តើអ្នកកំពុងតែសម្លឹងរកសេចក្ដីសុខពីទីណា ?
ព្រះពុទ្ធទ្រង់មានពុទ្ធដីកាថា គោលបំណងរបស់អ្នកនៅក្នុងជីវិតគឺជាការស្វែងរកឲ្យឃើញនូវគោលដៅមួយ ហើយបូជាបេះដូងនិងវិញ្ញាណរបស់អ្នកដើម្បីវា។ តើតម្លៃពិតនៃជីវិតរបស់អ្នកស្ថិតនៅលើអ្វី ? ឈប់សម្លឹងមើលរបស់ទាក់ទាញនៅខាងក្រៅខ្លួនអ្នកទាំងអស់នោះទៅ ព្រោះអ្វីដែលអ្នកកំពុងសម្លឹងរកមើលពេញមួយជីវិតរបស់អ្នកនេះ មិននៅត្រង់នោះឡើយ ព្រោះវាមិនដែលនៅទីណាឆ្ងាយពីអ្នកឡើយ ហើយប្រភពនេះក៏មិនចេះរីងស្ងួតដែរ តែអ្នកចេះតែសម្លឹងរកវាពីខាងក្រៅដើម្បីមកបំពេញសេចក្ដីសុខរបស់ខ្លួន។
រថយន្តចេញថ្មីនៅថ្ងៃនេះ នឹងគង់តែត្រូវបានជំនួសដោយរថយន្តចេញថ្មីដ៏ទំនើបមួយទៀតនៅពេលក្រោយ របស់ទាំងអស់នៅលើលោកនេះក៏សុទ្ធតែឆ្លងកាត់ដំណើររបៀបនេះដូចគ្នាដែរ គឺគ្មានអ្វីថិតថេរនោះឡើយ។ បើអ្នកចេះតែដេញតាមវា នោះចំណង់របស់អ្នកគឺគ្មានទីបញ្ចប់នោះឡើយ ប៉ុន្តែចុងក្រោយគឺរបស់ទាំងនោះឯងនឹងបញ្ចប់ជីវិតរបស់អ្នក។ សេចក្ដីសុខកើតចេញពីខាងក្នុងចិត្ត បើចិត្តអ្នកស្ងប់ ទោះជាអ្នកនៅទីណា មានរបស់ប៉ុណ្ណាមិនសំខាន់នោះឡើយ ព្រោះចិត្តរបស់អ្នកស្ងប់ហើយ ដូចនេះចិត្តអ្នកមិនជាប់ជំពាក់នឹងរបស់ខាងក្រៅទាំងនោះឡើយ។
នៅពេលអ្នកដឹងថាសេចក្ដីសុខគឺស្ថិតនៅត្រង់ចិត្តគំនិតដែលខ្លួនឯងមាន នោះអ្នកនឹងគ្មានហេតុផលអ្វីត្រូវខ្វាយខ្វល់ពីទស្សនរបស់មនុស្សជុំវិញខ្លួនដែលមានចំពោះអ្នកទៀតទេ ផ្ទុយទៅវិញបើមានមនុស្សណាដែលជះកំហឹងឬធ្វើអាក្រក់មកលើអ្នក អ្នកមានតែអាណិតគេទៅវិញ ព្រោះមកពីមនុស្សទាំងនេះខ្វះការយល់ដឹង ពុំនោះទេពួកគេប្រាកដជាអាចគ្រប់គ្រងចិត្តរបស់ខ្លួនបានហើយ។ អ្នកដឹងថាអ្នករស់នៅដើម្បីអ្វី អ្វីទៅទើបសំខាន់សម្រាប់អ្នកពិតប្រាកដ ដូចនេះអ្នកក៏គ្មានពេលទៅខឹងជាមួយអ្នកទាំងនោះដែរ។
មនុស្សដែលចំណាយពេលវេលារបស់ពួកគេឥតប្រយោជន៍ គឺមកពីពួកគេមិនទាន់រកឃើញពីតម្លៃជីវិតរបស់ខ្លួន។ ពេលវេលាពីមួយវិនាទីទៅមួយវិនាទីពិតជាមានតម្លៃសម្រាប់អ្នក គឺប្រើប្រាស់ពេលវេលារបស់ខ្លួនយ៉ាងម៉ត់ចត់សម្រាប់សិក្សារៀនសូត្រ ហើយការសិក្សាក៏មិនបញ្ចប់នៅត្រឹមសាលានោះដែរ ព្រោះវាគ្មានដែនកំណត់នោះទេ។ បើអ្នកយល់ថារៀនចប់ពីសាលាហើយ មានន័យថាអ្នកចេះគ្រប់សព្វអស់ហើយ នោះគឺអ្នកខ្លួនឯងកំពុងតែគូសបន្ទាត់ដែនកំណត់ឲ្យចំណេះដឹងរបស់ខ្លួនហើយ។
ជីវិតដែលមានគោលដៅ គឺជាជីវិតដែលមានតម្លៃ ហើយវានឹងធ្វើឲ្យអ្នកក្រោកពីគេងពោរពេញដោយថាមពល ដើម្បីបន្តដំណើរឆ្ពោះទៅសម្រេចគោលដៅរបស់អ្នក។ ឧបសគ្គលំបាកមិនអាចយកឈ្នះលើឆន្ទៈដ៏មោះមុតនិងការតស៊ូរបស់អ្នកបានឡើយ បើទោះជាត្រូវចំណាយពេលវេលាយូរជាងគេក៏ដោយ ព្រោះអ្នកជឿជាក់លើខ្លួនឯងថាអ្នកនឹងអាចធ្វើវាបាន៕
ដោយ៖ ស្រីពៅ