មេរៀន​​ជីវិត​ទាំង​៤​យ៉ាង​ដែល​​អ្នក​មិន​បាន​រៀន​នៅ​សាលា​



​ឪពុក​ម្ដាយ​​គ្រប់​រូប​តែង​បញ្ជូន​កូន​ឲ្យ​ទៅ​សាលា​រៀន​ដើម្បី​ក្រេប​​យក​ចំណេះ​ដឹង​ដោយ​សង្ឃឹម​ថា​នឹង​អាច​ជួយ​ឲ្យ​កូន​ពួក​គាត់​ទទួល​បាន​ភាព​ជោគជ័យ​នៅ​ក្នុង​ជីវិត​។ ថ្វីត្បិត​តែ​ចំណេះ​ដឹង​ពី​សាលា​អាច​ជួយ​បាន​មួយ​ផ្នែក​ធំ​ក៏​ពិត​មែន​ ប៉ុន្តែ​សាលា​រៀន​មិន​បាន​បង្រៀន​មេរៀន​ជីវិត​​ឡើយ។ ខាង​ក្រោម​នេះ​ជា​មេរៀន​ជីវិត​​ទាំង​៤​យ៉ាង​ដែល​អ្នក​គួរ​ដឹង​សម្រាប់​ភាព​ជោគជ័យ​ក្នុង​ជីវិត៖

១) ​គ្មាន​ទេ​យុត្តិធម៌​ក្នុង​ជីវិត៖ ​ពេល​ខ្លះ​អ្នក​ជា​មនុស្ស​ឆ្លាត ខិត​ខំ​ធ្វើ​ការ​​និង​​ស្មោះ​ត្រង់​​ចំពោះ​ក្រុមហ៊ុន តែ​ក៏​​មិន​ពិត​ប្រាកដ​ថា​អ្នក​នឹង​ទទួល​បាន​ការ​ដំឡើង​ឋានៈ​ឬ​ប្រាក់​ខែ​ឡើយ។ ជីវិត​គឺ​វា​បែប​នេះ​ឯង វា​មិន​ផ្ដល់​ឲ្យ​នូវ​អ្វី​ដែល​អ្នក​គិត​ថា​អ្នក​ស័ក្ដិសម​ឡើយ ដូច្នេះ​ហើយ អ្នក​ត្រូវ​តែ​ដឹង​និង​ទទួល​ស្គាល់​​គ្មាន​ទេ​យុត្តិធម៌​ក្នុង​ជីវិត ប៉ុន្តែ​ចូរ​អ្នក​បន្ត​ខិត​ខំ​បើ​ទោះ​បី​ជា​គ្មាន​អ្នក​ឲ្យ​តម្លៃ។

២) ភាព​ល្បីល្បាញ​ពិត​ជា​អាច​ជួយ​អ្នក​បាន៖ ភាព​ល្បីល្បាញ​ពិត​ជា​អាច​ជួយ​អ្នក​ឲ្យ​ជោគជ័យ​ក្នុង​ជីវិត​បាន។ វា​គឺ​ជា​ជំនាញ​ទំនាក់​ទំនង​មួយ​ដែល​មនុស្ស​គ្រប់​រូប​គួរ​តែ​មាន ​ព្រោះ​វា​អាច​ជួយ​នៅ​ក្នុង​ការងារ​បាន​។​ ឧទាហរណ៍​ថា​អ្នក​​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុង​សាលា ​ពេល​​ដែល​អ្នក​​ដាក់​ពាក្យ​ធ្វើ​ការ ក្រុមហ៊ុន​អាច​នឹង​ជ្រើស​រើស​យក​អ្នក​ជាជាង​អ្នក​ដទៃ​ដោយ​សារ​តែ​ភាព​ល្បីល្បាញ​របស់​អ្នក។

៣) បើ​អ្នក​បរាជ័យ នេះ​មិន​មែន​ជា​កំហុស​ឪពុកម្ដាយ​ទេ៖ ឈប់​បន្ទោស​ទៅ​លើ​​​​​ ឪពុកម្ដាយ​​របស់​អ្នក​ទៀត​ទៅ​​សម្រាប់​ភាព​បរាជ័យ​ក្នុង​ជីវិត​ អ្នក​គួរ​តែ​រៀន​ទទួល​ខុស​ត្រូវ​ចំពោះ​ជីវិត​ខ្លួន​ឯង។ ​មនុស្ស​យើង​ចូល​ចិត្ត​ណាស់​បន្ទោស​អ្នក​ដទៃ។ ប្រសិន​អ្នក​ចង់​ជោគជ័យ អ្នក​ត្រូវ​រៀន​ទទួល​ស្គាល់​កំហុស​ខ្លួន​ឯង​ កែប្រែ​កំហុស​និង​​រៀន​រស់​នៅ​ដោយ​ឯករាជ្យ​ដោយ​មិន​ពឹង​ពាក់​លើ​ឪពុកម្ដាយ។

៤) ជីវិត​មិន​បែង​ចែក​ជា​ឆមាស​នោះ​ទេ៖ នៅ​​សាលា​ ប្រសិន​អ្នក​ប្រលង​ធ្លាក់ អ្នក​អាច​ប្រលង​សង​ម្ដង​ហើយ​ម្ដង​ទៀត​រហូត​ដល់​អ្នក​ប្រលង​ជាប់។ ក្នុង​ជីវិត​ពិត​គឺ​មិន​បែប​នេះ​ទេ។ ក្នុង​សង្គម​ពិត អ្នក​មិន​ប្រាកដ​ថា​មាន​ឱកាស​ច្រើន​នោះ​ទេ ​ហើយ​ជីវិត​បន្ត​ទៅ​រហូត​។ ដូច្នេះ​ហើយ​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​​​ចំពោះ​រាល់​ការ​សម្រេច​ចិត្ត​ ​បើ​មិន​អ៊ីចឹង​ទេ អ្នក​នឹង​ខាត​ពេលវេលា៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ Bornrealist.com

X
5s