដំណើរការក្រុមហ៊ុនមួយជោគជ័យ វាពិតជាត្រូវការមនុស្សជាច្រើនចូលរួមធ្វើការ។ នៅពេលមានមនុស្សច្រើនធ្វើការ នោះបញ្ហាជាច្រើននឹងកើតឡើងមិនខាន ដូច្នេះបើគ្មានវិធីក្នុងការដោះស្រាយ និង លើកទឹកចិត្តពួកគេទេ អ្នកពូកែៗប្រាកដជារត់ចេញមិនខាន។ អ៊ីចឹងហើយបានជា លោក Tony Hsieh បានដាស់តឿនថា ក្នុងនាមជាអ្នកដឹកនាំ ត្រូវយល់ពីជម្រៅចិត្តមនុស្សក្រោមបង្គាប់ ហើយត្រូវរកឲ្យឃើញថា មានចំណុចអ្វីខ្លះដែលជំរុញ និង លើកទឹកចិត្តពួកគេឲ្យបន្តធ្វើការយ៉ាងសស្រាក់សស្រាំ។
៣) រៀនពីកំហុសខ្លួនឯង
ក្នុងលោកនេះ គ្មាននរណាដែលមិនចេះខុសនោះឡើយ ឬយើងអាចនិយាយបានថា ឲ្យតែធ្វើប្រាកដជាមានកំហុស គ្រាន់តែមានទំហំខុសគ្នាប៉ុណ្ណោះ។ អ្វីដែលសំខាន់ រាល់ពេលមានកំហុសម្តងៗ ត្រូវរៀនពីវាឲ្យអស់ ដើម្បីប្រាកដថា ថ្ងៃក្រោយយើងនឹងមិនធ្វើបែបនេះម្តងទៀត។ Tony Hsieh បានចែករំលែកបទពិសោធន៍ជាក់ស្តែងរបស់ខ្លួនថា លោកបានសម្រេចចិត្តលក់ក្រុមហ៊ុនដំបូងមានឈ្មោះថា Link Exchange ក្នុងតម្លៃ២៦៥លានដុល្លារអាមេរិក ដោយសារតែលោកមិនពេញចិត្តចំពោះបរិយាកាសការងារដែលលោកបានបង្កើត។ ដូច្នេះហើយ ក្រុមហ៊ុនបច្ចុប្បន្នដែលលោកកំពុងតែដំណើរការ ហើយកំពុងទទួលបានជោគជ័យឈ្មោះថា Zappos នេះ គឺមិនដូចក្រុមហ៊ុនមុននោះឡើយ ព្រោះលោកបានរៀនពីកំហុសរបស់ខ្លួននៅពេលបើកក្រុមហ៊ុនដំបូង។
៤) ត្រូវផ្ដោតទៅលើអតិថិជន មិនមែនផលិតផលនោះទេ
មានសហគ្រិនជាច្រើន បានចំណាយពេលលើសលប់ក្នុងការអភិវឌ្ឍន៍ផលិតផល ឬ សេវាកម្មរបស់ខ្លួន ដើម្បីប្រាកដថា នៅពេលលក់ចេញនៅលើទីផ្សារ នឹងមានមនុស្សជាច្រើនទិញ។ សម្រាប់សេដ្ឋីវ័យ៤៤ឆ្នាំរូបនេះ បានពន្យល់ថា គួរណាស់តែព្យាយាមយកចិត្តទុកដាក់ទៅលើអតិថិជនឲ្យបានច្រើន ព្រោះថា បើយើងមិនដឹងថា អតិថិជនចង់បាន និង ពេញចិត្តអ្វីផង តើធ្វើដូចម្តេចទើបអាចដឹងថា ផលិតផលឬ សេវាកម្មរបស់យើងល្អទៅ។
៥) ចំណាយពេលនិយាយលេងជាមួយបុគ្គលិក៖
ធ្វើជាអ្នកដឹកនាំគេ មិនមែនមួយថ្ងៃៗត្រូវអង្គុយក្នុងបន្ទប់ធ្វើការរបស់ខ្លួននោះទេ អ្នកត្រូវតែចំណាយពេលខ្លះដើម្បីជជែកគ្នាជាមួយនឹងបុគ្គលិកទូទៅ ដើម្បីអាចស្ទង់ដឹងពីតម្រូវការរបស់ពួកគេ។ ដូច្នេះហើយអ្នកគួរតែចំណាយពេលខ្លះ ដើម្បីដឹងថាឲ្យច្បាស់ថា ពួកគេពេញចិត្តអ្វី និង មិនពេញចិត្តអ្វី៕
ដោយ៖ រតនា វិចិត្រ