លោក Walt Disney ៖«ប្រសិនអ្នកអាចសុបិនវាបាន អ្នកក៏អាចធ្វើវាបានដែរ»
«ប្រសិនអ្នកអាចសុបិនវាបាន អ្នកក៏អាចធ្វើវាបានដែរ» ដែលជាពាក្យសម្ដីដ៏មានតម្លៃរបស់លោក Walt Disney ដែលជាអ្នកបង្កើតខ្សែភាពយន្តគំនូរជីវចលដំបូងគេបំផុត។ ពំនោលនេះសំដៅទៅលើមនុស្សដែលមានក្តីសុបិនចង់សម្រេចអ្វីមួយដែលអស្ចារ្យ ធំ មានន័យឬស្រស់ស្អាតជាដើម។ ប្រសិនអ្នកមានក្តីសុបិនចង់ធ្វើអ្វីមួយ អ្នកពិតជាអាចសម្រេចវាបានហើយអ្នកពិតជាអាចធ្វើឲ្យវាក្លាយជាការពិត។
ឧទាហរណ៍ថាអ្នកចង់សន្សំលុយទៅដើរលេងនៅក្រៅប្រទេសជាមួយគ្រួសាររបស់អ្នក។ ដោយសារតែការតាំងចិត្ត ការខិតខំធ្វើការនិងសន្សំលុយ ទីបំផុតអ្នកក៏មានថវិកាគ្រប់គ្រាន់សម្រាប់ដំណើរកម្សាន្តជាមួយគ្រួសាររបស់អ្នក។ អ្នកឃើញក្រុមគ្រួសាររបស់អ្នកសប្បាយចិត្ត អ្នកក៏សប្បាយចិត្ត។
ហេតុផលចម្បងដែលធ្វើឲ្យអ្នកសប្បាយចិត្តគឺមិនមែនដោយសារតែអ្នកបានធ្វើជាកូនល្អនោះទេ ហេតុផលចម្បងគឺដោយសារតែអ្នកបានសម្រេចក្តីសុបិនដែលខ្លួនឯងបានកំណត់ឬក្តីសុបិនដែលអ្នកគិតថាមិនអាចទៅរួច។ នរណាម្នាក់ក៏មានក្តីសុបិនដែរ។
ឲ្យតែមានការតាំងចិត្តគ្រប់គ្រាន់ មានភាពជឿជាក់ មានការខិតខំ មនុស្សគ្រប់គ្នាសុទ្ធតែអាចសម្រេចបាន។ បើអ្នកសុបិនវាបាន អ្នកក៏អាចសម្រេចវាបានដូចគ្នា៕
ដោយ៖ អឹុង មុយយូ