តើពន្លឺរបស់ព្រះអាទិត្យផ្ដល់ពណ៌ចម្រុះដល់ជីវិតអ្នកយ៉ាងដូចម្ដេច ?​



ហេតុអ្វី​ពន្លឺ​អាច​ឲ្យ​អ្នក​មើល​ឃើញ​ពណ៌​របស់​រាល់​វត្ថុ​ទាំងឡាយ​នៅ​លើ​ភព​ផែនដី​នេះ​បាន ? តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​ភ្នែក​របស់​អ្នក​មើល​ឃើញ​ផ្លែ​ប៉ោម​មាន​ពណ៌​ក្រហម ឯ​រថយន្ត​មួយ​នោះ​មាន​ពណ៌​ស ? ហេតុអ្វី​សំលៀកបំពាក់​ដែល​មាន​ពណ៌​ខ្មៅ​បញ្ចេញ​កម្ដៅ​ជាង​ពណ៌​ស ? តើ​ទំនាក់ទំនង​អ្វីខ្លះ​ដែល​ជាប់​ពាក់ព័ន្ធ​គ្នា ដើម្បី​បង្កើត​ជា​រឿងរ៉ាវ​ដ៏​អស្ចារ្យ​ឲ្យ​យើង​ឃើញ​នៅ​លើ​លោក​នេះ​បាន ?

ព្រះអាទិត្យ​បញ្ចេញ​ពន្លឺ​របស់​វា​ក្នុង​ទម្រង់​ជា​វិសាលភាព​នៃ​កាំរស្មី​អេឡិចត្រូម៉ាញេទិច។ វិសាលភាព​នៃ​កាំរស្មី​អេឡិចត្រូម៉ាញេទិច​គឺជា​ក្រុម​គ្រួសារ​មួយ ដែល​មាន​សមាជិក​៧នាក់ ឬ​កាំរស្មី​៧ប្រភេទ​បង្ក​វា​ឡើង។ ពន្លឺ​គឺជា​កាំរស្មី​អេឡិចត្រូម៉ាញេទិច ដែល​មាន​លក្ខណៈ​របស់​រលក មានន័យ​ថា​ពន្លឺ​ធ្វើ​ដំណើរ​ក្នុង​ទម្រង់​ជា​រលក។ កាំរស្មី​ប្រភេទ​នីមួយៗ​មាន​ចំណុច​ដូច​គ្នា​នៅ​ត្រង់​ល្បឿន​ដែល​វា​ធ្វើ​ដំណើរ​ក្នុង​រយៈពេល​១វិនាទី​បាន​ចម្ងាយ​២៩៩,៧៩២​គីឡូម៉ែត្រ​ក្នុង​លំហ​ទទេ និង​ធ្វើ​ដំណើរ​យឺត​ជាង​នេះ​នៅ​ក្នុង​ទឹក។

ដោយសារ​ពន្លឺ​មាន​លក្ខណៈ​របស់​រលក មានន័យ​ថា​ពន្លឺ​ក៏​មាន​ប្រេកង់​ឬ​សំដៅ​ទៅលើ​ចំនួន​រលក​ដែល​វា​ដាល​បាន​ក្នុង​រយៈពេល​១​វិនាទី និង​ថាមពល​របស់​វា​ដែរ។ ថាមពល​របស់​ពន្លឺ​អាស្រ័យ​នឹង​ប្រេកង់​ដែល​វា​មាន។ បើ​កាលណា​ប្រេកង់​របស់​វា​កាន់តែ​ខ្ពស់ ឬ​ចំនួន​រលក​ដែល​ពន្លឺ​ដាល​បាន​កាន់តែ​ច្រើន នោះ​ថាមពល​របស់​វា​នឹង​កាន់តែ​ខ្លាំង ដែល​ចំណុច​២យ៉ាង​នេះ​ហើយ​ដែល​កំណត់​ពី​លក្ខណៈ​ខុសគ្នា​រវាង​ប្រភេទ​កាំរស្មី​នីមួយៗ។ កាំរស្មី​ដែល​មាន​ថាមពល​ខ្សោយ​និង​ប្រេកង់​ទាប​ជាង​គេ​គឺជា​រលក​វិទ្យុ រីឯ​កាំរស្មី​ដែល​មាន​ថាមពល​ខ្លាំង​និង​ប្រេកង់​ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​វិសាលភាព​នៃ​កាំរស្មី​អេឡិចត្រូម៉ាញេទិច​គឺជា​កាំរស្មី​ហ្កាម៉ា។ មិន​ថា​អ្វី​ក៏​ដោយ​សុទ្ធតែ​បង្ក​ឡើង​ពី​អាតូម ដែល​ក្នុង​អាតូម​មាន​ភាគល្អិត​កាន់តែ​តូច​ដែល​បង្ក​វា​ឡើង​ទៀត។

អាតូម​មាន​ប្រូតុង​ដែល​ជា​បន្ទុក​វិជ្ជមាន និង​មាន​បន្ទុក​អវិជ្ជមាន​ដែល​ជា​អេឡិចត្រុង​វិល​ជុំវិញ​ណ្វៃយ៉ូ​អាតូម​ដែល​បង្ក​ឡើង​ពី​ប្រូតុង​និង​ណឺត្រុង​ជា​បន្ទុក​ណឺត។ អេឡិចត្រុង​តម្រៀប​គ្នា​ជុំវិញ​ណ្វៃយ៉ូ​ជា​ស្រទាប់ ដូច​ដែល​ភព​នីមួយៗ​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​វិល​ជុំវិញ​ព្រះអាទិត្យ​តាម​គន្លង​របស់​វា​ដូច្នោះ​ដែរ។ បើ​ទោះ​ជា​អេឡិចត្រុង​តូច​មើល​មិន​ឃើញ​ក៏​ដោយ ក៏​បន្ទុក​អវិជ្ជមាន​នេះ​មាន​ថាមពល​ដែល​បង្ក​វា​ឡើង។ ស្រទាប់​នីមួយៗ​អាច​ផ្ទុក​ថាមពល​របស់​អេឡិចត្រុង​ក្នុង​កម្រិត​ជាក់លាក់​របស់​វា។

ស្រទាប់​ដែល​នៅ​ជិត​ណ្វៃយ៉ូ​អាតូម​បំផុត អាច​ផ្ទុក​ថាមពល​អេឡិចត្រុង​បាន​តិច​ជាង​គេ ប៉ុន្តែ​ក៏​ជា​ស្រទាប់​ដែល​មាន​ស្ថិរភាព​នឹងន​ជាង​គេ​បំផុត​ដែរ ក៏​ព្រោះ​តែ​វា​មាន​កម្លាំង​អគ្គិសនី​ពី​ប្រូតុង​ដែល​ជា​បន្ទុក​វិជ្ជមាន​ឆក់​ទាញ​បន្ទុក​អវិជ្ជមាន​ឲ្យ​មក​នៅ​ជាប់​នឹង​ណ្វៃយ៉ូ។ នេះ​មានន័យ​ថា​ស្រទាប់​ដែល​នៅ​ខាងក្រៅ​បង្អស់ អេឡិចត្រុង​នៅ​ទីនេះ​នឹង​មិន​មាន​ស្ថិរភាព​នោះ​ឡើយ។ ស្រទាប់​នីមួយៗ​តំណាង​ពី​កម្លាំង​ថាមពល​ដែល​វា​មាន។ នៅ​ពេល​ស្រទាប់​ដំបូង​ផ្ទុក​អេឡិចត្រុង​គ្រប់​ចំនួន​របស់​វា​ហើយ នោះ​អេឡិចត្រុង​ដែល​នៅ​សល់​នឹង​រុញ​ឡើង​ទៅ​ស្រទាប់​បន្ទាប់​ដែល​តំណាង​ឲ្យ​ថាមពល​កាន់តែ​ខ្លាំង​របស់​ស្រទាប់​បន្ទាប់។

នៅ​ពេល​ពន្លឺ​របស់​ព្រះអាទិត្យ​ចាំង​មក​ប៉ះ​ចំ​ផ្លែ​ប៉ោម​ដែល​អាច​ឲ្យ​អ្នក​មើល​ឃើញ​ថា​ជា​ពណ៌​ក្រហម គឺ​ដោយសារ​តែ​ពន្លឺ​បង្ក​ឡើង​ពី​ភាគល្អិត​តូច​ៗ​ហៅថា​photonដែល​មាន​ថាមពល​បង្ក​វា​ឡើង នៅ​ពេល​ផ្លែ​ប៉ោម​របស់​អ្នក​ត្រូវ​ពន្លឺ​របស់​ព្រះអាទិត្យ ទំនាក់ទំនង​រវាង​ភាគល្អិត​ដែល​បង្ក​ផ្លែ​ប៉ោម​និង​ភាគល្អិត​ដែល​បង្ក​ពន្លឺ​ព្រះអាទិត្យ នឹង​ចាប់ផ្ដើម​ឡើង។ photon​នឹង​លះបង់​ថាមពល​របស់​វា​ទៅ​ឲ្យ​អេឡិចត្រុង​នៅ​ក្នុង​អាតូម​ផ្លែ​ប៉ោម។ នៅ​ពេល​អេឡិចត្រុង​ទទួល​បាន​ថាមពល​បន្ថែម វា​នឹង​ឡើង​ទៅ​ស្រទាប់​ខ្ពស់​បន្ទាប់​ទៀត ដែល​ជា​ហេតុ​នាំឲ្យ​វា​មិន​មាន​ស្ថិរភាព។ ដូច្នេះ ដើម្បី​ស្វែងរក​ស្ថិរភាព​និង​ត្រឡប់​ទៅ​កាន់​ស្រទាប់​ទាប​វិញ វា​ត្រូវ​លះបង់​ចោល​នូវ​ថាមពល​ទាំង​ប៉ុន្មាន​ដែល​វា​ទទួល​បាន​ពី​ការ​បន្ទេរ​ពីphoton ហើយ​ថាមពល​ដែល​វា​លះបង់​នឹង​បញ្ចេញ​ក្នុង​ទម្រង់​ជា​ពន្លឺ។ ពណ៌​របស់​ពន្លឺ​ដែល​វា​បញ្ចេញ​គឺ​អាស្រ័យ​នឹង​ថាមពល​ដែល​វា​ទទួល​បាន​ពីphoton​របស់​ពន្លឺ​ព្រះអាទិត្យ។

ក្នុង​ចំណោម​កាំរស្មី​ទាំង​៧ប្រភេទ​ដែល​បង្ក​វិសាលភាព​នៃ​កាំរស្មី​អេឡិចត្រូម៉ាញេទិច​របស់​ព្រះអាទិត្យ គឺ​មាន​តែ​ចំណែក​តូច​បំផុត​មួយ​នៅ​ក្នុង​កាំរស្មី​១​ប្រភេទ​ប៉ុណ្ណោះ​ដែល​អាច​មើល​ឃើញ​នឹង​ភ្នែក​មនុស្ស​បាន ដែល​គេ​ឲ្យ​ឈ្មោះ​វា​ថា​ពន្លឺ​មើល​ឃើញ។ ពន្លឺ​មើល​ឃើញ​នេះ​គឺជា​ពន្លឺ​ពណ៌​ស ដែល​ផ្គុំ​ចូល​គ្នា​ដោយ​ពន្លឺ​៧ពណ៌​របស់​ឥន្ទធនូ។ ដូច​ដឹង​ស្រាប់​មក​ហើយ​ថា ពន្លឺ​គឺជា​រលក ដូចនេះ​ពន្លឺ​មាន​ប្រេកង់​និង​ថាមពល​របស់​វា។ ពណ៌​របស់​ពន្លឺ​ដែល​មាន​ថាមពល​ខ្លាំង​និង​ប្រេកង់​ខ្ពស់​ជាង​គេ​គឺជា​ពណ៌​ស្វាយ និង​ផ្ទុយ​មក​វិញ​គឺ​ពណ៌​ក្រហម។

ដូចនេះ នៅ​ពេល​ពន្លឺ​របស់​ព្រះអាទិត្យ​ចាំង​មក​ប៉ះ​នឹង​ផ្លែ​ប៉ោម​របស់​អ្នក អេឡិចត្រុង​ដែល​បង្ក​ផ្លែ​ប៉ោម​នឹង​ស្រូប​បញ្ចូល​ពណ៌​ទាំងអស់​របស់​ពន្លឺ​ព្រះអាទិត្យ លើកលែង​ពណ៌​ក្រហម​ដែល​វា​ចំណាំង​ផ្លាត​ត្រឡប់​ទៅវិញ ធ្វើឲ្យ​អ្នក​មើល​ឃើញ​ផ្លែ​ប៉ោម​ជា​ពណ៌​ក្រហម។ អាវ​ពណ៌​ខ្មៅ​មាន​កម្ដៅ​ជាង​ពណ៌​ស ក៏​ព្រោះ​តែ​អាតូម​ដែល​បង្ក​អាវ​ពណ៌​ខ្មៅ​នឹង​ស្រូប​បញ្ចូល​ទុក​នូវ​ពណ៌​ទាំងអស់ ដូចនេះ​វា​មិន​ចំណាំង​ផ្លាត​ជាមួយ​នឹង​ពណ៌​ណាមួយ​ឡើយ ហេតុនេះ​ថាមពល​ដែល​មាន​នៅ​ក្នុង​ពន្លឺ​របស់​ពណ៌​ដែល​វា​បាន​ស្រូប​នឹង​បញ្ចេញ​ជា​កម្ដៅ​មក​វិញ​ដែល​ធ្វើឲ្យ​អ្នក​ក្ដៅ​ជាង​ពេល​ពាក់​ពណ៌​ផ្សេង។

រីឯ​អាតូម​ដែល​បង្ក​អាវ​ពណ៌​ស មិន​ស្រូប​បញ្ចូល​នូវ​ថាមពល​ពី​ពន្លឺ​របស់​ពណ៌​ណាមួយ​នោះ​ឡើយ ប៉ុន្តែ​វា​ចំណាំង​ផ្លាត​ត្រឡប់​ទៅវិញ​ជាមួយ​ពន្លឺ​របស់​ពណ៌​ទាំងអស់​វិញ ហេតុនេះ​ហើយ​ទើប​វា​មិន​មាន​បញ្ចេញ​កម្ដៅ​អ្វី​នោះ៕

ដោយ៖ ស្រីពៅ

X
5s