វិធីដែលមនុស្សឆ្លាតប្រើប្រាស់ ដើម្បីធ្វើការតិចតែទទួលផលច្រើន
មនុស្សខ្លះមើលទៅហាក់ដូចជាពូកែ មានលទ្ធផលដ៏អស្ចារ្យក្នុងការបំពេញភារកិច្ចរបស់ពួកគេ។ បើទោះបីជាពួកគេមិនធ្វើការសៅរ៍ឬអាទិត្យ ប៉ុន្តែផលិតភាពការងាររបស់ពួកគេគឺមិនចាញ់មនុស្សដែលធ្វើការរាល់ថ្ងៃឡើយ។ ខាងក្រោមនេះជាគន្លឹះដែលជួយអ្នកឲ្យមានពេលសម្រាកនៅចុងសប្ដាហ៍ហើយផលិតភាពការងារអាចដល់ទៅ១១០ភាគរយនៅថ្ងៃច័ន្ទទៀតផង៖
១) ផ្ដាច់ខ្លួនទាំងស្រុងពីការងារចុងសប្ដាហ៍៖ ការផ្ដាច់ខ្លួនទាំងស្រុងពីការងារគឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយដែលមនុស្សឆ្លាតបានប្រើប្រាស់។ ប្រសិនអ្នកមិនអាចផ្ដាច់ខ្លួនទាំងស្រុងពីការងារនោះទេ នោះអ្នកដូចជាធ្វើការ៧ថ្ងៃក្នុងមួយសប្ដាហ៍អ៊ីចឹង។ ហើយអ្នកមិនមានពេលរៀបចំយុទ្ធសាស្ត្រសម្រាប់ជំហានបន្ទាប់ ព្រោះបើសម្រុកធ្វើការសឹងរាល់ថ្ងៃ ដោយមិនទុកពេលវេលាខ្លះដើម្បីរៀបចំផែនការទេ នោះទោះប្រឹងធ្វើក៏ធ្វើទាំងមិនដឹងទិសដៅច្បាស់លាស់ ដូច្នេះហើយ ការទុកពេលវេលាសមរម្យនៅចុងសប្តាហ៍ដើម្បីសម្រាកខ្លះ និង ដើម្បីរៀបចំគម្រោងនេះ គឺជារឿងដែលមិនគួរមើលរំលង។
២) ធ្វើលំហាត់ប្រាណ៖ ជាការពិតណាស់ មនុស្សយើងមានទំនួលខុសត្រូវច្រើននិងមមាញឹកនឹងការងារ ដែលធ្វើឲ្យពិបាកក្នុងការលៃលកពេលវេលាសម្រាប់ការហាត់ប្រាណ។ ដូច្នេះហើយនៅចុងសប្ដាហ៍ អ្នកមានពេលវេលាដល់ទៅ៤៨ម៉ោង។ ការហាត់ប្រាណមិនត្រឹមតែល្អចំពោះសុខភាពនិងកាត់បន្ថយភាពតានតឹងនោះទេ វាថែមទាំងជួយអ្នកឲ្យមានភាពឆ្នៃប្រឌិតជាងមុន។
៣) ការគិតពិចារណា៖ អ្នកប្រើប្រាស់ចុងសប្ដាហ៍សម្រាប់ធ្វើការវិភាគ គិតពិចារណាដើម្បីភាពរីកចម្រើនបន្ថែមទៀត។ ការគិតពិចារណាប្រៀបបានដូចជាសំលៀងពូថៅព្រោះអ្នកបានសំលៀងការគិតរបស់អ្នកឲ្យមុត ដូច្នេះហើយអ្នកអាចបង្កើនផលិតភាពការងាររបស់អ្នកដូចគ្នា។
៤) បង្កើនចំណេះ៖ អ្នកមមាញឹកខ្លាំងណាស់នៅថ្ងៃធ្វើការ សឹងតែគ្មានពេលសម្រាប់ខ្លួនឯង។ អ៊ីចឹងហើយ នៅចុងសប្ដាហ៍គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់អ្នកធ្វើអ្វីដែលមានប្រយោជន៍។ អ្នកអាចរៀន១ម៉ោងនៅចុងសប្ដាហ៍ឬអានសៀវភៅដើម្បីពង្រឹងចំណេះដឹងបន្ថែម។ ការបន្ថែមចំណេះដឹងអាចនឹងជួយសម្រួលដល់ការងាររបស់អ្នក ធ្វើតិចតែធ្វើត្រូវ ទទួលផលបានច្រើន៕
ដោយ៖ អឹុង មុយយូ