ប្រាកដក្នុងចិត្តដែរទេថា អ្នកពិតជាមានទំនួលខុសត្រូវខ្ពស់លើជីវិតខ្លួនឯង?
បើអ្នកដឹងថាថ្ងៃស្អែកអ្នកនឹងស្លាប់ តើអ្នកនឹងចំណាយពេលមួយថ្ងៃចុងក្រោយនេះទៅលើការរអ៊ូរទាំពីជីវិតរបស់អ្នកទៀតទេ ? ហេតុអ្វីមនុស្សជាច្រើនចូលចិត្តតែរអ៊ូរទាំបន្ទោសអ្វីៗដែលខ្លួនឯងមិនចង់បានទៅលើអ្នកនេះអ្នកនោះ ឬស្ថានការណ៍នេះស្ថានការណ៍នោះ ហាក់ដូចជាពួកគេគ្មានទំនួលខុសត្រូវទៅលើជីវិតរបស់ខ្លួន ឬក៏មកពីពួកគេមិនមែនជាអ្នកកាច់ចង្កូតជីវិតរបស់ខ្លួនឯងទេឬ ?
ការទម្លាក់កំហុសថាមកពីនេះមកពីនេះ ក្រៅពីខ្លួនឯង អាចធ្វើឲ្យអ្នកទទួលបានសេចក្ដីអាណិតអាសូរពីអ្នកដទៃ ឬអាចក្លាយជាលេសដ៏ល្អមួយសម្រាប់លម្អអ្នកពីការមាក់ងាយពីអ្នកដទៃចំពោះសមត្ថភាពដែលអ្នកមិនអាចឈោងទៅដល់ ប៉ុន្តែសេចក្ដីអាណិតអាសូរគឺគ្រោះថ្នាក់ជាងថ្នាំញៀនដែលបំផ្លាញជីវិតមនុស្សលោកជារៀងរាល់ថ្ងៃនេះទៅទៀត។
ការទទួលយកសេចក្ដីអាណិតអាសូរពីអ្នកដទៃ ហើយប្រឹងធ្វើខ្លួនឯងជាមនុស្សទន់ខ្សោយនិងជាជនរងគ្រោះពីកត្តាខាងក្រៅ នឹងបណ្ដុះផ្នត់គំនិតទន់ខ្សោយដល់អ្នក។ ស្ថានការណ៍របស់អ្នកបច្ចុប្បន្នគឺជាលទ្ធផលដែលកើតចេញពីការគិតរបស់អ្នកកាលពីថ្ងៃមុន។ នៅពេលអ្នកជឿជាក់ថាបែបណា អ្នកនឹងក្លាយជាបែបនោះមែនហើយ។ នៅពេលអ្នកបន្ទោសថាមកពីនរណាម្នាក់ទើបធ្វើឲ្យជីវិតអ្នកជួបរឿងអាក្រក់បែបនោះ ហើយអ្នកចាត់ទុកគេជាសត្រូវរបស់អ្នក អ្នកគួរចាប់ផ្ដើមយកគំនិតដែលអ្នកបានបណ្ដុះមកមួយនេះមកគិតសារជាថ្មី នោះអ្នកនឹងភ្ញាក់ផ្អើលថាតាមពិតអ្នកគឺជាសត្រូវរបស់ខ្លួនឯងនេះហើយ មិនមែននរណាម្នាក់នោះឡើយ។ គឺមកពីអ្នកមិនអាចគ្រប់គ្រងទៅលើការគិតរបស់ខ្លួនឯងបាន អ្នកមិនទាន់មានទំនួលខុសត្រូវទៅលើជោគវាសនាជីវិតរបស់ខ្លួនឯង ទើបអ្នកបន្ទោសថាមកពីនេះពីនោះ ហើយមើលរំលងកំហុសខ្លួនឯង និងភាពឆោតល្ងង់របស់ខ្លួនឯង ដែលមានខ្លួនឯងជាសត្រូវ។
បើកាលណាអ្នកយល់ថាការគិតរបស់អ្នកគឺជាអ្វីៗគ្រប់យ៉ាងដែលតាក់តែងជីវិតរបស់អ្នកឡើង នោះអ្នកដឹងថាអ្នកមានទំនួលខុសត្រូវទៅលើរឿងរ៉ាវគ្រប់បែបយ៉ាងដែលកើតឡើងមកលើជីវិតរបស់ខ្លួន ដែលរឿងទាំងនោះស្ថិតនៅក្នុងកណ្ដាប់ដៃអ្នកតែម្នាក់ប៉ុណ្ណោះ ហើយក៏គ្មានឥទ្ធិពលពីខាងក្រៅណាអាចរំខានចិត្តដែលរកឃើញភាពស្ងប់នៅខាងក្នុងបែបនេះនោះដែរ៕
ដោយ៖ ស្រីពៅ