ហេតុអ្វីអ្នកគួរស្វែងរកតម្លៃនៅក្នុងឧបសគ្គនៃជីវិតរបស់អ្នក?​



របស់​ដែល​បាន​មក​ដោយ​ស្រួល ពេល​បាត់បង់​ទៅវិញ​ក៏​ស្រួល​ដូច​គ្នា​ដែរ។ នៅ​លើ​លោក​នេះ តើ​នរណា​ម្នាក់​ដែល​មិន​ធ្លាប់​ជួប​ប្រទះ​បញ្ហា​សោះ​ក្នុង​ជីវិត ? ជីវិត​ដែល​មិន​ធ្លាប់​ជួប​បញ្ហា​សោះ​គ្មាន​តម្លៃ​អ្វី​បន្តិច​នោះ​ទេ។ មិន​ថា​ខណៈ​ពេល​នេះ អ្នក​កំពុង​តែ​ជួប​ប្រទះ​នឹង​អ្វី​ក៏​ដោយ អ្នក​ត្រូវ​ចាំ​ថា​អ្នក​មាន​សក្ដានុពល​ហួស​ពី​អ្វី​ដែល​អ្នក​អាច​ធ្លាប់​គិត​ដល់​ទៅ​ទៀត គ្រប់​យ៉ាង​គឺ​ស្ថិត​នៅ​លើ​ការ​គិត​របស់​អ្នក​ប៉ុណ្ណោះ។

បើ​ឧបសគ្គ​នៅ​ខាងក្រៅ​កំពុង​តែ​មក​រារាំង​ដំណើរ​អ្នក ចូរ​អ្នក​ធ្វើ​ខ្លួនឯង​ឲ្យ​ខ្លាំង​ជាង​ឧបសគ្គ​នោះ។ នៅ​ពេល​អ្នក​ជួប​ការ​លំបាក ចូរ​អ្នក​ក្រឡេក​មើល​មនុស្ស​ជុំវិញ​ខ្លួន​អ្នក នោះ​អ្នក​នឹង​ដឹង​ថា​តាម​ពិត​ទៅ​អ្នក​នេះ​ឯង​គឺជា​មនុស្ស​ដែល​សំណាង​ជា​ពួកគេ​ទៅ​ទៀត។ ជីវិត​មួយ​នេះ​អាច​នឹង​មាន​ការ​លំបាក​ជាច្រើន​មក​បន្ត​បន្ទាប់​គ្នា ប៉ុន្តែ​អ្នក​មិន​ត្រូវ​ទួញ​សោក​ស្រណោះ​អាណិត​ខ្លួនឯង​នោះ​ទេ ព្រោះ​ការណ៍​ដែល​អ្នក​ធ្វើ​បែប​នេះ​មានន័យ​ថា​អ្នក​កំពុង​បន្ទាប​ខ្លួនឯង​ឲ្យ​ទន់ខ្សោយ​ហើយ គឺ​អ្នក​ធ្វើ​ឲ្យ​ខ្លួនឯង​ជា​អ្នក​ចាញ់​ដោយ​ខ្លួនឯង។ កុំ​បន្ទោស​សង្គម គ្រួសារ មិត្តភ័ក្ដិ ឬ​មនុស្ស​នៅ​ខាងក្រៅ​ណា​ទាំងអស់ តែ​បន្ទោស​ខ្លួនឯង​វិញ​ទៅ ព្រោះ​គ្មាន​នរណា​ម្នាក់​ជា​សត្រូវ​របស់​អ្នក ដូច​ជា​អ្នក​ខ្លួនឯង​នោះ​ឡើយ។ ការ​គិត​របស់​អ្នក​ជា​អ្នក​តាក់តែង គូរវាស ឆ្លាក់​ឆ្នៃ និង​បង្កើត​នូវ​ការ​ពិត​ទាំងឡាយ​របស់​អ្នក​ឡើង។

បើ​អ្នក​ចង្អុល​អ្នកដទៃ​ចំពោះ​រាល់​អ្វីៗ​ដែល​អ្នក​ទទួល​បាន​នៅ​ក្នុង​ជីវិត នោះ​មានន័យ​ថា​អ្នក​លែង​មាន​ម្ចាស់​ការ​លើ​ជីវិត​របស់​ខ្លួនឯង​ហើយ។ ការ​គិត​របស់​អ្នកដទៃ​ចំពោះ​អ្នក​មាន​ឥទ្ធិពល​លើ​អ្នក​ឬ​អត់​អាស្រ័យ​ទៅលើ​ថា​តើ​អ្នក​អនុញ្ញាត​ឲ្យ​ពួកគេ​កំណត់​ទៅលើ​សេចក្ដី​សុខ​ឬ​សេចក្ដី​ទុក្ខ​របស់​អ្នក​ឬ​អត់។ អ្វី​ដែល​ធ្វើឲ្យ​មនុស្ស​ជោគជ័យ​ជោគជ័យ​មិនមែន​ដោយសារ​តែ​ពួកគេ​មិន​ធ្លាប់​បរាជ័យ​នោះ​ទេ ប៉ុន្តែ​គឺ​ដោយសារ​តែ​ពួកគេ​ធ្លាប់​បរាជ័យ​ច្រើន​រាប់​មិន​អស់​នេះ​ឯង។ ពួកគេ​មិន​សម្លឹង​ឃើញ​ការ​បរាជ័យ​ជា​រឿង​អាក្រក់​នោះ​ទេ។ ពួកគេ​សម្លឹង​ឃើញ​វា​ជា​មេរៀន មេរៀន​ជីវិត​ដ៏​មាន​តម្លៃ​ដែល​គ្មាន​នរណា​គេ​បង្រៀន​នៅ​ក្នុង​សាលា ព្រោះ​សាលា​បង្រៀន​តែ​រឿង​ជោគជ័យ​នោះ​ទេ តែ​មនុស្ស​អាច​ជោគជ័យ​ក្នុង​ជីវិត​បាន​ដោយ​សាកល្បង​អ្វី​ថ្មី​និង​រៀន​ពី​វា​ពេល​មាន​កំហុស រៀន​ដឹង​ថា​វិធី​នេះ​មិន​ប្រើ​ការ​កើត​ព្រោះ​មូលហេតុ​អ្វី ហើយ​ពួកគេ​អាច​កែប្រែ​រក​វិធី​ត្រឹមត្រូវ​បាន​ដោយ​របៀប​ណា​វិញ ?

មនុស្ស​បរាជ័យ​ប្រាកដ គឺ​បរាជ័យ​នៅ​ត្រង់​ចាញ់​ខ្លួនឯង​នេះ​ហើយ។ ពួកគេ​ចាញ់​ខ្លួនឯង ក្លាយ​ជា​ទាសករ​នៃ​ការ​គិត​របស់​ខ្លួនឯង ដែល​ប្រាប់​ពួកគេ​ថា​គ្មាន​ផ្លូវ​អាច​ទៅ​រួច​ទេ។ ចូរ​ធ្វើ​ខ្លួនឯង​ឲ្យ​ខ្លាំង​ជាង​ឧបសគ្គ​របស់​អ្នក ខ្លាំង​ជាង​រហូត​ទាល់តែ​ឧបសគ្គ​អ្វី​ក៏​អ្នក​លែង​ខ្លាច​នឹង​ជួប​ទាំងអស់។ កុំ​ប្រាថ្នា​ឲ្យ​ជីវិត​របស់​អ្នក​ស្រួល តែ​បើ​អ្នក​អាច​ប្រាថ្នា​បាន ចូរ​ប្រាថ្នា​ឲ្យ​ខ្លួនឯង​ខ្លាំងក្លា​និង​រឹងមាំ​ជាង​មុន​វិញ ហើយ​ក៏​គ្មាន​ឧបសគ្គ​ឯណា​អាច​យក​ឈ្នះ​លើ​ចិត្ត​អំណត់​អត់ធ្មត់​តស៊ូ​របស់​មនុស្ស​បាន​នោះ​ឡើយ៕

ដោយ៖ ស្រីពៅ

X
5s