អ្នកមិនអាចឲ្យកូនៗជោគជ័យបានដោយចាត់ទុកពួកគេជាព្រះនាងឬព្រះអង្គឡើយ
ចុងក្រោយបំផុត មនុស្សជោគជ័យពុំមែនជាមនុស្សដែលមានត្រឹមតែទេពកោសល្យ សមត្ថភាព ឬទ្រព្យសម្បត្តិហូរហៀរនោះឡើយ ប៉ុន្តែមនុស្សជោគជ័យគឺជាមនុស្សដែលមិនព្រមចុះចាញ់។ តើអ្នកដឹងទេថា មានពេលខ្លះកូនរបស់អ្នកមិនចង់បានអ្វីពីអ្នកក្រៅពីការជឿទុកចិត្តរបស់អ្នកចំពោះពួកគេ ? មនុស្សរាល់គ្នាទាំងអស់ ត្រូវការតែម្យ៉ាងគត់ដើម្បីសម្រេចដល់គោលដៅ ដែលនោះគ្រាន់តែជាទំនុកចិត្តពីមនុស្សជាទីស្រឡាញ់ដែលជឿជាក់ថាពួកគេអាចធ្វើវាបាន មិនថាមានឧបសគ្គលំបាកប៉ុណ្ណាត្រូវពុះជ្រែកក៏ដោយ។
អ្នកមិនអាចឲ្យត្រីពួកគេរហូតនោះទេ អ្នកក៏មិនអាចបីបាច់ថែរក្សាចាំជួយពួកគេរហូតនោះដែរ ពេលខ្លះអ្នកគួរតែដកឃ្លានិងលែងដៃពួកគេខ្លះ ដើម្បីឲ្យពួកគេរៀនចេះចាប់ត្រីចិញ្ចឹមជីវិតខ្លួនឯងឲ្យរស់ដោយខ្លួនឯង។ អ្នកមិនអាចឲ្យពួកគេជោគជ័យបានដោយចាត់ទុកពួកគេដូចជាព្រះនាង ឬព្រះអង្គនោះឡើយ។ អ្នកដែលកើតមកក្នុងត្រកូលគ្រួសារស្ដុកស្ដម្ភដែលចាំតែមានអ្នកបម្រើឆ្វេងស្ដាំនិងបម្រើអាហារនៅលើតុស្រាប់ៗ គ្មានថ្ងៃនឹងស្គាល់រសជាតិសេចក្ដីសុខដ៏សាមញ្ញបំផុតនៅវាលស្រែចម្ការល្វឹងល្វើយនោះឡើយ។ គោលបំណងរបស់ឪពុកម្ដាយគ្មានអ្វីក្រៅពីចង់ឲ្យកូនស្រណុកស្រួលនិងមានសេចក្ដីសុខនោះឡើយ ហេតុនេះទើបបានជាព្យាយាមណែនាំបង្រៀនគ្រប់សព្វបែបយ៉ាងដើម្បីតម្រង់ពួកគេឲ្យដើរលើផ្លូវណាដែលធានាពីសុវត្ថិភាព។
ប៉ុន្តែនៅពេលពួកគេធំធាត់ពេញវ័យដែលមានទំនួលខុសត្រូវជាច្រើននៅលើស្មា ដែលតម្រូវឲ្យពួកគេត្រូវឆ្លងកាត់ការលំបាកជាច្រើន នោះការដែលធ្លាប់តែលូតលាស់នៅក្នុងស្ថានភាពសុខស្រួល ហើយឥឡូវបែរជាជួបការលំបាក តើខួរក្បាលរបស់ពួកគេត្រូវរិះរកដោះស្រាយបញ្ហាទាំងនោះតាមវិធីណាដោយគ្មានអ្នក ? ពួកគេធំធាត់ឡើងដោយគ្មានខ្លួនឯងជាម្ចាស់ការ ខ្វះភាពជឿទុកចិត្តលើខ្លួនឯង ខ្លាចការលំបាក ខ្លាចការបរាជ័យ បរាជ័យនិងការសាងកំហុសគឺជារឿងអាក្រក់និងគួរឲ្យខ្មាសអៀនបំផុតនៅក្នុងជីវិត ពួកគេខ្លាចមនុស្សក្នុងសង្គម ខ្លាចការបដិសេធ ខ្លាចការរិះគន់ស្ដីបន្ទោស ខ្លាចសាកល្បងនិងប្រថុយធ្វើរឿងថ្មីៗ ដែលអាចបណ្ដុះសមត្ថភាពពួកគេឲ្យរីកចម្រើនជាងមុន។ នេះសុទ្ធតែជាលទ្ធផលក្នុងរយៈពេលវែងដែលកើតចេញពីការឃុំឃាំងពួកគេទុកដូចជាព្រះនាងឬព្រះអង្គនេះឯង។
ការគិតរបស់ពួកគេត្រូវបានបង្ហាត់ឲ្យគិតស្វែងរកសុវត្ថិភាព ជាផ្លូវដើរណាដែលនឹងឆាប់នាំពួកគេទៅដល់គោលដៅ។ ចាស់ៗមិនចូលចិត្តអន្ទង់វែងឆ្នាំងវែងនោះទេ។ មូលហេតុនេះហើយដែលចាស់ៗពីដើមតែងរៀបចំទុកដាក់គូស្រករឲ្យកូនចៅឲ្យហើយ ព្រោះតែមិនចង់ឲ្យដើរផ្លូវវែងឆ្ងាយអន្ទង់វែងឆ្នាំងវែង ចង់ឲ្យដើរតែម្ដងហើយដល់គោលដៅតែម្ដង។ ប៉ុន្តែពួកគេក៏មិនខុសពីកង្កែបក្នុងអណ្ដូងនោះដែរ មិនដឹងថាពិភពលោកធំធេងប៉ុណ្ណា មិនដឹងថាខ្លួនឯងអាចមានសក្ដានុពលធ្វើនូវអ្វីដែលខ្លួនធ្លាប់តែគិតថាមិនអាចទៅរួច ដែលជារឿងគួរឲ្យសោកស្ដាយបំផុត។ ពួកគេនឹងដើរតាមដានស្នាមចាស់ដែលអ្នកមុនៗបានបន្សល់ទុកឲ្យ ពួកគេគ្មានភាពក្លាហាននិងទំនុកចិត្តលើខ្លួនឯងថាអាចធ្វើអ្វីឲ្យខុសប្លែកពីមុនបាននោះឡើយ ព្រោះទោះខំប្រឹងយ៉ាងណាក៏គង់តែបរាជ័យ។
បរាជ័យឬជោគជ័យ អាចទៅរួចឬមិនអាចទៅរួច ស្ថិតនៅក្នុងខួរក្បាលអ្នកប៉ុណ្ណោះ។ បើពិតថាក្នុងលោកនេះមានព្រហ្មលិខិតកំណត់មកហើយក្ដី ប៉ុន្តែព្រហ្មលិខិតនេះមិនអាចយកឈ្នះចិត្តអំណត់តស៊ូដែលមិនព្រមរាថយរបស់មនុស្សបានឡើយ។ អ្នកកំប្លែងសាក់ឡូ ធ្លាប់និយាយថា៖ "មានតែមនុស្សក្លាហានប៉ុណ្ណោះទើបអាចធ្វើរឿងឆ្កួតៗបាន"។ មហាសេដ្ឋីលោក Richard Branson ក៏ធ្លាប់មានសារមួយសម្រាប់ឪពុកម្ដាយថា៖ "ជាញឹកញាប់ណាស់ដែលមនុស្សជំទង់តែងតែរក្សាទុកក្មេងៗឲ្យមានសុវត្ថិភាព ការពារពួកគេពីការឈឺចាប់ទាំងឡាយណាដែលនាំពួកគេទៅរកការបរាជ័យ។ នេះគឺជាកំហុសដ៏ធំមួយ។ ក្មេងដែលកាន់តែត្រូវបានប្រាប់ថាពួកគេមិនអាចធ្វើអ្វីបាន នោះពួកគេនឹងកាន់តែបាត់បង់ភាពងឿងឆ្ងល់និងការប្ដេជ្ញាចិត្តរបស់ពួកគេ"។
អ្នកគួរតែលែងដៃពួកគេខ្លះ និងផ្ដល់សេរីភាពគ្រប់គ្រាន់សម្រាប់ឲ្យពួកគេបរាជ័យ ដើម្បីទុកឱកាសឲ្យពួកគេរៀនសូត្រថាតើអ្វីទៅដែលអាចដំណើរការណ៍បាននិងអ្វីទៅដែលមិនអាចដំណើរការណ៍បានដោយខ្លួនពួកគេផ្ទាល់។ បើទោះថាដំណើរជីវិតបែបនេះត្រូវចំណាយពេលអស់យូរទម្រាំដល់គោលដៅ ប៉ុន្តែអ្នកនឹងមិនដឹងនោះទេថាតើអំឡុងពេលដួលងើបដួលងើបនេះពួកគេនឹងរៀនសូត្រមេរៀនដ៏តម្លៃអ្វីខ្លះដែលក្នុងសាលាមិនដែលបង្រៀន៕
ដោយ៖ ស្រីពៅ