ការពិតដ៏ចម្លែក៣យ៉ាងដែលនាំឲ្យអ្នកមានសុខភាពល្អ​



វិធីសាស្រ្តប្រកបដោយភាពសមហេតុសមផលជាច្រើន តែងណែនាំអ្នកឲ្យទទួលទានតិច និងហាត់ប្រាណឲ្យបានញឹកញាប់​ បើអ្នកចង់បន្ថយគីឡូ ឬទទួលទានដំណេកឲ្យបានច្រើនម៉ោង បើអ្នកចង់បន្ថែមថាមពលជាដើម។ យ៉ាងណាមិញ ជាមួយវិធីសាស្រ្តដ៏ចម្លែកទាំង៣ខាងក្រោមនេះ ត្រូវបានបញ្ជាក់ពីអ្នកជំនាញថាពិតជាអាចប្រើការបានយ៉ាងមានប្រសិទ្ធភាព។

១. ដើម្បីសុខភាពមាត់ធ្មេញល្អ អ្នកមិនត្រូវដុសធ្មេញក្រោយពេលបរិភោគអាហារឡើយ៖ ការដុសសម្អាតធ្មេញក្រោយពេលបរិភោគអាហារភ្លាម ជាពិសេសចំពោះប្រភេទអាហារដែលមានជាតិអាសីុតដូចជា ផ្លែឈើមានជាតិជូរ ភេសជ្ជៈប៉ូវកម្លាំង ផ្លែប៉េងប៉ោះ និងទឹកសូដា អាចបណ្ដាលឲ្យសម្បកធ្មេញរបស់អ្នកស្ដើងជាងមុន។ ម្យ៉ាងទៀត ការដុសសម្អាតធ្មេញនៅដំណាក់កាលនេះ អាចបង្កើនឥទ្ធិពលរបស់អាសីុតដែលមានទៅលើសម្បកធ្មេញអ្នក ហើយធ្វើឲ្យធ្មេញឆាប់ប្រែជាសឹក។ រយៈពេលដ៏ល្អបំផុតសម្រាប់ការសម្អាតធ្មេញ គឺក្រោយពីទទួលទានអាហារចន្លោះពី៣០ទៅ៦០នាទី។

២. មិនត្រូវទទួលទានភេសជ្ជៈប៉ូវកម្លាំងកំឡុងពេលនឿយហត់នោះទេ៖ ភេសជ្ជៈប៉ូវកម្លាំងមានផ្ទុកជាតិកាហ្វេអីុន៥ដងលើសពីកាហ្វេទៅទៀត ប៉ុន្ដែកម្លាំងដែលវាផ្ដល់ឲ្យយើងបានក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ហើយថែមទាំងជះឥទ្ធិពលមិនល្អដល់អ្នកដូចជា មានអារម្មណ៍ភ័យញាប់ញ័រ ឆេវឆាវ និងចង្វាក់បេះដូងលោតញាប់ទៀតផង។ មិនតែប៉ុណ្ណោះ ភេសជ្ជៈប្រភេទនេះតែងផ្ទុកនូវជាតិតូរីនក្នុងកម្រិតខ្ពស់ និងជាតិស្ករលើសពី៥០ក្រាមក្នុងមួយកំប័ុង។ ជាបណ្ដោះអាសន្ន ជាតិផ្អែមទាំងនោះ នឹងទៅបង្កើនកម្រិតជាតិស្ករក្នុងឈាម ក្រោយមកអ្នកក៏មានអារម្មណ៍ថាអស់កម្លាំង និងឈឺក្បាលធេងធោង ដែលបង្ខំឲ្យអ្នកត្រូវទទួលទានវាមកកំប័ុងទៀត។

៣. បោះចោលនូវសាប៊ូដែលប្រឆាំងនឹងបាក់តេរី៖ មិនប្រាកដថា ដបសាប៊ូដែលបានបិទស្លាកថាប្រឆាំងនឹងបាក់តេរី ពិតជាអាចបង្ការអ្នកពីជម្ងឺផ្សេងៗ ឬក៏ការពារការរាតត្បាតឆ្លងទៅអ្នកដទៃនោះទេ ហើយការពិតអំពីប្រភេទសាប៊ូនេះ ក៏មិនបានបញ្ជាក់ថាវាមានប្រសិទ្ធភាពល្អជាងសាប៊ូធម្មតានោះដែរ។ អ្វីដែលសំខាន់ជាងនេះទៅទៀត ការប៉ះពាល់ក្នុងរយៈពេលវែងពីធាតុផ្សំនៅក្នុងសាប៊ូប្រភេទនេះ ដូចជាសារធាតុគីមី triclosan (C12H7Cl3O2) អាចបង្កជាហានិភ័យយ៉ាងគួរឲ្យបារម្ភដល់សុខភាព នេះបើយោងទៅតាមការបកស្រាយពី FDA (Food and Drug Administration) កាលពីឆ្នាំ២០១៣៕

ប្រភព៖ health ប្រែសម្រួល៖ ស្រីពៅ

X
5s