ស្ថាបនិកWal-Mart លោក Sam Walton៖ ក្បូនរកស៊ី៦យ៉ាង ដែលជួយឲ្យអាជីវកម្មទទួលជោគជ័យ
លោក Sam Walton កើតក្នុងគ្រួសារក្រីក្រមួយ តែបានក្លាយជាអ្នកជំនួញដ៏ជោគជ័យមួយរូបនៅសហរដ្ឋអាមេរិក។ លោក Sam Waltonស្ថាបនិកក្រុមហ៊ុនWal-Mart ហើយបើទោះបីជា លោកបានស្លាប់ហើយក្តី ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់លោកនៅតែល្បីល្បាញ ហើយមានមនុស្សជាច្រើននៅតែបន្តសិក្សាអំពីមេរៀនល្អៗរបស់អតីតអ្នកជំនួញរូបនេះ។ ខាងក្រោមនេះ ជាក្បូនជោគជ័យទាំង៦ ក្នុងការរកស៊ីរបស់លោក Sam Walton ៖
១) ប្ដេជ្ញាចិត្តចំពោះជំនួញរបស់អ្នក៖ រកស៊ីត្រូវតែមានការប្ដេជ្ញាចិត្តខ្ពស់ ហើយបើគ្មានការប្ដេជ្ញាចិត្តទេ សូមកុំរកស៊ីឲ្យសោះព្រោះ វាមិនមែនជារឿងងាយស្រូលឡើយ។ បញ្ហាជាច្រើននឹងកើតឡើង ដូច្នេះហើយអ្នកគ្រាន់តែធ្វើវា តាមអារម្មណ៍នឹកឃើញនោះ គឺមិនងាយជោគជ័យឡើយ។ សម្រាប់លោក Sam Waltons យល់ឃើញថា សហគ្រិនត្រូវតែជឿជាក់លើអ្វីដែលខ្លួនកំពុងធ្វើជាងនរណាទាំងអស់ ហើយប្រឹងប្រឹងធ្វើវារហូតទទួលបានជោគជ័យ។
២) តម្រូវចិត្តអតិថិជន៖ ក្រុមហ៊ុនរបស់លោកតែងតែយកអតិថិជនជាធំ ពោលគឺផ្ដល់នូវអ្វីដែលអតិថិជនចង់បានជាជាងផ្តល់នូវអ្វីដែលក្រុមហ៊ុនគិតថាល្អ។ ភាពពេញចិត្តរបស់អតិថិជនគឺសំខាន់បំផុត។ ដូច្នេះហើយ បើចង់រកស៊ីជោគជ័យ អ្នកត្រូវតែធ្វើឲ្យអតិថិជនសប្បាយចិត្តក្នុងការទិញផលិតផលរបស់អ្នក ព្រោះបើពួកគេនឹងទិញផលិតផលរបស់អ្នកម្តងទៀត ប្រសិនបើគេសប្បាយចិត្តក្នុងការទិញ។
៣) រីករាយនូវអ្វីដែលអ្នកកំពុងធ្វើ៖ សម្រាប់លោកSam Walton គិតថាប្រសិនអ្នកធុញថប់នឹងការងារ អ្នកពិតជាពុំអាចផ្ដោតអារម្មណ៍ទៅលើការងារបានល្អនោះទេ។ ប៉ុន្តែ ប្រសិនអ្នកស្រឡាញ់នូវអ្វីដែលអ្នកធ្វើ អ្នកនឹងខិតខំធ្វើការហើយមិនស្ត្រេសទៀតផង។ អ្នកមិនត្រឹមតែរីករាយនឹងការងារនោះទេ អ្នកថែមទាំងជំរុញមិត្តរួមក្រុមទៀតផង។ ចំពោះលោកSam Walton លោកលើកទឹកចិត្តអ្នកឲ្យស្រឡាញ់នូវអ្វីដែលអ្នកចង់ធ្វើទើបទទួលបានលទ្ធផលល្អ។
៤) លើកទឹកចិត្តបុគ្គលិក៖ ថវិកានិងមេពូកែគឺមិនគ្រប់គ្រាន់នោះទេ។ បើចង់ឲ្យក្រុមហ៊ុនឬជំនួញមួយនេះជោគជ័យ នោះអ្នកត្រូវតែដើរជាមួយនឹងក្រុមហើយជួយពង្រឹងសមាជិកក្នុងក្រុមឲ្យខ្លាំង។ លោកSam Walton តែងតែលើកទឹកចិត្តបុគ្គលិកតាមរយៈសម្ដីឬតាមការប្រកួតប្រជែងក្នុងក្រុមហ៊ុន។ល។
៥) ចរចានិងជឿជាក់លើបុគ្គលិក៖ ប្រសិនបុគ្គលមិនទាន់យល់ពីការងារ អ្នកជាមេមិនគួរទៅស្ដីបន្ទោសនោះទេ។ លោកSam Walton តែងតែពន្យល់ដល់បុគ្គលិកឲ្យយល់ពីការងារឬបង្ហាញពីរបៀបធ្វើដល់បុគ្គលិករបស់លោក។ ហើយពេលដែលលោកប្រគល់ការងារដល់បុគ្គលិក លោកក៏ជឿជាក់លើសមត្ថភាពបុគ្គលិកផងដែរ
៦) ផ្តល់ឱកាសឲ្យបុគ្គលិកបញ្ចេញមតិ៖ បុគ្គលិកដើរតួយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រតិបត្តិការក្រុមហ៊ុនទាំងមូល ឆ្ពោះទៅមុខ ហើយពួកគេក៏មានពិសោធន៍ និង មានការយល់ឃើញជាច្រើនចំពោះការងារដែលពួកគេកំពុងធ្វើ។ ដួច្នេះហើយ គួរឆ្លៀតពេលស្តាប់អ្នកទាំងនោះខ្លះផង ព្រោះគំនិតរបស់អ្នកទាំងនោះអាចជួយឲ្យក្រុមហ៊ុនកាន់តែរីកចម្រើនខ្លាំងមួយកម្រិតទៀត៕
ដោយ ៖ អឹុង មុយយូ