អ្នកគួរធ្វើចំណុចទាំង៣យ៉ាងនេះប្រសិនអ្នកធ្វើឲ្យមិត្តភ័ក្ដិរបស់អ្នកខឹង
ក្នុងមិត្តភាពក្តី វាជារឿងដែលជៀសមិនផុតនោះទេដែលអ្នកមានទំនាស់តិចតួចជាមួយនឹងមិត្តភ័ក្ដិរបស់អ្នក។ ពេលខ្លះ មិត្តរបស់អ្នកធ្វើឲ្យអ្នកខឹង តែពេលខ្លះអ្នកក៏ធ្វើឲ្យមិត្តរបស់អ្នកខឹងដូចគ្នា។មិត្តភាពដែលល្អមិនមែនមិត្តភាពដែលមិនមានរឿងនោះទេ មិត្តភាពល្អគឺការចេះទទួលស្គាល់កំហុសនិងលើកលែងទោសឲ្យគ្នា។ ខាងក្រោមនេះជាចំណុចដែលអ្នកគួរធ្វើប្រសិនអ្នកធ្វើឲ្យមិត្តភ័ក្ដិរបស់អ្នកខឹង៖
១) និយាយពាក្យ«សុំទោស»៖ មិនថាអ្នកមានអាយុធំជាងឬឋានៈធំជាងនោះទេ ក្នុងមិត្តភាព អ្នកណាធ្វើខុស អ្នកនោះត្រូវនិយាយពាក្យ«សុំទោស» ព្រោះវាបង្ហាញពីទំនួលខុសត្រូវនិងស្គាល់ពីកំហុស។ ម៉្យាងវិញទៀត ប្រសិនអ្នកពិតជាធ្វើខុស អ្នកត្រូវសុំទោសដោយចិត្តស្មោះត្រង់និងសុំការអភ័យទោសពីមិត្ត។
២) ទទួលស្គាល់កំហុសរបស់អ្នក៖ ពិតប្រាកដណាស់ យើងទាំងអស់គ្នាសុទ្ធតែជាមនុស្ស មានន័យថាពួកយើងមិនមែនជាមនុស្សដែលល្អឥតខ្ចោះនោះទេ ពេលខ្លះ យើងធ្វើឲ្យអ្នកដទៃឈឺចាប់ ឯពេលខ្លះទៀត អ្នកដទៃធ្វើឲ្យយើងឈឺចាប់។ វាគឺជារឿងធម្មតា។ អ្នកមិនគួរបន្ទោសខ្លួនឯងពេកនោះទេ។ ផ្ទុយទៅវិញ ប្រសិនអ្នកពិតជាខុស អ្នកត្រូវទទួលស្គាល់កំហុសនិងរៀនមេរៀនពីវា ហើយជៀសវាងវានាពេលក្រោយ។
៣) ទុកពេលវេលាឲ្យមិត្ត៖ ជាការពិតមិនអាចប្រកែកបាននោះទេ វាពិតជាឈឺចាប់ក្រៃលែងពេលមិត្តធ្វើឲ្យអ្នកខឹងឬឈឺចាប់។ ដូច្នេះហើយ អ្នកត្រូវយល់ពីចំណុចនេះ។ បើអ្នកធ្វើឲ្យមិត្តខឹង អ្នកក៏ត្រូវរៀនទុកពេលវេលាខ្លះសម្រាប់ពួកគេយល់ពីហេតុផលរបស់អ្នក។ អ្នកមិនត្រូវបង្ខំពួកគេឲ្យលើកលែងទោសឲ្យអ្នកភ្លាមៗនោះទេ៕
ដោយ៖ អុឹង មុយយូ