​​​មេរៀន​ជីវិត​ដ៏​មាន​តម្លៃ​ពី​​លោក​​ ​​បិនចាមិន ហ្វ្រេនឃ្លីន​​ បិតា​ស្ថាបនិក​សហរដ្ឋអាមេរិក​​​



តើ​អ្នក​ដឹង​ទេ​ថា រូប​បុរស​ម្នាក់​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​លើ​ក្រដាស​ប្រាក់​អាមេរិក​១០០​ដុល្លារ​មួយ​សន្លឹក​នេះ​គឺជា​នរណា ? តើ​លោក​មាន​តម្លៃ​ប៉ុណ្ណា​សម្រាប់​ប្រជាជន​អាមេរិក ? តើ​ការ​លះបង់​របស់​លោក​មាន​អ្វីខ្លះ​ទើប​អាច​ឲ្យ​អាមេរិក​កសាង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​នៅ​ក្នុង​ពិភពលោក​នេះ​បាន ?

ប្រភពរូប៖ Pixabay

រូបភាព​របស់​បុរស​ដែល​មាន​នៅ​លើ​ក្រដាស​ប្រាក់​១០០​ដុល្លារ​សហរដ្ឋអាមេរិក​នេះ គឺជា​រូប​របស់​រដ្ឋបុរស​អាមេរិក លោក បិនចាមិន ហ្វ្រេនឃ្លីន (Benjamin Franklin)។ ឆាក​ជីវិត​របស់​លោក​តាំង​ពី​ដើម​រហូត​ដល់​ចប់​គឺជា​ការ​លះបង់​បម្រើ​ប្រយោជន៍​រួម ដើម្បី​ទាមទារ​រក​សិទ្ធិ​សេរីភាព​និង​បង្រួបបង្រួម​ប្រជាជាតិ​អាមេរិក​ឲ្យ​ចូល​មក​ជា​សង្គមជាតិ​តែមួយ អំឡុង​ពេល​ដែល​អាមេរិក​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ចក្រភពអង់គ្លេស​នៅ​ឡើយ។ រដ្ឋបុរស​របស់​អាមេរិក​រូប​នេះ​គឺជា​អ្នក​ដែល​បាន​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​កសាង​សហរដ្ឋអាមេរិក ដែល​ជា​មូលហេតុ​មួយ​ដែល​នាំឲ្យ​ប្រវត្តិសាស្ត្រ​ពិភពលោក​តែងតែ​ផ្ដល់​កិត្តិសព្ទ​ដល់​លោក​ក្នុង​នាម​ជា​បិតា​ស្ថាបនិក​សហរដ្ឋអាមេរិក។

អ្វី​ដែល​រឹតតែ​សំខាន់​ជាង​នេះ​ទៅ​ទៀត​គឺ លោក​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​បាន​ចុះ​ហត្ថលេខា​ក្នុង​កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន​៤​ច្បាប់​ដែល​រួម​ចំណែក​ក្នុង​ការ​ស្ថាបនា​អាមេរិក ក្នុង​នោះ​មាន​សេចក្ដី​ប្រកាស​ទាមទារ​ឯករាជ្យ​ក្នុង​ឆ្នាំ​១៧៧៦ កិច្ចព្រមព្រៀង​សម្ព័ន្ធមិត្ត​ជាមួយ​បារាំង​ក្នុង​ឆ្នាំ​១៧៧៨ កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ទីក្រុង​ប៉ារីស​ជាមួយ​ចក្រភពអង់គ្លេស​ក្នុង​ឆ្នាំ​១៧៨៣ និង​រដ្ឋធម្មនុញ្ញ​របស់​អាមេរិក​ក្នុង​ឆ្នាំ១៧៨៧។

ក្រៅ​ពី​ជា​បិតា​ស្ថាបនិក​អាមេរិក​ដ៏​សំខាន់​មួយ​រូប​ហើយ អ្នក​វិទ្យាសាស្ត្រ​រូប​នេះ​ថែម​ទាំង​ជា​អ្នក​ដែល​បាន​រក​ឃើញ​ថា​រន្ទះបាញ់​គឺជា​អគ្គិសនី តាមរយៈ​ការ​ពិសោធន៍​បង្ហោះ​ខ្លែង​ដ៏​ល្បីល្បាញ​បំផុត​មួយ​របស់​លោក ព្រម​ទាំង​បាន​បង្កើត​ពាក្យ​បច្ចេកទេស​សម្រាប់​ប្រើប្រាស់​ក្នុង​ភាសា​អគ្គិសនី​ជាច្រើន​ផង​ដែរ។ គាត់​ក៏​ជា​អ្នក​ច្នៃប្រឌិត​បង្កើត​វត្ថុ​ដែល​ក្នុង​នោះ​មាន​ដូចជា កែវយឹត ឧបករណ៍​តន្ត្រី​អាម៉ូនីកា និង​ឡ​ដុត​កម្ដៅ​ដែល​ប្រើប្រាស់​ធ្យូងថ្ម​តិច​ជាង​មុន តែ​ចំណេញ​កម្ដៅ​ជាង​មុន។

មិនតែប៉ុណ្ណោះ​អ្នក​ជំនួញ​ដ៏​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​រូប​នេះ​ថែម​ទាំង​ជា​អ្នក​បោះពុម្ព​ផ្សាយ​ដ៏​ល្បី​ឈ្មោះ​បោះ​សំឡេង​ផង​ដែរ។ សូម្បីតែ​ចុងក្រោយ​នៃ​ឆាក​ជីវិត​រយៈពេល​៨៤​ឆ្នាំ​ដែល​ពោរពេញ​ដោយ​ការ​លះបង់​បម្រើ​ប្រយោជន៍​ជាតិ​របស់​លោក លោក​បាន​បរិច្ចាគ​ប្រាក់​របស់​លោក​ឲ្យ​ទីក្រុង​បុសស្តុន (Boston) និង​ទីក្រុង​ហ្វីឡាដេលហ្វីយ៉ា (Philadelphia) ដែល​ពេល​ក្រោយ​មក​ក៏​បង្កើត​បាន​ជា​សាលា សារមន្ទីរ​វិទ្យាសាស្ត្រ ជំនួយ​អាហារូបករណ៍ និង​គម្រោង​ដទៃ​ផ្សេង​ទៀត​ក្នុង​សហគមន៍​ផង​ដែរ។

ខាងក្រោម​នេះ​គឺជា​មេរៀន​ជីវិត​សំខាន់ៗ​២​ចំណុច​ដែល​បិតា​ស្ថាបនិក​អាមេរិក​រូប​នេះ​បាន​បន្សល់​ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ៖

១) កុំ​បញ្ឈប់​ការ​សិក្សា​រៀន​សូត្រ​ឲ្យ​សោះ៖ នៅ​ក្នុង​តារាង​កាលវិភាគ​ប្រចាំ​ថ្ងៃ​របស់​លោកខាងក្រោមនេះ អ្នក​នឹង​សង្កេត​ឃើញ​ថា​លោក ហ្វ្រេនឃ្លីន គឺជា​បុគ្គល​មួយ​រូប​ដែល​បាន​បង្រៀន​យើង​ឲ្យ​ស្គាល់​នូវ​តម្លៃ​នៃ​ពេលវេលា។ គាត់​មាន​ទំនួល​ខុសត្រូវ​លើ​ការងារ​រាប់​ជំពូក ប៉ុន្តែ​គាត់​នៅ​តែ​អាច​ស្វែងរក​ពេលវេលា​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ដុសខាត់​សំលៀង​កាំបិត​ចំណេះដឹង​របស់​ខ្លួន​ឲ្យ​មុត​ជានិច្ច។ គាត់​ក៏​បាន​ឲ្យ​យើង​រៀន​សូត្រ​ដឹង​ថា មនុស្ស​ដែល​ខ្ជះខ្ជាយ​ពេលវេលា​របស់​ពួកគេ​ឥត​ប្រយោជន៍ មានន័យ​ថា​បុគ្គល​នោះ​មិន​ទាន់​រក​ឃើញ​ពី​តម្លៃ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​នោះ​ឡើយ។

២) បង្កើត​ផែនការ​ត្រៀម​ទុក​ជា​មុន៖ គាត់​គឺជា​មនុស្ស​ដែល​ឆាប់​ចូល​គេង ហើយ​ក៏​ឆាប់​ភ្ញាក់​ពី​គេង​ដែរ។ ខុស​ស្រឡះ​ពី​ជីវិត​រស់នៅ​បច្ចុប្បន្ន​ដែល​ធ្វើឲ្យ​ជីវិត​ប្រែ​ជា​គ្មាន​អត្ថន័យ​និង​គ្មាន​ប្រសិទ្ធភាព គាត់​បាន​ចំណាយ​ពេលវេលា​៣​ម៉ោង​ទៅលើ​ការ​ជម្រះ​ខួរក្បាល​ឲ្យ​ជ្រះ​ស្រឡះ​ល្អ​មុន​នឹង​ចាប់ផ្ដើម​ការងារ។ គាត់​ក៏​បាន​និយាយ​ថា បើ​អ្នក​បរាជ័យ​ក្នុង​ការ​ត្រៀម​ខ្លួន នោះ​អ្នក​នឹង​ត្រៀម​ខ្លួន​សម្រាប់​ការ​បរាជ័យ។ ការ​ប្រើប្រាស់​ពេលវេលា​ដ៏​ឈ្លាសវៃ​រយៈពេល​៣​ម៉ោង​យ៉ាង​ស្ងប់ស្ងាត់​នៅ​ពេល​ព្រឹក​នេះ នឹង​អាច​ឲ្យ​លោក​ត្រឡប់​រិះគិត​មក​លើ​ដំណោះស្រាយ​ដែល​លោក​បាន​ប្រើប្រាស់ និង​អាច​រៀបចំ​ផែនការ​ត្រៀម​ខ្លួន​តាម​សម្រួល​សម្រាប់​ដោះស្រាយ​បញ្ហា​សំខាន់ៗ​ក្នុង​ការងារ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព៕

ដោយ៖ ស្រីពៅ

X
5s