ក្រៅពីចំណីអាហារ មនុស្សត្រូវការអាហារ២យ៉ាងបន្ថែមទៀតដើម្បីភាពជោគជ័យ
គោលដៅក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗគឺចង់បានសេចក្ដីសុខ សុខភាពល្អ ភាពរីករាយនិងភាពជោគជ័យជាដើម។ រាល់ពេលដែលយើងនិយាយដល់អាហារ មនុស្សនឹងនឹកឃើញចំណីអាហារមុនគេ។ ពិតប្រាកដណាស់ថាយើងត្រូវការចំណីអាហារល្អៗដើម្បីបានសុខភាពល្អ។ ប៉ុន្តែ ជីវិតមនុស្សត្រូវការលើសពីអាហារល្អៗសម្រាប់ការទទួលទាន។ ខាងក្រោមនេះជាអាហារដែលមនុស្សគួរទទួលទានឲ្យបានច្រើនដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យនិងរីករាយក្នុងជីវិត៖
១) អាហារខួរក្បាល៖ ប្រសិនជាអ្នកប្រើប្រាស់កម្លាំងកាយសម្រាប់ធ្វើការរកស៊ីចិញ្ចឹមជីវិត អ្នកប្រហែលជាអាចរកចំណូលបានតែចាយប្រចាំខែនោះទេ។ បន្ថែមពីលើនេះ អ្នកប្រហែលជាមិនអាចមានលុយសល់ឡើយ អាក្រក់ជាងនេះទៅទៀតអ្នកអាចខ្ចីលុយគេទៀតព្រោះការធ្វើការដោយកម្លាំងកាយមិនអាចរកចំណូលបានច្រើនប៉ុន្មាននោះទេ។ ប៉ុន្តែ ប្រសិនជាអ្នកមានប្រាជ្ញា អ្នកមិនត្រឹមតែមិនហត់នឿយនោះទេ វាអាចជួយអ្នកឲ្យក្លាយជាអ្នកមានទៀតផង។ មនុស្សជោគជ័យភាគច្រើនសុទ្ធតែឆ្លាត នោះដោយសារតែពួកគាត់ទទួលបានចំណីអាហារខួរក្បាលបានច្រើន ដែលជួយឲ្យពួកគេគិតនិងដោះស្រាយបញ្ហាក្នុងជីវិត។ អាហារខួរក្បាលអាចរកបានតាមការអានសៀវភៅ ការស្ដាប់និងការគិត។
២) អាហារផ្លូវចិត្ត៖ ក្រោយពីមានប្រាជ្ញាហើយ អ្នកក៏ត្រូវចេះរក្សាអារម្មណ៍ផ្លូវចិត្តឲ្យបានល្អដែរ ព្រោះមនុស្សជោគជ័យមិនធ្វើការដោយប្រើអារម្មណ៍ផ្លូវចិត្តឡើយ ហើយក៏មិនអនុញ្ញាតឲ្យអារម្មណ៍មិនល្អមកប៉ះពាល់ការងាររបស់ពួកគាត់ផងដែរ។ មិនថាអ្នកពូកែយ៉ាងណា ឆ្លាតប៉ុណ្ណាក៏ដោយ ប្រសិនអ្នកមិនចេះគ្រប់គ្រងអារម្មណ៍ឲ្យបានល្អ នោះអ្នកពិតជាលំបាកក្នុងការធ្វើការជាមួយអ្នកដទៃព្រោះមនុស្សមានគ្រប់បែបយ៉ាងក្នុងសង្គម ដូច្នេះហើយវាទាមទារឲ្យអ្នកចេះអត់ធ្មត់ ចេះអត់ទ្រាំ ចេះសម្របខ្លួន មិនបញ្ចេញកំហឹងឬចេះរក្សាអារម្មណ៍ឲ្យល្អ ទើបអ្នកអាចជោគជ័យបាន។ អ្នកអាចទទួលអាហារផ្លូវចិត្តតាមរយៈការតាំងសមាធិ ចូលហាត់យូហ្កានិងអានសុភាសិតវិជ្ជមានជាដើម៕
ដោយ៖ អុឹង មុយយូ