ចំណុច៣យ៉ាងដែលយុវជនអាចជួយសង្គមរបស់ខ្លួនបាន ដោយមិនចាំបាច់ត្រូវចំណាយលុយក៏បាន
ជាការពិតណាស់ ថ្វីត្បិតតែការរៀបចំកម្មវិធីសម្រាប់សង្គមនានាត្រូវការចំណាយថវិកាក្តី តែការចូលរួមរបស់អ្នកក៏ជាចំណែកមួយក្នុងការជួយឬផ្លាស់ប្ដូរសង្គមក្នុងផ្លូវវិជ្ជមាន។ អ្នកពុំចាំបាច់ក្លាយជាអ្នកមានដើម្បីជួយសង្គមនោះទេ។ ខាងក្រោមនេះជាអ្វីដែលអ្នកអាចជួយកែប្រែឬផ្លាស់ប្ដូរសង្គមបាន៖
១) កម្មវិធីសប្បុរស៖ ប្រសិនអ្នកមានសមត្ថភាពក្នុងការដឹកនាំក្រុម អ្នកអាចធ្វើជាប្រធានហើយដឹកនាំកូនក្រុមធ្វើកម្មវិធីសប្បុរសធម៌បាន។ ហើយអ្នកគ្រាន់តែស្វែងរកអ្នកឧបសគ្គកម្មវិធីសម្រាប់ការចំណាយផ្សេងៗ។ បន្ថែមពីលើនេះ លុយដែលអ្នករកបានពីការលក់សំបុត្រ អ្នកអាចជួយដល់មនុស្សចាស់ជរាឬក្មេងៗក្រីក្រតាមទីជនបទបាន។
២) ជួយជាសម្ភារៈ៖ បើទោះបីជាអ្នកមិនអាចចូលរួមកម្មវិធីសប្បុរសដោយផ្ទាល់ តែអ្នកនៅតែជួយដល់សង្គមបានដូចគ្នា។ ប្រសិនអ្នកមានលុយ អ្នកអាចជួយជាថវិកា។ ប្រសិនអ្នកមិនចង់ជួយជាថវិកា អ្នកក៏អាចទិញជាសៀវភៅ សម្ភារៈសិក្សា ខោអាវឬសម្ភារៈផ្សេងៗតាមដែលកម្មវិធីសប្បុរសត្រូវការឬជួយជាសម្ភារៈដែលអ្នកលែងត្រូវការ។
៣) ចាប់ផ្ដើមពីសហគមន៍របស់អ្នក៖ ប្រសិនអ្នកឃើញបញ្ហានានានៅសហគមន៍របស់អ្នក អ្នកអាចក្លាយជាដំណោះស្រាយផងដែរ មានន័យថាប្រសិនអ្នកឃើញមានការកកស្ទះចរាចរណ៍ អ្នកអាចជួយសម្របសម្រួលបាន។ ប្រសិនមានបញ្ហាកើតឡើងនៅសហគមន៍របស់អ្នក អ្នកក៏ធ្វើជាអ្នកតំណាងហើយរាយការណ៍ទៅសង្កាត់ជាដើម។ល។ សរុបជារួម អ្នកអាចចូលរួមដោះស្រាយបញ្ហាតាមដែលអ្នកអាចធ្វើទៅបាន៕
ដោយ៖ អុឹង មុយយូ