តើភាពជោគជ័យរបស់ក្រុមហ៊ុនតូយ៉ូតា អាចឲ្យយើងរៀនអ្វីខ្លះបានពីពួកគេ ?​



សហរដ្ឋអាមេរិក​និង​បណ្ដា​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប តែងតែ​ជាប់​ឈ្មោះ​ល្បីល្បាញ​នៅ​ក្នុង​វិស័យ​ជាច្រើន ហើយ​ជាពិសេស​គឺ​ក្នុង​ផ្នែក​ឧស្សាហកម្ម​ផលិត​យានយន្ត​នេះ​តែ​ម្ដង។ ប៉ុន្តែ ជប៉ុន ដែល​ជា​ប្រទេស​មួយ​ស្ថិត​នៅ​ក្នុង​ប៉ែក​អាស៊ី​ មិន​រួញរា​ចុះចាញ់​នឹង​ភាព​ខ្លាំងក្លា​របស់​ពួកគេ​ទាំងនោះ​ឡើយ។

ជាក់ស្ដែង​បំផុត​នោះ​គឺជា​ភាព​ជោគជ័យ​របស់​រោងចក្រ​ឧស្សាហកម្ម​ផលិត​រថយន្ត​របស់​តូយ៉ូតា (Toyota) ដែល​ចាប់ផ្ដើម​ចេញ​ពី​ការ​ប្រឈម​មុខ​ជាមួយ​នឹង​ឧបសគ្គ​លំបាកៗ​ជាច្រើន​ក្នុង​អំឡុង​ពេល​ទើប​នឹង​ចប់​សង្គ្រាម​លោក​លើក​ទី២ រហូត​កសាង​សមិទ្ធផល​ជោគជ័យ​ដ៏​អស្ចារ្យ​ក្លាយ​ជា​រោងចក្រ​ឧស្សាហកម្ម​ដ៏​ធំ​ជាង​គេ​បង្អស់​របស់​ពិភពលោក។

ក្រុមហ៊ុន​តូយ៉ូតា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៣៧ ដោយ​បុរស​ជនជាតិ​ជប៉ុន​មួយ​រូប​គឺ​លោក Kiichiro Toyoda ក្រោយ​ពី​លោក​បាន​ចុះ​ទស្សនកិច្ច​ទៅ​កាន់​រោងចក្រ​ឧស្សាហកម្ម​ផលិត​រថយន្ត​ជាច្រើន​របស់​សហរដ្ឋអាមេរិក។ អំឡុង​ពេល​នោះ​គឺជា​ពេល​នៃ​សង្គ្រាម​លោក​លើក​ទី២​នៅ​ឡើយ ដែល​វិស័យ​យានយន្ត​របស់​ប្រទេស​ជប៉ុន ត្រូវ​បាន​ទទួល​រង​ឥទ្ធិពល​ខ្លាំងក្លា​ពី​សហរដ្ឋអាមេរិក​ដែល​ក្នុង​នោះ​មាន​ក្រុមហ៊ុន General Motor និង​ក្រុមហ៊ុន Ford ដែល​បាន​ដាក់​ដំណើរការណ៍​រោងចក្រ​ផលិត​យានយន្ត​របស់​ខ្លួន​នៅ​ជប៉ុន។

ទោះជាយ៉ាងណាក៏ដោយ លោក Kiichiro Toyoda មិន​បាន​បាក់​ស្បាត​នូវ​ភាព​ខ្លាំងក្លា​របស់​មហាអំណាច​ទាំងនោះ​ឡើយ ហើយ​គាត់​មើល​ឃើញ​ថា​ពួកគេ​បាន​ផ្ដោត​ទៅលើ​ការ​ផលិត​រថយន្ត​ខ្នាត​កណ្ដាល​និង​ខ្នាត​ធំ ដូច្នេះ​ជាជាង​ប្រកួតប្រជែង​ដណ្ដើម​យក​ទីផ្សារ​ពី​ក្រុមហ៊ុន​របស់​អាមេរិក​ទាំងនោះ គាត់​ក៏​បាន​ផ្ដោត​ទៅលើ​ការ​ផលិត​រថយន្ត​ខ្នាត​តូច​វិញ និង​បាន​ជោគជ័យ​ជាមួយ​នឹង​គំរូ​រថយន្ត​ដំបូង​ដែល​អាច​បើកបរ​រហូត​ទៅ​ដល់​ល្បឿន​៥៤​ម៉ៃល៍​ក្នុង​១ម៉ោង។

ប៉ុន្តែ​កំឡុង​ពេល​នោះ​គឺជា​រយៈពេល​២ឆ្នាំ​ក្រោយ​ពី​ការ​ចាញ់​សង្គ្រាម​របស់​ជប៉ុន ហេតុនេះ​ស្ថានការណ៍​នា​ពេល​នោះ​បាន​នាំ​មក​នូវ​ឧបសគ្គ​ជាច្រើន​ដែល​ក្រុមហ៊ុន​របស់​គាត់​ត្រូវ​ប្រឈម​មុខ។ ក្នុង​ឆ្នាំ​១៩៤៩ ក្រុមហ៊ុន​របស់​គាត់​មាន​បញ្ហា​ផ្ទៃក្នុង​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​គ្រប់គ្រង​និង​កម្លាំង​ពលកម្ម។ ប្រទេស​ជប៉ុន​នា​ពេល​នោះ​កំពុង​តែ​ប្រឈម​មុខ​ជាមួយ​នឹង​បញ្ហា​អតិផរណា ខ្វះខាត​ស្បៀង​និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​ជាច្រើន ហើយ​ក្រុមហ៊ុន​តូយ៉ូតា​របស់​គាត់​ក៏​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ខ្វះខាត​ទុន​ជំនួយ ដែល​ជា​លទ្ធផល​ការ​ផលិត​របស់​ពួកគេ​ត្រូវ​ធ្លាក់​ចុះ​ជា​លំដាប់។ ចុងក្រោយ​ចំនួន​បុគ្គលិក​ត្រូវ​បាន​ធ្លាក់​ចុះ​ពី​៨០០០​នាក់​នៅ​សល់​ត្រឹម​៦០០០​នាក់។

នៅ​ពេល​លោក Kiichiro Toyoda បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ឆ្នាំ​១៩៥២ ក្រុមហ៊ុន​របស់​គាត់​ក៏​ត្រូវ​បាន​ជំនួស​ដោយ​លោក Eiji Toyoda និង​លោក Shoichi Saito ហើយ​ពួកគាត់​ក៏​បាន​ផ្ដោត​ជា​ចម្បង​ទៅលើ​គុណភាព​និង​ប្រសិទ្ធភាព រហូត​ក្នុង​ឆ្នាំ​១៩៦៥ ក្រុមហ៊ុន​តូយ៉ូតា​ត្រូវ​បាន​ប្រគល់​ពានរង្វាន់ Deming Prize ចំពោះ​សមិទ្ធផល​ទៅលើ​ការ​គ្រប់គ្រង​គុណភាព​របស់​ពួកគេ។ បច្ចុប្បន្ន​តូយ៉ូតា​គឺជា​រោងចក្រ​ឧស្សាហកម្ម​យានយន្ត​ដំបូង​គេ​បង្អស់​ដែល​បាន​ផលិត​យានយន្ត​ច្រើន​រហូត​ដល់​ចំនួន​១០​លាន​គ្រឿង​ក្នុង​១​ឆ្នាំៗ និង​ជា​ក្រុមហ៊ុន​ទី​៥​ដែល​រក​បាន​ចំណូល​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​នេះ​ផង​ដែរ៕

ប្រភព៖ www.successprinciplesonline.com ប្រែសម្រួល៖ ស្រីពៅ

X
5s