ចំណុច​ទាំង​៥​យ៉ាង​ដែល​មាន​តម្លៃ​លើស​ពី​លុយ​​



​មនុស្ស​មួយ​ចំនួន​យល់​ថា​​លុយ​គឺ​ជា​វត្ថុ​ដែល​សំខាន់​បំផុត​ក្នុង​ឆាក​ជីវិត ពោល​គឺ​ពួក​​​គាត់​គិត​ថា​មាន​លុយ​គឺ​មាន​អ្វី​ៗ​ទាំង​អស់។ ​មនុស្ស​ដែល​យល់​ឃើញ​បែប​នេះ​នឹង​ក្លាយ​ជា​ទាសករ​នៃ​លុយ​និង​អនុញ្ញាត​ឲ្យ​លុយ​មក​គ្រប់​គ្រង​ជីវិត​របស់​ពួក​គេ។ លុយ​​​ពិត​ជា​សំខាន់ ប៉ុន្តែ​​មាន​ចំណុច​មួយ​ចំនួន​ទៀត​ដែល​មាន​តម្លៃ​ថ្លៃ​​ជាង​លុយ​ទៅ​​ទៀត​​ព្រោះ​អ្នក​មិន​អាច​ទិញ ​មិន​ថា​អ្នក​មាន​លុយ​ច្រើន​ដល់​កម្រិត​ណា។​ ខាង​ក្រោម​នេះ​ជា​ចំណុច​ទាំង​៥​យ៉ាង​ដែល​​លុយ​មិន​អាច​ទិញ​បាន៖

១) បទ​ពិសោធន៍៖ ​​អ្នក​មិន​អាច​ទិញ​បទ​ពិសោធន៍​ដោយ​លុយ​នោះ​ទេ។ ប្រសិន​អ្នក​ជា​បុគ្គលិក អ្នក​ត្រូវ​ចុះ​ធ្វើ​ការ​ដើម្បី​បាន​បទ​ពិសោធន៍។ ប្រសិន​អ្នក​ទៅ​ដើរ​លេង​​នៅ​ក្រៅ​ប្រទេស បើ​ទោះ​បី​ជា​អ្នក​ចំណាយ​លុយ​ក៏​ពិត​មែន ប៉ុន្តែ​បទ​ពិសោធន៍​ដែល​អ្នក​ទទួល​បាន​គឺ​មាន​តម្លៃ​យ៉ាង​លើសលប់។

២) ប្រាជ្ញា​៖ ប្រសិន​អ្នក​គិត​ថា​អ្នក​ចេះ​ហើយ នោះ​អ្នក​មិន​មែន​ជា​មនុស្ស​ដែល​ឆ្លាត​នោះ​ទេ។ អ្នក​ដែល​ឆ្លាត​ពិត​ប្រាកដ​គឺ​បន្ត​ការ​រៀន​សូត្រ បន្ត​ការ​អភិវឌ្ឍន៍​ព្រោះ​ពួក​គេ​ដឹង​ថា​មាន​​ចំណេះ​ដឹង​ជា​ច្រើន​ដែល​ពួក​គេ​ត្រូវ​រៀន​បន្ថែម។ ចំណេះ​ដឹង​កើត​ចេញ​ពី​ការ​រៀន​សូត្រ ​ហើយ​ចំណេះ​ដឹង​និង​ប្រាជ្ញា​នេះ​ហើយ​ដែល​ជួយ​​ឲ្យ​កើន​ទ្រព្យ​ហើយ​ចោរ​លួច​មិន​បាន។

៣) ចំណង​អាពាហ៍ពិពាហ៍​៖ ការ​ទទួល​យក​ដៃ​គូ​ជីវិត​អាច​ជា​រឿង​លំបាក​ហើយ​ក៏​ជា​បទ​ពិសោធន៍​មួយ​ដែល​ផ្លាស់​ប្ដូរ​ជីវិត​របស់​អ្នក​ទាំង​ស្រុង​ដែរ។ ​​​ប៉ុន្តែ វា​មាន​តម្លៃ​ព្រោះ​ថា​ដៃគូ​ជីវិត​អាច​ជា​មនុស្ស​ដែល​លើក​ទឹក​ចិត្ត ជឿជាក់​លើ​អ្នក​និង​ជំរុញ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ដែល​ប្រសើរ​ជាង​មុន។

៤) ​មិត្តភាព៖ ​វា​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ​ប្រសិន​អ្នក​រក​ឃើញ​មនុស្ស​ដែល​មាន​ចំណង់​ចំណូល​ចិត្ត​ដូច​អ្នក។​ ហើយ​ វា​កាន់​តែ​អស្ចារ្យ​ទៅ​ទៀត​ប្រសិន​អ្នក​រក​ឃើញ​មិត្ត​ល្អ​ដែល​ជួយ​អ្នក​ក្នុង​គ្រា​លំបាក មិន​បោះ​បង់​ចោល​អ្នក​និង​ជួយ​រកដំណោះស្រាយ​បញ្ហា​ជា​មួយ​នឹង​គ្នា។ មិត្ត​ល្អ​មិន​អាច​​​ទិញ​​បាន​ទេ។

៥) សុខភាព៖ បើ​ទោះ​បី​ជា​លុយ​អាច​ជួយ​ព្យាបាល​ជំងឺ​​របស់​អ្នក​និង​ជួយ​ឲ្យ​អ្នក​រស់​នៅ​បាន​យូរ តែ​ប្រសិន​អ្នក​គ្មាន​សុខភាព​ល្អ រស់​នៅ​បាន​យូរ​មាន​តែ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ឈឺចាប់។​ សុខភាព​ល្អ​គឺ​មិន​អាច​ទិញ​ដោយ​លុយ។ អ្នក​ត្រូវ​ធ្វើ​លំហាត់​ប្រាណ​និង​ប្រយ័ត្ន​ចំពោះ​ចំណី​អាហារ​ដែល​អ្នក​ពិសា៕

ដោយ៖ អុឹង មុយយូ

X
5s