តិចនិកងាយៗដែលអ្នកគួរធ្វើប្រចាំថ្ងៃ ដើម្បីមានប្រាជ្ញាកាន់តែឆ្លាតជាងមុន
ភាពវ៉ៃឆ្លាតមិនមែនមានពីកំណើតទាំងស្រុងនោះទេ។ មនុស្សគ្រប់រូបនៅលើលោកនេះសុទ្ធតែអាចក្លាយជាមនុស្សឆ្លាតវ៉ៃទាំងអស់។ បើអ្នកគិតថាខ្លួនឯងមិនឆ្លាត ចូរកុំបារម្ភអី មានចំណុចជាច្រើនដែលអ្នកអាចធ្វើជាប្រចាំថ្ងៃដើម្បីបង្កើនការគិតរបស់អ្នកឲ្យមានភាពឆ្លាតវ៉ៃជាមុន។ អនុវត្តគន្លឹះទាំងនេះជាប្រចាំថ្ងៃដើម្បីបង្កើនប្រាជ្ញារបស់អ្នក៖
១) អានសៀវភៅសង្ខេប៖ ជាការពិតណាស់ ការអានសៀវភៅមានអត្ថប្រយោជន៍ព្រោះវាផ្ដល់នូវចំណេះដឹងថ្មីៗជាយើង។ ប៉ុន្តែ អ្នកត្រូវតែមានភាពវ៉ៃឆ្លាតជាងនេះ។ ដោយសារតែអ្នកមមាញឹកជាមួយនឹងការងារផង ហើយម៉្យាងវិញទៀត អ្នកប្រហែលជាគ្មានពេលវេលាច្រើនផង ដូច្នេះហើយអ្នកអាចជ្រើសរើសការអានសៀវភៅបែបលក្ខណៈសង្ខេប ដែលជួយឲ្យអ្នកទទួលបានព័ត៌មានបានច្រើននិងមិនចំណាយពេលយូរ។
២) ស្ដាប់កាសែតថតសំឡេងឬមើលវីដេអូ៖ ប្រសិនអ្នកមិនចូលចិត្តការអាន អ្នកក៏អាចជ្រើសរើសការស្ដាប់ដើម្បីទទួលបានព័ត៌មានថ្មីៗនិងបង្កើនការគិតផងដែរ។ កាសែតថតសំឡេងឬមើលវីដេអូដែលមានប្រយោជន៍មានដូចជាTED Talks ជាដើម ដែលអ្នកអានរកបានដោយឥតគិតថ្លៃ។
៣) រាប់អានមនុស្សដែលឆ្លាតជាងអ្នក៖ ពិតប្រាកដណាស់ មនុស្សដែលអ្នករាប់អានមានផលប៉ះពាល់ដល់ជីវិតរបស់អ្នក។ ប្រសិនអ្នករាប់អានមនុស្សដែលពូកែនិងឆ្លាត អ្នកក៏រៀនចេះគិត ពូកែនិងឆ្លាតទៅតាមហ្នឹងផងដែរ។ ម៉្យាងវិញទៀត ទៅថ្ងៃអនាគតអ្នកអាចនឹងប្រើប្រាស់ការគិតដែលអ្នកបានរៀនពីមនុស្សឆ្លាតទាំងនោះដោយមិនដឹងខ្លួនផង។
៤) ទទួលទានទឹកក្រោយងើបពីគេង៖ ដោយសារតែអ្នកគេងច្រើនម៉ោង នោះក៏មានន័យថាខ្លួនប្រាណរបស់អ្នកមិនបានទទួលជាតិទឹកអស់ជាច្រើនម៉ោងផងដែរ។ ហើយតាមការស្រាវជ្រាវបានរកឃើញថា ជាតិទឹកពិតជាដើរតួយ៉ាងសំខាន់សម្រាប់ប្រតិបត្តិការក្នុងខ្លួន។ ដូច្នេះហើយ អ្នកត្រូវប្រាកដថាអ្នកទទួលទានទឹកឲ្យបានគ្រប់គ្រាន់៕
ដោយ៖ អុឹង មុយយូ