ផលអវិជ្ជមានដែលអ្នកទទួលបានពីការលេងFacebook ដោយមិនដឹងខ្លួន
Facebook មិនត្រឹមតែផ្លាស់ប្ដូររបៀបមនុស្សប្រាស្រ័យទាក់ទងគ្នានោះទេ ប៉ុន្តែថែមទាំងមានផលប៉ះពាល់ដល់អារម្មណ៍របស់ពួកគេផងដែរ។ អ្នកប្រើប្រាស់Facebook ជាច្រើនចូលចិត្តបញ្ចេញអារម្មណ៍របស់ខ្លួនទាំងល្អឬមិនល្អតាមរយៈ Facebook ហើយវា ក៏បាននាំយកនូវផលប៉ះពាល់ជាច្រើនទៀតដូចខាងក្រោម៖
១) កាត់បន្ថយទំនាក់ទំនងពិតប្រាកដ៖ មនុស្សនាសម័យមុនគឺប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ដែលបង្កើនឲ្យមានភាពស្និទ្ធស្នាលនិងជិតស្និទ្ធរវាងគ្នានិងគ្នា។ ខណៈ ពេលដែលមនុស្សអាចប្រើប្រាស់Facebook សម្រាប់ទាក់ទងជាមួយមនុស្សនៅឆ្ងាយ មនុស្សបែរជាមិនសូវចេញក្រៅនិយាយគ្នាលេងជាមួយមនុស្សទៅវិញ។ ផ្ទុយទៅវិញ មនុស្សបែរជាជ្រើសរើសនៅផ្ទះនិយាយគ្នាតាមរយៈកុំព្យូទ័រឬទូរស័ព្ទដៃទៅវិញ។
២) ការរំខាន៖ អ្នកប្រហែលជាអាចដឹងរាល់សកម្មភាពរបស់មិត្តភ័ក្ដិឬក្រុមគ្រួសាររបស់អ្នក ប៉ុន្តែអ្នកប្រហែលជាមិនសូវមានផលិតភាពនៅសាលាឬកន្លែងការងារប៉ុន្មាននោះទេព្រោះអ្នករវល់តែឆែកFacebook ដែលធ្វើឲ្យមិនអាចផ្ដោតអារម្មណ៍១០០ភាគរយទៅលើការងារបាន។
៣) មិនល្អសម្រាប់ភ្នែក៖ ការសម្លឹងមើលអេក្រង់ច្រើនម៉ោងនឹងមានផលប៉ះពាល់ដល់ភ្នែករបស់អ្នក។ ដូចដែលបានដឹងស្រាប់ យុវជនឥឡូវពាក់វ៉ែនតាច្រើនណាស់។ យើងទាំងអស់គ្នាគួរតែចំណាយពេលចេញក្រៅដើរលេង ស្រួបយកខ្យល់ជាជាងអង្គុយលេងតែនៅមុខអេក្រង់។
ដោយ៖ អឹុង មុយយូ