តើការរៀបរាប់រឿងក្នុងចិត្តតាមការសរសេរជួយដល់អ្នកយ៉ាងដូចម្ដេចខ្លះ ?
ក្នុងជីវិតយើងម្នាក់ៗតែងតែមានជួបប្រទះនូវរឿងលំបាកនៅក្នុងចិត្តជាច្រើន ដែលពិបាកក្នុងការបកស្រាយចេញមកក្រៅតាមរយៈពាក្យសម្ដី។ គំនិតវិលវល់ស្មុគស្មាញច្រើន នឹងជះផលមិនល្អដល់គុណភាពជីវិតរបស់អ្នកនោះឡើយ វានឹងធ្វើឲ្យការគិតរបស់អ្នកមិនមានរូបភាពច្បាស់លាស់ ដែលអាចនាំអ្នកឆក់ទាញយកគំនិតអវិជ្ជមានបន្តបន្ទាប់មក រហូតហួសពីស្ថានភាពជាក់ស្ដែង ដែលអ្វីៗគ្រាន់តែកើតឡើងនៅក្នុងខួរក្បាលអ្នកតែម្នាក់ប៉ុណ្ណោះ។ ដូច្នេះចុះបើរៀបរាប់វាចេញមកតាមការសរសេរវិញ ?
ការគិតរបស់អ្នកជាអ្វីដែលបង្កើតការពិតរបស់អ្នកឡើង ហេតុនេះបើអ្នកគិតបែបណា អ្នកនឹងទទួលបានបែបនោះ ព្រោះគ្រាប់ពូជប្រភេទណា ផ្លែផ្ការបស់វាគឺយ៉ាងនោះឯង។ តាមពិតទៅនេះគឺជាមូលហេតុមួយដែលមនុស្សជាច្រើនតែងតែមានសៀវភៅកំណត់ត្រាប្រចាំខ្លួនពួកគេ។ កុំយល់ថាទាល់តែអ្នកនិពន្ធទើបអាចសរសេរបាន ប៉ុន្តែនៅពេលអ្នកមើលឃើញពីអត្ថប្រយោជន៍ពីការសរសេរ នោះវានឹងក្លាយជាមិត្តភ័ក្ដិដ៏ល្អមួយដែលអ្នកអាចរៀបរាប់រឿងនៅក្នុងចិត្តបាន។
ការសរសេរមិនត្រឹមតែជួយឲ្យអ្នកធូរស្បើយក្នុងចិត្តប៉ុណ្ណោះទេ តែថែមទាំងអាចឲ្យអ្នកស្វែងយល់ពីខ្លួនឯងនិងការគិតរបស់ខ្លួនឯងបានកាន់តែស៊ីជម្រៅជាងមុនទៅទៀត។ ការស្គាល់ខ្លួនឯងច្បាស់គឺជាចំណុចខ្លាំងរបស់ខ្លួនឯង។ អ្នកនឹងរៀនសូត្រដឹងថាតើអ្នកមានចំណុចពិសេសអ្វី តើចំណុចពិសេសនេះអាចជួយដល់គោលដៅក្នុងជីវិតរបស់អ្នកតាមរបៀបណា ? នៅពេលគំនិតវិលវល់ទាំងប៉ុន្មានត្រូវបានសម្អាតចេញហើយ នោះអ្នកនឹងគិតក្នុងរូបភាពជាក់លាក់ជាងមុន ដែលវានឹងនាំអ្នកឲ្យគិតវិភាគថ្លឹងថ្លែងរកល្អនិងអាក្រក់បានកាន់តែប្រសើរជាងមុនដែរ។
ការគិតរបស់អ្នកពិតជាមានឥទ្ធិពលខ្លាំងក្លាណាស់ បើអ្នកមិនប្រុងប្រយ័ត្នទៅលើវាទេ នោះវានឹងអាចគ្រប់គ្រងជោគវាសនាអ្នកដោយមិនដឹងខ្លួន។ គិតល្អៗ នោះរឿងល្អៗនឹងរត់មករកអ្នក៕
ដោយ៖ ស្រីពៅ