ហេតុ​អ្វី​ចាំបាច់​​ត្រូវ​មាន​ភាព​ស្មោះត្រង់​ចំពោះ​អតិថិជន (Customer Loyalty)?​



នៅ​ក្នុង​ទីផ្សារ​អាជីវកម្ម មិន​ចំពោះ​ថា​លោក​អ្នក​កំពុង​ដឹកនាំ​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​មួយ​ ឬ អាជីវកម្ម​តូចតាច​មួយ​យ៉ាងណា​​នោះ​ទេ ភាព​ស្មោះត្រង់​​នឹង​អតិថិជន​​ (Customer Loyalty)ពិត​ជា​មាន​តម្លៃ​ណាស់​។ ការ​​វិនិយោគ​ពេលវេលា​​យ៉ាង​ច្រើន និង ថាមពល​លើ​ការ​លើកកម្ពស់​ភាព​ស្មោះត្រង់​ទៅ​នឹង​អតិថិជន​ ​ គួរតែ​ជា​​សមាសភាគ​មួយ​ដ៏​សំខាន់​រាល់​យុទ្ធសាស្ត្រ​ទីផ្សារ​អាជីវកម្ម​ទាំងអស់​។ វា​ត្រូវ​បាន​អ្នក​​ជំនួញ សហគ្រិន ជា​ពិសេស​ក្រុម​អ្នក​រកស៊ី​អះអាង​ថា ​ជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​អតិថិជន​កាន់តែ​​ជាវ​ផលិតផល ឬ សេវាកម្ម​របស់​​ខ្លួន​​ក្នុង​ចំនួន​មួយ​​ដ៏​ច្រើន​នៅ​ក្នុង​ចំណែក​ទីផ្សារ​។ ដូច្នេះ​ហើយ​បាន​ជា​នៅ​ទី​នេះ ​មាន​ហេតុផល​សំខាន់ៗ​ជា​ច្រើន​​ដែល​ការ​កសាង​ភាព​ស្មោះត្រង់​ទៅ​នឹង​​អតិថិជន​មាន​តម្លៃ​យ៉ាង​ធំធេង​ធ្វើ​ឲ្យ​អាជីវកម្ម​ទាំងអស់​អាច​​បោះ​ជំហាន​ទៅ​មុខ​កាន់តែ​ជោគជ័យ ព្រម​ទាំង​អាច​​ទទួល​បាន​ភាព​ជឿជាក់ និង​ការ​គាំទ្រ​អតិថិជន​កាន់តែ​ច្រើន​ទៀត​ផង។

១) ជំរុញ​កំណើន​នៃ​ការ​លក់ តាម​ន័យ​អាជីវកម្ម ​ភាព​ស្មោះត្រង់​ទៅ​នឹង​អតិថិជន​ នឹង​ជំរុញ​ឲ្យ​មាន​កំណើន​នៃ​ការ​ជាវ​លើ​សេវាកម្ម ឬ ផលិតផល​របស់​លោក​អ្នក​ម្តង​ហើយ​ម្តង​ទៀត​។ ទោះបី​ជា​អាជីវកម្ម​របស់​លោក​អ្នក​ជា​ប្រភេទ​អាជីវកម្ម​អ្វី​នោះ​ទេ​ ​នេះ​​​លោក​អ្នក​អាច​កត់​សម្គាល់​ឃើញ​ដោយ​ខ្លួន​ឯង​​ថា ​លោក​អ្នក​អាច​លក់​ផលិតផល ឬ សេវាកម្ម​របស់​លោក​អ្នក​កាន់តែ​ច្រើន​ជា​មួយ​អតិថិជន​ម្នាក់​​ពេញ​​មួយ​ឆ្នាំ​ ប្រសើរ​ជាង​​លក់​ជូន​អតិថិជន​​​ទើប​នឹង​ចូល​ថ្មី​ចំនួន ១០ អ្នក​ទៀត​ផង​។ នេះ​នឹង​ធ្វើ​ឲ្យ​ Brand Name ឬ ឈ្មោះ​ម៉ាក​ផលិត​ផល​របស់​អ្នក​​ចូល​ជ្រែក​ទីផ្សារ​​​​បន្តិចម្តងៗ​។​​

២) បង្កើន​ប្រាក់​ចំណូល​បន្ថែម​ នេះ​ជា​ចំណុច​មួយ​មិន​អាច​ប្រកែក​បាន​ ព្រោះ​ថា​នៅ​ពេល​ដែល​លោក​​អ្នក​កសាង​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ជា​មួយ​អតិថិជន​ដោយ​ភាព​ស្មោះត្រង់ ​វា​នឹង​បង្ក​ភាព​ងាយស្រួល​​ដល់​លោក​អ្នក​​នៅ​ក្នុង​ការ​លក់​ជូន​ផលិតផល ឬ សេវាកម្ម​ក្រុមហ៊ុន​របស់​លោក​​អ្នក។ ប្រការ​នេះ​ ​វា​នឹង​ធ្វើ​ឲ្យ​ការ​លក់​របស់​លោក​អ្នក​មាន​កំណើន​កាន់តែ​ខ្ពស់ ហើយ​នៅ​ពេល​ការ​លក់​​មាន​កំណើន​កាន់តែ​ខ្ពស់​ហើយ​នោះ​ វា​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​នោះ​ឡើយ​ដែល​​ថា លោក​អ្នក​នឹង​មិន​អាច​​ទទួល​បាន​ប្រាក់​​​ចំណូល​បន្ថែម​​កាន់តែ​ច្រើន​នោះ​។

៣) ងាយស្រួល​ក្នុង​ការ​ពង្រីក​​អាជីវកម្ម​បន្ថែម​ លោក​អ្នក​អាច​សាក​គិត​បន្តិច​ទៅ​មើល៍​ថា ​នៅ​ពេល​ដែល​​លោក​អ្នក​មាន​​អតិថិជន​ជឿជាក់​ច្រើន​ហើយ​នោះ តើ​វា​ផ្ដល់​ភាព​ងាយស្រួល​អ្វី​ខ្លះ​ដល់​ការ​ធ្វើ​អាជីវកម្ម​​ថ្មីៗ​របស់​លោក​អ្នក។ កាល​ពី​មុន​លោក​អ្នក​អាច​លក់​ត្រឹមតែ​​​ម៉ូតូ តែ​ថ្ងៃ​នេះ​លោក​អ្នក​បាន​ពង្រីក​អាជីវកម្ម​​បន្ថែម​បើក​លក់​រថយន្ត​បន្ថែម​ទៀត ឬ ក៏​ពង្រីក​សេវាកម្ម​ជួសជុល​រថយន្ត​ជា​ដើម។ តើ​នេះ​​វា​មិន​លំបាក​ណាស់​មែន​ទេ​ដើម្បី​​ផ្សព្វផ្សាយ​​មុខ​របរ​ថ្មី​នេះ​នៅ​កាន់តែ​អតិថិជន​ថ្មី​ចាស់​របស់​លោក​អ្នក? ​ចំណុច​នេះ​ហើយ​​ដែល​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​​អាជីវកម្ម​ចាស់​របស់​​លោក​អ្នក​កាន់តែ​រីក​ដុះដាល​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ផ្តល់​ឱកាស​យ៉ាង​ងាយស្រួល​អាច​ពង្រីក​សេវាកម្ម​ថ្មី​ទៀត​ផង ដូច​គេ​និយាយ​ថា ​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ​នោះ​អី!

៤) ជួយ​ការពារ​​លោក​អ្នក​ពី​គួរ​ប្រជែង​ដោយ​ស្វ័យប្រវត្តិ​​ វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​​ដើម្បី​ឲ្យ​អាជីវកម្ម​របស់​លោក​អ្នក​បោះជំហាន​ទៅ​មុខ ត្បិតអី​លោក​អ្នក​អាច​នឹង​ប្រឈមមុខ​បញ្ហា​ជា​ច្រើន​ ហើយ​បើ​មាន​គូប្រជែង​ច្រើន​ទៀត​នោះ​ គឺ​វា​​ជា​បញ្ហា​លំបាក​មួយ។ ប៉ុន្តែ​សូម​កុំ​ភ្លេច​ថា ភាព​ស្មោះត្រង់​របស់​លោក​អ្នក​ទៅ​កាន់​អតិថិជន​​ជា​ច្រើន​នៅ​ពេល​កន្លង​មក​អាច​ធ្វើ​ឲ្យ​ពួកគេ​ជួយ​ការពារ​អ្នក​ដោយ​ស្វ័យប្រវត្តិ​​បាន។ ការ​​រួម​ចំណែក​របស់​អតិថិជន​របស់​អ្នក​នៅ​ទី​នេះ​គឺ​ថា ពួកគេ​អាច​​បង្ហាញ​​ភាព​ជឿជាក់​ឥតងាករេ​ ជួយ​ផ្សព្វផ្សាយ​​ដល់​អតិថិជន​ផ្សេង​ទៀត​ ​ជា​ពិសេស​នៅ​​ក្នុង​ស្ថានភាព​មួយ​​ដែល​​​​មាន​ទីផ្សារ​ថ្មីថ្មោង​ចូល​មក​ដល់​។ រវាង​អ្នក​លក់ និង​អ្នកទិញ ​ជានិច្ចកាល​អ្នក​លក់​នឹង​រីករាយ និង ចូលចិត្ត​អួត​សរសើរ​ ព្រម​ទាំង​ជួយ​ផ្សព្វផ្សាយ​​ណែនាំ​ពី​ក្រុមហ៊ុន​របស់​​លោក​អ្នក​​បន្ត​ នៅ​ពេល​ដែល​​​លោក​អ្នក​បាន​ផ្ដល់​សេវាកម្ម​ ឬ ផលិតផល​ល្អ​ដល់​ពួកគេ​​​ប្រកប​ដោយ​ភាព​ស្មោះត្រង់​។

៥) ទទួល​បាន​​ដំបូន្មាន​ល្អៗ​ និង ភាព​ស្មោះត្រង់​មក​វិញ​ពី​អតិថិជន​ នេះ​ជា​ចំណុច​សំខាន់​មួយ​ទៀត​ដែល​គ្រប់​ក្រុមហ៊ុន​អាជីវកម្ម​ទាំងអស់​ចង់​ដឹង​បំផុត​ពី​អតិថិជន​អ្នក​ប្រើប្រាស់។ ​ក្រុមហ៊ុន​ខ្លះ​បាន​ដាក់​លក់​សាកល្បង ហើយ​ក៏​មាន​ក្រុមហ៊ុន​ខ្លះ​ទៀត​បាន​ស្រាវជ្រាវ​ស្ទាបស្ទង់​ទីផ្សារ​ជា​មុន មុន​នឹង​សម្រេច​ដាក់​លក់​ផលិតផល​សេវាកម្ម​ខ្លួន​​ចូល​ទៅ​កាន់​ទីផ្សារ។ យ៉ាងណាមិញ​​សម្រាប់​លោក​អ្នក​ គោលដៅ​ដែល​ចង់​បាន​បំផុត​នៅ​ទី​នេះ គឺ​កុំ​ឲ្យ​លក់​ទៅ​​វា​ខាត​ដើម​និង កែលំអ​ចំណុច​ខ្វះខាត​ឲ្យ​បាន​ល្អ​នេះ​​ឯង។ ប៉ុន្តែ​អ្វី​ដែល​គួរ​កត់​សម្គាល់​នោះ​គឺ​ថា ​អតិថិជន​​ទាំង​នោះ​មិន​ប្រាកដ​ថា អាច​ជួយ​ផ្ដល់​គំនិត​យោបល់​ដោយ​ស្មោះត្រង់ និង គ្រប់ជ្រុងជ្រោយ​មក​ឲ្យ​​លោក​អ្នក​នោះ​ឡើយ ហើយ​ក៏​មាន​អតិថិជន​ខ្លះ​ទៀត​មិន​ខ្វល់​ពី​ការ​រកស៊ី​របស់​អ្នក​ទៅ​ទៀត ព្រោះ​ប្រហែល​ជា​ពួកគេ​មាន​បទពិសោធន៍​​មិន​ល្អ​ដោយសារ​​​លោក​អ្នក​ចូលចិត្ត​រកស៊ី​លក់​ជើង​ខ្លួន​​ឯង​ផង​ក៏​មិន​ដឹង​​។ មក​ដល់​ពេល​នេះ​ធ្វើ​​​​ឲ្យ​គេ​នឹក​ឃើញ​ថា ភាព​ស្មោះត្រង់​ទៅ​កាន់​អតិថិជន​ពិត​ជា​​មាន​សារសំខាន់ ដោយហេតុ​ថា ការ​កសាង​ភាព​ស្មោះត្រង់​របស់​លោក​អ្នក​ចំពោះ​ពួកគេ ដូច​ជា​ ផ្តល់​ជូន​​ផលិតផល​សេវាកម្ម​​មាន​គុណភាព​ខ្ពស់ តម្លៃ​សមរម្យ មិន​បន្លំ​បោកប្រាស់ រួម​ទាំង​អាច​ជួយ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​​ពួកគេ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​នឹង​អាច​ធ្វើ​ឲ្យ​អតិថិជន​ទាំង​នេះ​​មាន​ទំនុកទុកចិត្ត និង បង្ហាញ​ភាព​ពេញចិត្ត​ពេញ​ថ្លើម​ប្រាប់​កំហុស​ខុសឆ្គង​របស់​លោក​អ្នក​បាន​ដោយ​មិន​បាច់​ភ័យ​ព្រួយ។

៦) កាត់​បន្ថយ​ការ​ចំណាយ គេ​បាន​រក​ឃើញ​ថា ការ​​​​​ចំណាយ​​​ក្នុង​ការ​ផ្សព្វផ្សាយ ​(Promotion) ដើម្បី​ទាក់ទាញ​អតិថិជន​ថ្មីៗ លោក​អ្នក​ត្រូវ​​​ចំណាយ​​ប្រាក់​​​ច្រើន​លើ​​​ការ​ផ្សព្វផ្សាយ បញ្ចុះតម្លៃ ​រង្វាន់​​​លើកទឹកចិត្ត​ អប់រំ និង ណែនាំ​ពី​ផលិតផល ឬ សេវាកម្ម​​របស់​លោក​អ្នក​​ជា​ដើម។ ​​ប៉ុន្តែ នេះ​មិន​ប្រាកដ​ថា អតិថិជន​ថ្មីៗ​ទាំង​នោះ​​ជឿជាក់ និង ជួយ​​គាំទ្រ​ផលិតផល ឬ​សេវាកម្ម​របស់​​លោក​អ្នក​នោះ​ឡើយ។ យុទ្ធសាស្ត្រ​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ចំណាយ​ខ្ពស់​​ជាង​ការ​ចំណាយ​លើ​អតិថិជន​ស្នូល​របស់​​​លោក​អ្នក​ទៅ​ទៀត​​ ពោល​គឺ​អតិថិជន​ដែល​​​លោក​អ្នក​ស្គាល់​ចិត្ត​ថ្លើម​គ្នា​យ៉ាង​ស៊ីជម្រៅ​នៅ​ពេល​កន្លង​មក​ពី ៦ ទៅ ៧ ដង​ឯ​ណោះ​។ ម្ល៉ោះ​​ហើយ​​ការ​ផ្តោត​លើ​ភាព​ស្មោះត្រង់​​ទៅ​នឹង​អតិថិជន ​គឺ​ជា​ជួយ​​ឥទ្ធិពល​​មួយ​​លើ​​អនាគត​​​ជោគវាសនា​អាជីវកម្ម​របស់​លោក​អ្នក​ឲ្យ​​លូតលាស់​បាន​ល្អ​ប្រសើរ​​មិន​ថា អតិថិជន​ចាស់ ឬ ​ថ្មី​នោះ​ទេ ឲ្យ​តែ​​គោលជំហរ​ដ៏​ល្អ​​នេះ​​បាន​ក្លាយ​ជា​​ក្រមសីលធម៌​រកស៊ី​ដ៏​សំខាន់​​ក្នុង​អាជីវកម្ម​របស់​លោក​អ្នក​​៕

X
5s