ការយកលេសទាំង ៥ ដែលធ្វើឲ្យអ្នកមិនព្រមបើកអាជីវកម្ម
ការបង្កើតអាជីវកម្មផ្ទាល់ខ្លួន គឺជារឿងមួយមានការប្រកួតប្រជែងខ្ពស់ ប៉ុន្តែវាក៏បានផ្តល់មកនូវបទពិសោធន៍យ៉ាងច្រើនផងដែរ ហើយនឹងទទួលបានផ្លែផ្កានៅថ្ងៃអនាគត ពោលគឺភាពមានបាននេះតែម្តង។
ទោះបីជាបែបនេះក្តី មានកិច្ចការជាច្រើននៅក្នុងគម្រោងអាជីវកម្មដែលអ្នកត្រូវធ្វើ មានដូចជា ផែនការធ្វើអាជីវកម្ម ដើមទុន ធនធានមនុស្ស ទីតាំងធ្វើអាជីវកម្ម ការវិនិយោគ បង្កើតគេហទំព័រ ទាំងនេះសុទ្ធជាចំណុចសំខាន់ៗដែលសហគ្រិននីមួយត្រូវយកចិត្តទុកដាក់។ ប៉ុន្តែបើអ្នកគិតថា ពិតជាចង់បើកអាជីវកម្មមែននោះ សូមកម្ចាត់ចោលការយកលេសទាំង៥ ខាងក្រោមនេះឲ្យអស់។
១) "ខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់នោះទេ"
គ្មានអ្នកណាម្នាក់រវល់ស្មើនឹងមនុស្សដែលនិយាយពាក្យបែបនេះឡើយ។ យ៉ាងណាមិញ អ្នកត្រូវចាំថា នៅពេលដែលអ្នកបានរៀបចំគម្រោងធ្វើកិច្ចការផ្សេងៗជាប្រចាំ ច្បាស់ជាធ្វើឲ្យអ្នករវល់ជាងនេះទៅទៀត តែនេះធ្វើឲ្យអ្នកប្រើប្រាស់ពេលវេលា ២៤ ម៉ោងរបស់អ្នកយ៉ាងមានប្រសិទ្ធភាព។ សូមចាប់ផ្តើមជាមួយគម្រោងអាជីវកម្មរបស់អ្នកនៅថ្ងៃនេះ ព្រោះថាគ្មានឱកាសណាល្អដូចថ្ងៃនេះឡើយ ហើយនៅពេលដែលអ្នកចាប់ផ្តើមកិច្ចការអាជីវកម្មនេះជាមួយនឹងការខិតខំប្រឹងប្រែងរបស់អ្នក អ្នកនឹងទទួលបានផលប្រយោជន៍ជាច្រើនហួសពីការស្មាន។
២) "ខ្ញុំគ្មានគ្រឹះរឹងមាំធ្វើអាជីវកម្មពីមុនមកនោះទេ!"
ចម្លើយនេះ គឺជាការយកលេសពេញនិយមមួយទៀតរបស់មនុស្សខ្ជិល ព្រោះថាអាជីវកម្មជោគជ័យទាំងអស់មិនមែនសុទ្ធតែទាមទារឲ្យមានគ្រឹះធ្វើអាជីវកម្មតាំងពីតូចក្រូចឆ្មារនោះទេ។ សូមចាំថា នៅពេលដែលអ្នកចាប់ផ្តើមធ្វើអាជីវកម្ម អ្វីៗគ្រប់យ៉ាងនឹងបង្រៀនអ្នក។ មហាសេដ្ឋីពិភពលោក ដូចជា CEO ក្រុមហ៊ុន Facebook គឺលោក Mark Zuckerberg រួមទាំង មហាសេដ្ឋីអង់គ្លេស Richard Branson មិនបានរៀនចប់ថ្នាក់មហាវិទ្យាល័យនោះទេ តែអ្នកទាំងពីរបានក្លាយជាមហាសេដ្ឋីពិភពលោកទៅហើយនៅពេលនេះ។ អ្វីដែលសំខាន់គឺ ឆន្ទៈ និងភាពច្នៃប្រឌិតរបស់អ្នកនៅក្នុងការធ្វើអាជីវកម្ម ហើយពីរបៀបធ្វើជំនួញអ្នកអាចរៀនវគ្គខ្លីៗ កសាងទំនាក់ទំនងជាមួយមនុស្សជំនិតៗខាងធ្វើអាជីវកម្ម នោះលោកអ្នកអាចបំពេញចំណុចខ្វះខាតរបស់ខ្លួនបាន។
៣) "ខ្ញុំគិតថា គំនិតរបស់ខ្ញុំមិនទាន់គ្រប់គ្រាន់នៅឡើយទេនៅពេលនេះ!”
នេះជាការឆោតល្ងង់មួយ ប្រសិនបើអ្នកយកទស្សនមួយមកនិយាយនៅពេលនេះ ត្បិតអីមនុស្សដែលមានសមត្ថភាពលើអាជីវកម្មក៏ចាប់ផ្តើមពីចំណុចសូន្យដែរ។ ចុះអ្នកវិញ អាចធ្វើអ្វីបានដូចបុគ្គលជោគជ័យទាំងនោះឬអត់? ចម្លើយនោះគឺពិតជាអាច ឲ្យតែអ្នកមានការតាំងចិត្ត និង មហិច្ឆតាមួយចង់សម្រេចក្តីសុបិន្ដរបស់អ្នក ហើយអ្វីៗនឹងដំណើរការទៅមុខ។ ដោយហេតុថា រាល់គំនិតរបស់អ្នកមិនអាចក្តោបក្រសោបអ្វីទាំងអស់ សូមអ្នកចាប់ផ្តើមអាជីវកម្មរបស់អ្នកជាមួយអ្វីដែលអ្នកពេញចិត្ត ហើយត្រូវដឹងថា អ្នកពិតជាមានសមត្ថភាពអាចធ្វើវាបាន។
៤)"ខ្ញុំមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ"
តើអ្នកកំពុងរង់ចាំអ្វី? ពេលវេលាដែលពិតប្រាកដជាពេលវេលាដែលអ្នកត្រូវចាប់ផ្តើមនៅថ្ងៃនេះ។ ការពិតពេលវេលាទន្ទឹងរង់ចាំចាប់ផ្តើមអាជីវកម្មរបស់អ្នកមិនផ្តល់ឲ្យអ្នក ១០០% នោះឡើយ ដែលមានន័យថា អ្នកត្រូវតែឈោងចាប់យកឱកាសដើម្បីចាប់ផ្តើមធ្វើវា។ ភាពស្តាយក្រោយមួយនឹងកើតឡើងប្រសិនបើអ្នកទុកឲ្យពេលវេលារសាត់អណ្ដែតបន្តិចម្តងៗ ហើយលទ្ធផលដែលអ្នកចង់បានពិតជាអាចដូចសេចក្តីប្រាថ្នានោះឡើយ។
៥) "ខ្ញុំខ្លាចតែបរាជ័យទេ!”
នេះពិតជាត្រឹមត្រូវដែលអ្នកនិយាយបែបនេះព្រោះថា គ្មានអ្នកជំនួញណាម្នាក់អាចព្យាករណ៍បានពីហានិភ័យនៅពេលខាងមុខនោះឡើយ។ ប៉ុន្តែសូមអ្នកត្រូវចាំថា ក្រុមហ៊ុនធំៗនៅជុំវិញសាកលលោកមុននឹងបានឃើញពន្លឺថ្ងៃត្រចះត្រចង់នៅថ្ងៃនេះ មិនដឹងជាត្រូវហែលឆ្លងឧបសគ្គប៉ុន្មានលានជំពូកនោះទេ។
យ៉ាងណាមិញ នេះមិនមែនជាហេតុផលដែលអ្នកត្រូវបោះបង់មហិច្ឆតាចង់ធ្វើអាជីវកម្មនោះឡើយ។ ក្នុងនាមជាសហគ្រិនត្រូវតែទទួលយកហានិភ័យទាំងនេះ ព្រោះថា ហានិភ័យ ឬ ឧបសគ្គចំពោះមុខសុទ្ធតែបានផ្តល់មេរៀនយ៉ាងមានតម្លៃធ្វើឲ្យអ្នកកាន់តែរឹងមាំឡើង។ នេះជារឿងធម្មតា ហើយអ្វីដែលសំខាន់អ្នកត្រូវតែក្រោកឈរឡើងនៅពេលដែលអ្នកដួល៕