អ្នកចិត្តសាស្ត្រ៖ មុនពេលជោគជ័យធំធេងក្នុងជីវិត មនុស្សតែងឆ្លងកាត់ការឈឺចាប់៧ដំណាលកាល
លោកស្រី Sherrie Campbell គឺជាអ្នកជំនាញផ្នែកចិត្តសាស្ត្រនៅសហរដ្ឋអាមេរិក និង ជាអ្នកនិពន្ធផងនោះ បានលើកឡើងថា មុនពេលចូលដល់ភាពជោគជ័យក្នុងជីវិត មនុស្សតែងពើបប្រទះនឹង ការឈឺចាប់ចំនួន៧ដំណាក់កាលដែលមិនអាចគេផុត។ ចំណុចទាំង៧នេះត្រូវបានលើកស្រីសរសេររៀបរាប់យ៉ាងលម្អិត ហើយបានចេញផ្សាយនៅទស្សនាវដ្ដីអេឡិចត្រូនិកផ្នែកសហគ្រិនភាពរបស់អាមេរិកឈ្មោះថា Entrepreneur។ ខាងក្រោមនេះជាសេចក្តីសង្ខេបនៃអត្ថបទរបស់លោកស្រី៖
១) អ្នកនឹងមានអារម្មណ៍ថា ឈឺចាប់៖ គ្រប់បុគ្គលជោគជ័យទាំងអស់ក្នុងលោក សុទ្ធតែធ្លាប់ពាល់អារម្មណ៍ឈឺចាប់ទាំងអស់ក្នុងជីវិតរបស់ខ្លួន នៅពេលដែលពួកគេចាប់ផ្ដើមធ្វើកិច្ចការ ដើម្បីឆ្ពោះទៅកាន់គោលដៅដែលបានកំណត់។ គ្មានភាពជោគជ័យណាដែល អាចកើតឡើងដោយងាយៗនោះឡើយ ពោលគឺត្រូវតែឆ្លងកាត់ដំណាក់កាលអស់សង្ឃឹម និង ឈឺចាប់ ប៉ុន្តែអ្វីដែលសំខាន់នោះ បើអ្នកអាចទ្រាំបាន ហើយដឹងថា វាជារឿងធម្មតាប៉ុណ្ណោះនោះ មិនយូរមិនឆាប់អ្នកនឹងឆ្លងផុត។
២) អ្នកនឹងមានអារម្មណ៍ថា ចង់បោះបង់៖ វាជារឿងធម្មតាប៉ុណ្ណោះ ដែលមនុស្សតែងចង់បោះបង់កិច្ចការដែលខ្លួនកំពុងធ្វើ រាល់ពេលដែលជួបបញ្ហា និង ក្ដីអស់សង្ឃឹម។ សម្រាប់មនុស្សដែលមានឆន្ទៈក្នុងការសម្រេចក្តីសុបិនរបស់ខ្លួន ទោះបីជាមានអារម្មណ៍បែបនេះក្ដី ប៉ុន្តែក៏ពួកគេនៅតែរកវិធីសាស្ត្រដើម្បី អាចបន្តការងារទៅមុខទៀតដែរ ដោយឡែកលោកសម្រាប់មនុស្សធម្មតាវិញ គឺនៅពេលជួបស្ថានភាពបែបនេះប្រាកដណាស់ថា នឹងសម្រេចបោះបង់ជាផ្លូវការតែម្ដង។
៣) អ្នកនឹងបាត់បង់ទំនាក់ទំនង៖ នៅពេលអ្នកជួបបញ្ហាជាច្រើនក្នុងជីវិតនោះ ប្រាកដណាស់ថា មានមនុស្សជាច្រើនដែលលែងចង់រាប់រកអ្នកព្រោះពួកគេគិតថា អ្នកជាមនុស្សគ្មានបានការ ហើយថា នៅតែជាមួយគឺប្រាកដជាគ្មានចំណេញ ព្រោះអ្នកប្រាកដជា សុំជំនួញមិនខាន។ ក្នុងនោះដែរ ដោយសារតែការឈឺចាប់ក្នុងស្ថានភាពដ៏អាក្រក់នេះ អ្នកខ្លួនឯងក៏ព្យាយាមនៅឲ្យឆ្ងាយពីមនុស្សមួយចំនួនផងដែរ ព្រោះគិតថា ខ្លួនឯងអន់ និង គ្មានបានការ ហើយក៏មិនចង់នាំទុក្ខដល់អ្នកដទៃ។
៤) មានមនុស្សជាច្រើននឹងបំបាក់ទឹកចិត្តអ្នក៖ នៅពេលឃើញអ្នកជួបក្ដីបរាជ័យក្នុងជីវិត ប្រាកដណាស់ថា នឹងមានមនុស្សមួយចំនួនចាំសើចចំអក និង បំបាក់ទឹកចិត្តរបស់អ្នក។ ពួកគេអាចនឹងនិយាយត្រង់ៗថា អ្នកនឹងគ្មានថ្ងៃអាចសម្រេចក្តីសុបិនរបស់ខ្លួនបាននោះឡើយក្នុងជីវិតនេះ។ សម្ដីបែបនេះហើយនឹងធ្វើឲ្យ ក្តីអស់សង្ឃឹម និង ភាពឈឺចាប់កាន់តែរីកធំឡើងៗ។ ក្នុងស្ថាននេះមនុស្សមួយចំនួនងាយនឹង សម្រេចចិត្តបោះបង់ខ្លាំងណាស់ ប៉ុន្តែបើអ្នកជាមនុស្សខ្លាំង ហើយគិតថា គ្មាននរណាម្នាក់អាចបញ្ឈប់អ្នកបាននោះឡើយ ហើយអ្នកនឹងសម្រេចវាឲ្យបាននៅថ្ងៃមួយ។
៥) អ្នកនឹងត្រូវបានគេស្អប់ទាំងមិនដឹងខ្លួន៖ បន្ទាប់ពីឆ្លងកាត់ដំណាក់កាលលំបាកជាច្រើនមក ពន្លឺជីវិតក៏ចាប់ផ្ដើមកើតឡើងបន្តិចម្តងៗ។ ប៉ុន្តែត្រូវចាំថា នៅពេលភាពជោគជ័យកំពុងចូលមកដល់នោះ អ្នកក៏ត្រូវប្រឈមនឹងបញ្ហាផ្សេងទៀត ជាពិសេសនោះមនុស្សមួយចំនួននឹងស្អប់អ្នក និង លួចច្រណែននឹងភាពជោគជ័យរបស់អ្នក។ ពេលខ្លះអ្នកទាំងនោះអាចនឹងព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យអ្នក ជួបបញ្ហា។
៦) អ្នកនឹងសង្ស័យខ្លួនឯង៖ នៅពេលដែលមានមនុស្សជាច្រើនស្អប់ និង ច្រណែនអ្នក ពិតណាស់ថា អ្នកនឹងមានអារម្មណ៍ថា ហាក់ដូចជា ខ្លួនឯងមានបញ្ហាអ្វីមួយ ហើយចាំផ្ដើមសង្ស័យខ្លាំងលើខ្លួនឯងទាំងចំណេះដឹង ឥរិយាបថ ការសម្រេចចិត្ត និង ចំណុចផ្សេងៗទៀត។ មានន័យថា អ្នកបរាជ័យជាថ្មីម្តងទៀត បន្ទាប់ពីជីវិតកំពុងទទួលបានពន្លឺយ៉ាងស្រស់បំព្រង។ វាជាអារម្មណ៍ដ៏ឈឺចាប់មួយ ដែលនឹងកើតឡើងក្នុងដំណាក់កាលនេះ។
៧ អ្នកអាចនឹងបរាជ័យ ឬ ក៏បរាជ័យតែម្ដង៖ នៅពេលដែលមានមនុស្សជាច្រើនស្អប់ និង ច្រណែនអ្នកហើយ ជាពិសេសនោះនៅពេលដែលអ្នកសង្ស័យលើសមត្ថភាពខ្លួនឯងទៀតនោះ អ្នកអាចនឹងបរាជ័យ ឬ បរាជ័យតែម្ដង។ ក្នុងស្ថានភាពនេះបើទោះបីជា បរាជ័យ ឬ ជោគជ័យ ក៏មិនទាន់ជារឿងដ៏គួរសំខាន់នៅឡើយ ប៉ុន្តែចំណុចដែលសំខាន់បំផុតនោះ គឺអ្នកត្រូវតែបន្តឆន្ទៈក្នុងការដើរឆ្ពោះទៅមុខជានិច្ច។ នៅទីបំផុតអ្នកនឹងទទួលបានតម្លៃដ៏អស្ចារ្យបំផុត ។ មិនថាមានរឿងអ្វីកើតឡើងនោះទេ វាគ្រាន់តែជាព្រឹត្តិការណ៍មួយប៉ុណ្ណោះ ដូច្នេះហើយបើអ្នកមិនកំណត់ថា ខ្លួនឯងជាមនុស្សបរាជ័យទេ អ្នកនឹងនៅតែជាមនុស្សដែលមានឱកាសជោគជ័យ ហើយជោគជ័យលើកនេះមិនមែនតូចតាចនោះឡើយ ព្រោះថា អ្នកមានបទពិសោធន៍ជាច្រើន ដែលធ្វើឲ្យអ្នកបានយល់ដឹងយ៉ាងច្រើន រហូតមានសមត្ថភាពអាចបង្កើតភាពជោគជ័យដ៏អស្ចារ្យ ហើយគ្មាននរណាម្នាក់ស្មានដល់។ ដូច្នេះហើយ មិនត្រូវបោះបង់ក្តីសង្ឃឹមដោយងាយៗនោះឡើយ៕
ដោយ៖ រតនា វិចិត្រ