តើចំនួនពិតជា ចំណុចសំខាន់សម្រាប់បញ្ជាក់ថា រឿងមួយត្រឹមត្រូវ ឬ ខុសមែនទេ?
នៅលើលោកនេះ មិនមែនមានផ្លូវដើរតែមួយសម្រាប់អ្នកដើម្បីឆ្ពោះទៅសម្រេចគោលដៅបានដោយជោគជ័យនោះទេ។ អ្នកអាចខ្វះខាតសមត្ថភាព ខ្វះខាតទ្រព្យសម្បត្តិ ឬសូម្បីតែខ្វះនូវទំនុកចិត្តនិងការលើកទឹកចិត្តគាំទ្រពីមនុស្សជុំវិញខ្លួនអ្នកក៏ដោយ ព្រោះឲ្យតែអ្នកកំពុងតែធ្វើអ្វីដែលអ្នកស្រឡាញ់ និងបូជាការខិតខំប្រឹងប្រែងរបស់ខ្លួនទាំងអស់ដើម្បីវា នោះប្រាកដណាស់ថាអ្នកនឹងមើលឃើញផ្លូវដើរជាច្រើនសម្រាប់នាំអ្នកទៅកាន់ជោគជ័យ។
ចំនួនមិនអាចបញ្ជាក់ពីអ្វីមួយខុសឬត្រូវនោះទេ ផ្លូវដើរដែលសម្បូរគេដើរច្រើនក៏មិនប្រាកដថាសុទ្ធតែជាផ្លូវត្រឹមត្រូវនោះដែរ។ បើអ្នករកមិនឃើញផ្លូវដើរដែលយល់ថាត្រឹមត្រូវសម្រាប់ខ្លួនឯងនោះទេ ដូច្នេះបង្កើតផ្លូវដើរដោយខ្លួនឯងទៅ។ យ៉ាងណាមិញ ចូរកុំធ្វើវាអីប្រសិនជាអ្នកភ័យខ្លាចការរិះគន់ពីអ្នកដទៃមកលើអ្នក ព្រោះបើអ្នកចង់គេចវេះពីការរិះគន់របស់អ្នកដទៃ មានតែផ្លូវដើរតែមួយគត់ដែលអាចសម្រេចបំណងមួយនេះរបស់អ្នកបាន នោះគឺដើរតាមផ្លូវដដែលពីគន្លងចាស់របស់គេ។ ប៉ុន្តែ អ្នកក៏ត្រូវចាំដែរថា វាជារឿងឆ្កួតលីលាបំផុតដែលរំពឹងទុកនូវលទ្ធផលថ្មី នៅពេលដែលប្រើវិធីសាស្ត្រដដែលដើម្បីសម្រេចបានអ្វីមួយ។
Saint Augustine បាននិយាយថា៖ "រឿងត្រឹមត្រូវគឺនៅតែត្រឹមត្រូវ បើទោះជាគ្មាននរណាធ្វើវាក៏ដោយ។ ឯរឿងខុសគឺនៅតែខុស បើទោះជាមនុស្សគ្រប់គ្នាធ្វើវាក៏ដោយ"។ អ្វីដែលសំខាន់ក្នុងពេលនេះ គឺជាការស្គាល់ថាខ្លួនឯងជានរណា តើអ្វីទៅដែលជាគោលដៅសំខាន់បំផុតដែលអ្នកចង់សម្រេចឲ្យបាននៅក្នុងជីវិតអ្នក។ បើអ្នកដឹងថាជាអ្វីហើយ វាប្រៀបដូចជាអ្នកដឹងពីមូលហេតុដែលអ្នកត្រូវរស់នៅក្នុងលោកនេះដូច្នោះ។ គោលដៅក្នុងជីវិតគឺសំខាន់ណាស់ នរណាម្នាក់ក៏ត្រូវតែរកឲ្យឃើញវាដែរ ពុំនោះទេពួកគេនឹងមិនដឹងថាខ្លួនឯងត្រូវរស់នៅដើម្បីអ្វីនោះទេ ហើយគោលដៅនោះក៏មិននៅទីណាឆ្ងាយពីម្ចាស់ខ្លួនពួកគេនេះដែរ។
វាគឺជាសំឡេងពីខាងក្នុងមក ឲ្យតែអ្នកអត់ធ្មត់ស្ដាប់វាបន្តិច នោះវានឹងបន្លឺប្រាប់អ្នកមិនខាន។ កូនសោចាក់ទៅរកអំណាចជាម្ចាស់គ្រប់គ្រងជីវិតរបស់ខ្លួន គឺនៅក្នុងខ្លួនអ្នកនេះឯង។ មូលហេតុដែលអ្នករកមិនឃើញវា គឺមកពីអ្នកចេះតែសម្លឹងរកមើលនៅខាងក្រៅ ក៏ព្រោះតែអ្នកយល់ថាអំណាចក្នុងការក្លាយជាអ្នកគូរវាសជោគវាសនាជីវិតរបស់អ្នក ស្ថិតនៅលើអ្នកដទៃជាអ្នកប្រគល់ឲ្យ។ ហេតុនេះហើយទើបជីវិតអ្នកមិនខុសគ្នាអ្វីពីជីវិតរបស់ជនទាសករ ជាទាសករនៃការគិតរបស់ខ្លួនឯងអស់មួយជីវិត គឺអ្នកជាអ្នកឃុំឃាំងខ្លួនឯងដោយខ្លួនឯង។ ជិះរថយន្តក៏ដោយ ជិះកង់ក៏ដោយ ក៏គង់តែដល់គោលដៅដូចតែគ្នាទេ បើទោះជាត្រូវខាតបង់ពេលវេលាអស់ច្រើនក្ដី។ ប៉ុន្តែសម្រាប់មនុស្សដែលមានឆន្ទៈខ្លាំងក្លាចង់បានអ្វីមួយហើយ ពួកគេនឹងគ្មានលេសអ្វីទាំងអស់៕
ដោយ៖ ស្រីពៅ