អ្នកដឹងទេថាការជឿទុកចិត្តរបស់អ្នកលើមនុស្សម្នាក់មានសារសំខាន់ខ្លាំងប៉ុណ្ណា ?
នៅពេលអ្នកស្រឡាញ់នរណាម្នាក់ អ្នកប្រាកដជាមិនចង់ឲ្យពួកគេលំបាកហើយ។ ហេតុនេះនៅពេលពួកគេចង់ឡើងឲ្យដល់កំពូលភ្នំដ៏ខ្ពស់មួយ នោះអ្នកប្រាកដជាព្យាយាមរារាំងពួកគេបែបណាឲ្យគេបោះបង់គោលដៅនេះចោល ព្រោះអ្នកខ្លាចមនុស្សជាទីស្រឡាញ់របស់អ្នកលំបាក ប៉ុន្តែបើអ្នកដឹងថាការលំបាកនេះនឹងបង្រៀនពួកគេនូវមេរៀនជីវិតដ៏មានតម្លៃ ហើយប្រគល់ទំនុកចិត្តនិងភាពជឿជាក់របស់អ្នកទាំងអស់ចំពោះពួកគេ និងពេលវេលាគ្រប់គ្រាន់ នោះអ្នកនឹងបានឃើញពីសក្ដានុពលបង្កប់នូវក្នុងខ្លួនពួកគេមិនខាន។
រាល់ប្រភេទផ្កាទាំងអស់មិនដូចគ្នានោះឡើយ វាត្រូវការលក្ខខ័ណ្ឌខុសពីគ្នាដើម្បីបញ្ចេញនូវភាពស្រស់ស្អាតរបស់វាឲ្យអ្នកឃើញបាន។ អ្នកប្រាកដជាខ្លាចគេជួបការលំបាកហើយចុងក្រោយក៏ត្រូវបរាជ័យ ក៏ព្រោះតែអ្នកមើលឃើញមនុស្សផ្សេងទៀតសុទ្ធតែបែបនោះ បើគ្រប់គ្នាសុទ្ធតែមានវាសនាបែបនោះហើយ ម្ដេចនឹងគេម្នាក់ឯងអាចជោគជ័យទៅរួច។ ប៉ុន្តែមនុស្សម្នាក់ៗមិនដូចគ្នានោះឡើយ។
មនុស្សដែលមានជំនឿចិត្តខ្លាំងចំពោះខ្លួនឯង គ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ ដើរដួលហើយងើបដួលហើយងើប គង់តែនឹងទៅដល់គោលដៅដែលពួកគេតែងចង់សម្រេចឲ្យបាននោះទេ។ បរាជ័យពុំមែនជារឿងអាក្រក់ឡើយ។ អ្វីក៏ដោយសុទ្ធតែផ្ដើមចេញពីចំណុចសូន្យ។ គ្មាននរណាម្នាក់កើតមកចេះស្រាប់ ឬមានប្រាជ្ញាជាបណ្ឌិតស្រាប់មកនោះទេ។ ចំណេះដឹងរបស់ពួកគេសុទ្ធតែកើតចេញពីចំណុចសូន្យ ដែលជាភាពល្ងង់ខ្លៅនេះឯង។
បើអ្នកមិនសាកល្បងធ្វើអ្វីមួយ ហើយជួបការលំបាកនោះទេ នោះអ្នកអាចនឹងល្ងង់អស់មួយជីវិតដោយមិនដឹងថាអ្វីមួយនោះវាយ៉ាងដូចម្ដេច។ រឿងអ្វីក៏ដោយមិនមែនមកល្អឬអាក្រក់ដោយខ្លួនវានោះទេ តែគឺអាស្រ័យទៅលើមនុស្សជាអ្នកដាក់ស្លាកឲ្យវាប៉ុណ្ណោះ ឬជាវិធីដែលអ្នកជ្រើសរើសសម្លឹងមើលលើវា។ គ្មានជណ្ដើរយន្តឯណាអាចនាំអ្នកទៅកាន់ភាពជោគជ័យបាននោះទេ។ អ្នកមិនអាចដើរតាមផ្លូវកាត់បាននោះឡើយ អ្នកត្រូវតែឡើងពីមួយកាំទៅមួយកាំ រៀនសូត្រពីបទពិសោធន៍គ្រប់រសជាតិទាំងអស់ក្នុងកាំនីមួយៗ លុះពេលអ្នកសម្រេចដល់កំពូល នោះភាពជោគជ័យនឹងមានអត្ថន័យឥតកាត់ថ្លៃបានសម្រាប់អ្នក។
អ្នកត្រូវចាំថា របស់ដែលបានមកដោយងាយ បាត់បង់ទៅវិញក៏ងាយ។ ឯរបស់ដែលបានមកដោយលំបាក បាត់បង់ទៅវិញក៏លំបាកដូចគ្នាដែរ។ ឧបសគ្គជារឿងចៀសមិនផុតនោះឡើយ នៅពេលនោះឯងដែលវានឹងធ្វើតេស្តទៅលើអ្នក។ មនុស្សដែលទទួលជោគជ័យបានដោយផ្លូវកាត់ នោះពេលនេះឯងដែលភាពអសមត្ថភាពពិតប្រាកដរបស់ពួកគេនឹងលាតត្រដាងចេញមក។
រីឯមនុស្សដែលឆ្លងកាត់ការលំបាករាប់មិនអស់រួចមកហើយ ឧបសគ្គនេះឯងក៏បានលាតត្រដាងពីសមត្ថភាពពិតរបស់ពួកគេដោយពុំចាំបាច់អួតអាងបញ្ចេញមកអ្វីនោះឡើយ ព្រោះចំណេះដឹងពិតប្រាកដគឺស្ថិតនៅក្នុងខ្លួន មិនស្ថិតនៅលើរបស់ខាងក្រៅដែលជាតួនាទី កេរ្តិ៍ឈ្មោះ ឬមុខដំណែងអ្វីនោះឡើយ។ ចិត្តរបស់មនុស្សមុតជាងកាំបិតទៅទៀត បើអ្នកមិនសង្ស័យទៅលើគេនិងជឿទុកចិត្តលើសមត្ថភាពពួកគេ ដោយមិនខ្វល់ថាត្រូវចំណាយពេលយូរប៉ុណ្ណា នោះអ្នកនឹងបានឃើញផ្នែកដ៏អស្ចារ្យរបស់ពួកគេដែលអ្នកមិនធ្លាប់នឹកស្មានដល់៕
ដោយ៖ ស្រីពៅ