ទទួលស្គាល់ការពិត តែមិនមែនអោនក្បាលទទួលយកវានោះទេ​



ទោះ​ជា​អ្នក​គិត​ថា​អាច​ទៅ​រួច​ឬ​មិន​អាច​ទៅ​រួច​ក៏​ដោយ ចុងក្រោយ​អ្នក​នៅ​តែ​ត្រូវ​ដូច្នោះ ព្រោះ​អ្នក​និង​ការ​ពិត​របស់​អ្នក​នឹង​ក្លាយ​ជា​អ្វី​ដែល​អ្នក​បាន​គិត។ អ្នក​មិន​អាច​សម្រេច​អ្វី​មួយ​បាន​ជោគជ័យ​ដោយ​មិន​មាន​ការ​ជឿជាក់​លើ​ខ្លួនឯង​ជា​មុន​សិន​នោះ​ទេ។ អ្នក​មិន​អាច​យក​ឈ្នះ​លើ​ឧបសគ្គ​និង​ការ​សង្ស័យ​របស់​អ្នកដទៃ​មក​លើ​សក្ដានុពល​របស់​អ្នក​បាន​នោះ​ទេ បើ​អ្នក​មិន​ទាន់​អាច​យក​ឈ្នះ​លើ​សំឡេង​អវិជ្ជមាន​ដែល​តែង​ខ្សឹប​ប្រាប់​អ្នក​ថា​អ្នក​អសមត្ថភាព​មិន​អាច​ធ្វើ​វា​បាន ឬ​មាន​ខ្លួនឯង​ជា​សត្រូវ​របស់​ខ្លួនឯង​នោះ។ បើ​អ្នក​ចង់​ផ្លាស់ប្ដូរ​ពិភពលោក អ្នក​ត្រូវ​ផ្លាស់ប្ដូរ​ខ្លួនឯង​ជា​មុន​សិន។

អ្នក​មិន​អាច​ចៀស​ផុត​បាន​ឡើយ​ពី​ការ​រិះគន់​និង​ការ​សង្ស័យ​របស់​មនុស្ស​ជុំវិញ​ខ្លួន ដែល​មាន​មក​លើ​សក្ដានុពល​របស់​អ្នក​ក្នុង​ការ​សម្រេច​គោលដៅ​អ្វី​មួយ​ដោយ​ជោគជ័យ​ទៅ​តាម​ការ​រំពឹង​ទុក​របស់​អ្នក។ ពួកគេ​ទាំងនោះ​អាច​និយាយ​ត្រូវ​ដែល​ថា​អ្នក​ដេក​ស្រមើស្រមៃ​ជ្រុល​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ និង​ការណ៍​ដែល​អ្នក​កុហក​ខ្លួនឯង​និង​មិន​ទទួល​ស្គាល់​ការ​ពិត​ពី​ស្ថានភាព​ជាក់ស្ដែង​របស់​អ្នក។

ពួកគេ​និយាយ​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ការណ៍​ដែល​អ្នក​មាន​ជីវិត​មក​រស់នៅ​ក្នុង​ពិភពលោក​នេះ គឺ​មិនមែន​ដើម្បី​អោន​ក្បាល​ចុះ​ទទួល​យក​ការ​ពិត​ទាំងនោះ​ឡើយ អ្នក​នៅ​តែ​ទទួល​ស្គាល់​ការ​ពិត​ជា​ការ​ពិត ប៉ុន្តែ​គោលដៅ​របស់​អ្នក​ក្នុង​លោក​នេះ​គឺ​ដើម្បី​បង្កើត​ការ​ពិត ផ្លាស់ប្ដូរ​ការ​ពិត​ឲ្យ​ល្អ​ប្រសើរ។ តើ​អ្នក​អាច​ផ្លាស់ប្ដូរ​ការ​ពិត​ដោយ​ទទួល​ស្គាល់​ការ​ពិត អោន​ក្បាល​ទទួល​យក​ការ​ពិត​ទាំងនោះ និង​អង្គុយ​ចាំ​តែ​បន្ទោស​សង្គម​និង​មនុស្ស​ខាងក្រៅ​ដែល​បង្ក​រឿង​សោកនាដកម្ម​ទាំងនោះ​ឡើង​ឬ ? បើ​អ្នក​ធ្វើ​បែប​នេះ អ្នក​មិន​អាច​ផ្លាស់ប្ដូរ​អ្វី​ឡើយ។

ការ​រអ៊ូរទាំ​និង​ទម្លាក់​កំហុស​ទៅ​ឲ្យ​កត្តា​ខាងក្រៅ​មិន​អាច​កែប្រែ​អ្វី​ឲ្យ​ល្អ​ប្រសើរ​នោះ​ឡើយ ផ្ទុយទៅវិញ​វា​គឺជា​របៀប​នៃ​ការ​រស់នៅ​មួយ​ដែល​បង្រៀន​អ្នក​ឲ្យ​ក្លាយ​ជា​មនុស្ស​ទន់ខ្សោយ អាត្មានិយម និង​ជា​ទាសករ​ឬ​ជន​រងគ្រោះ​របស់​សង្គម​និង​មនុស្ស​ជុំវិញ​ខ្លួន​អ្នក។ អ្នក​មិនមែន​វង្វេង​វង្វាន់​មិន​ស្គាល់​ថា​ការ​ពិត​ជា​អ្វី​នោះ​ទេ អ្នក​ទទួល​ស្គាល់​វា​ប៉ុន្តែ​មិន​អោន​ក្បាល​ទទួល​យក​វា​នោះ​ឡើយ ហើយ​អ្នក​ក៏​មិន​អាច​ផ្លាស់ប្ដូរ​បាន​ដោយ​ការ​បន្ទោស​រំពឹង​ទុក​ឲ្យ​ពិភពលោក​ខាងក្រៅ​ផ្លាស់ប្ដូរ នោះ​ជីវិត​អ្នក​នឹង​ផ្លាស់ប្ដូរ​ទៅ​ជា​ល្អ​ប្រសើរ​ដូច​ដែល​អ្នក​ធ្លាប់​រំពឹង​ចង់​បាន​នោះ​ដែរ។ អ្នក​ត្រូវ​ចាប់ផ្ដើម​ដោយ​ផ្លាស់ប្ដូរ​ខ្លួនឯង​ជា​មុន​សិន។

ហើយ​អ្នក​យក​អ្វី​មក​ផ្លាស់ប្ដូរ ? គ្មាន​អ្វី​ក្រៅ​ពី​ចំណេះដឹង​របស់​អ្នក​នោះ​ឡើយ។ ដូច​អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក នេលស៊ុន មេនដេឡា បាន​ពោល​ថា៖ "ចំណេះដឹង​គឺជា​អាវុធ​ដ៏​ខ្លាំងក្លា​បំផុត​ដែល​អ្នក​អាច​ប្រើប្រាស់​ដើម្បី​ផ្លាស់ប្ដូរ​ពិភពលោក​បាន"។ នៅ​លើ​លោក​នេះ​គ្មាន​អ្វី​ដែល​មាន​ដែន​កំណត់​នោះ​ទេ គឺ​មាន​តែ​ភាព​ល្ងង់ខ្លៅ​របស់​មនុស្ស​ប៉ុណ្ណោះ៕

ដោយ៖ ស្រីពៅ

X
5s