អ្នកជំនាញផ្នែកសេដ្ឋកិច្ច លោក ង៉ែត ជូ៖«បើស្រឡាញ់ជាតិមាតុភូមិ យុវជនខ្មែរគួរធ្វើអាជីវកម្មប្រកបដោយចក្ខុវិស័យគឺមិនមែនដើម្បីតែការចង់មានបាននោះទេ»
«ដើម្បីបានជោគជ័យក្នុងការធ្វើអាជីវកម្ម និងចូលរួមចំណែកក្នុងការកសាងសង្គម យុវជនខ្មែរគួរ មានមហិច្ឆិតាចង់ធ្វើអាជីវកម្មក្នុងបុព្វហេតុទូលំទូលាយជាងអ្វីដែលគ្រាន់តែចង់មានបាន»។ នេះបើតាមការលើក ឡើងរបស់លោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ច ជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកវិនិយោគ និង ជាសកម្មជនសេរីភាព ហិរញ្ញវត្ថុ។ លោកបន្ថែមទៀតថា ដើម្បីធ្វើអាជីវកម្មជោគជ័យ និង អាចចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិបាន យុវជនគួរគប្បីគិតត្រិះរិះពិចារណានូវបុព្វហេតុមួយចំនួនដូចខាងក្រោម៖
១) បុព្វហេតុដើម្បីមានសេរីភាពផ្នែកហិរញ្ញវត្ថុ ជាទស្សនៈទូទៅ គោលបំណងនៃការធ្វើអាជីវកម្មគឺដើម្បីក្លាយជាអ្នកមាន។ ប៉ុន្តែ យុវជនគួរកំណត់ពីដែននៃ មហិច្ឆិតាត្រឹមមានលុយ និងទទួលបានសេរីភាពហិរញ្ញវត្ថុ។ ពោលគឺអាចមានលទ្ធភាពរស់នៅក្នុងជីវភាពសមរម្យ មិនសម្ភារៈនិយមហួសហេតុដែលជាបច្ច័យនាំអោយឈានដល់ភាពលោភលន់ឥតព្រំដែន និងធ្វើរាល់ទង្វើអសីល ធម៌ គ្មានគុណធម៌ដើម្បីតែលុយ។ ក្នុងន័យនេះយុវជនត្រូវអោយតំលៃមនុស្សលើសមត្ថភាព គុណធម៌ និង សីលធម៌ ហើយការឱ្យតំលៃលើលុយ និងសម្ភារៈជ្រុលហួសហេតុពេកនឹងធ្វើឱ្យសង្គមធ្លាក់ក្នុងភាពអន្តរាយ។
២) បុព្វហេតុដើម្បីពង្រឹងសមត្ថភាពនិងចំណេះដឹងផ្ទាល់ខ្លួន នេះជាចំណុចមួយដ៏សំខាន់បំផុត។ អ្នកធ្វើអាជីវកម្មត្រូវមានសមត្ថភាពនិងចំណេះដឹងទូលំទូលាយ។ ត្រូវរៀនពី ចំណេះនិងជំនាញក្នុងការប្រតិបត្តិផ្ទាល់ ត្រូវចំណាយពេលអានសៀវភៅអោយបានច្រើន។ អ្នកនឹងមិនជោគជ័យ នោះទេប្រសិនបើអ្នកមានចំណេះដឹងនិងសមត្ថភាពលំៗ។ ចូរកុំយល់ច្រឡំថាគោលបំណងនៃការធ្វើអាជីវកម្ម គឺព្រោះតែខ្ជិនរៀន ខ្ជិលធ្វើការឱ្យគេ ហើយទើបសម្រេចចិត្តធ្វើអាជីវកម្មនោះ។
៣) បុព្វហេតុដើម្បីចូលរួមចំណែកកសាងសមត្ថភាពយុវជនជំនាន់ក្រោយ គំនិតបែបអន់ថយមួយបានចាក់ឬសយ៉ាងជ្រៅក្នុងផ្នត់គំនិតរបស់មនុស្សខ្មែរជាច្រើន។ ជារឿយៗ ផ្នត់គំនិតនេះត្រូវ បាននិយមហៅថា “ការលាក់តម្រិះ”។ បើចេះដប់បង្រៀនអ្នកដទៃត្រឹមតែប្រាំបី ឬប្រាំបួនចំនុចតែប៉ុណ្ណោះ ព្រោះខ្លាចអ្នកដទៃធ្វើបានប្រសើរជាងខ្លួន។ ផ្នត់គំនិតនេះហើយដែលធ្វើអោយសង្គមមានការអន់ថយ។ ដើម្បីឱ្យ សង្គមមានការរីកចម្រើន អ្នកធ្វើអាជីវកម្មគួរតែកុំលាក់តម្រិះ ហើយជំនួសការលាក់តម្រិះដោយការសិក្សាស្រាវជ្រាវ និងដកបទពិសោធន៏ថ្មីៗដើម្បីភាពរីកចំរើនទាំងអស់គ្នា។
៤) បុព្វហេតុដើម្បីចូលរួមចំណែកកសាងសេដ្ឋកិច្ចជាតិ នៅពេលដែលអ្នកដកខ្លួនចេញពីការងារពេញម៉ោង រួចទៅបង្កើតឬគ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួន នោះអ្នកបានចូលរួម ចំណែកកសាងសេដ្ឋកិច្ចតាមរយៈការបង្កើតការងារថ្មីៗដល់ពលរដ្ឋ ក៏ដូចជាចូលរួមចំណែកជំរុញល្បឿននៃការរីក ចំរើនរបស់សេដ្ឋកិច្ចជាតិតាមរយៈការផលិតផលិតផលឬសេវាកម្មនានាជាដើម។ ការីកចំរើននៃវិស័យអាជីវកម្មខ្នាត តូចនិងមធ្យមអាចរួមចំណែកកាត់បន្ថយការពឹងផ្អែកលើការវិនិយោគពីបរទេសដ៏មានប្រសិទ្ធិភាព។
៥) បុព្វហេតុដើម្បីចូលរួមចំណែកកិច្ចការសង្គម និង ជាពលរដ្ឋសកម្ម នេះជាបុព្វហេតុមួយដ៏សំខាន់សំរាប់ចូលរួមចំណែកកសាងសង្គមខ្មែរអោយរឹងមាំ។ របត់នៃសង្គមប្រជាធិបតេយ្យ ទាមទារឱ្យមានការចូលរួមពីពលរដ្ឋយ៉ាងសកម្ម។ អ្នកមិនអាចនិយាយថា “ខ្ញុំជាអ្នកធ្វើអាជីវកម្ម ខ្ញុំមិនចាំបាច់ខ្វល់ ខ្វាយពីកិច្ចការនយោបាយនោះទេ”។ នេះជាទស្សនៈខុសឆ្គងមួយដែលធ្វើអោយដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិប តេយ្យមិនមានភាពប្រសើរ។ អ្នកត្រូវយល់ថា សេដ្ឋកិច្ចផ្សារភ្ជាប់នយោបាយដូចចិត្តផ្សារភ្ជាប់កាយ។ ជាចុងក្រោយលោក ង៉ែត ជូ បានបញ្ជាក់ពីការយល់ស្របទៅនឹងទស្សនៈរបស់ប្រធានាធិបតីអ៊ុយរ៉ាហ្គាយ លោក José Mujica ដែលលើកឡើងថា "បើអ្នកចង់បានលុយ ចូរធ្វើអាជីវកម្ម កុំធ្វើនយោបាយ ពីព្រោះនយោបាយ គឺសម្រាប់បម្រើប្រជាជនប៉ុណ្ណោះ”។ នេះមានន័យថាសូមកុំសំឡឹងចង់ធ្វើនយោបាយព្រោះតែចង់មានបាន៕
ដោយ៖ ប៉ុម ទូច