យល់ថាកាហ្វេអ៊ីនជាប្រភេទថ្នាំជក់ មិនមែនគ្រាន់តែជាភេសជ្ជៈ នោះអ្នកនឹងមិនយល់ឃើញចំពោះវាដូចមុនឡើយ
មនុស្សប្រមាណ៩០%នៅជុំវិញពិភពលោក ទទួលទានជាតិកាហ្វេអ៊ីនក្នុងទម្រង់ជាកាហ្វេជារៀងរាល់ថ្ងៃ។ ជាតិកាហ្វេអ៊ីនមិនត្រឹមតែមាននៅក្នុងកាហ្វេប៉ុណ្ណោះទេ តែវាក៏ជាធាតុផ្សំនៅក្នុងតែ សូកូឡា និងថ្នាំពេទ្យមួយចំនួនផងដែរ។ កាហ្វេអ៊ីន ជួយដាស់ស្មារតីរបស់អ្នកឲ្យមានភាពស្វាហាប់ បំបាត់ភាពអស់កម្លាំងហត់នឿយ និងងងុយគេង និងបង្កើនប្រសិទ្ធភាពការងាររបស់អ្នកថែមទៀតផង។
គុណសម្បត្តិដែលមាននៅក្នុងកាហ្វេអ៊ីនទាំងនេះ សុទ្ធតែត្រូវបានដឹងដោយអ្នកទទួលទានដោយខ្លួនពួកគេផ្ទាល់ ប៉ុន្តែព្រមជាមួយគ្នានោះដែរក៏មានគុណវិបត្តិដល់អាយុជីវិតមួយចំនួនដែលអ្នកគួរគិតពិចារណាពីបរិមាណដែលអ្នកទទួលទានឡើងវិញដែរ។
នៅពេលដែលអ្នកប្រើប្រាស់ជាតិកាហ្វេអ៊ីនដើម្បីដាស់ស្មារតីរបស់អ្នកឲ្យស្វាហាប់ និងផ្ចង់អារម្មណ៍របស់អ្នកមូលក្នុងកិច្ចការ កាហ្វេអ៊ីននឹងទៅភ្ញោចក្រលៀនរបស់អ្នកមួយកន្លែង ដែលទទួលខុសត្រូវទៅលើការបញ្ចេញអ័រម៉ូនទប់ទល់ជាមួយនឹងស្ត្រេស ឲ្យបញ្ចេញអ័រម៉ូននេះកាន់តែច្រើនជាងមុន ដើម្បីទប់ទល់ជាមួយនឹងភាពអស់កម្លាំងរបស់អ្នក។ នៅពេលអ្នកទទួលទានកាហ្វេអ៊ីនក្នុងបរិមាណច្រើនជាប្រចាំ វានឹងទៅភ្ញោចឬបង្ខំឲ្យក្រលៀនធ្វើការកាន់តែច្រើនជាងមុនដើម្បីបញ្ចេញអ័រម៉ូនទប់ទល់នឹងស្ត្រេសឬភាពអស់កម្លាំងនេះ ក្នុងរយៈពេលវែងម៉ាស៊ីនមួយនេះនឹងហត់នឿយ ហើយវានឹងធ្វើការខ្សោយជាងមុន។
នេះមានន័យថាវាមិនអាចគ្រប់គ្រងទៅលើការបញ្ចេញអ័រម៉ូនសម្រាប់ទប់ទល់នឹងស្ត្រេសបានល្អដូចមុននោះឡើយ ជាលទ្ធផលវាក៏នឹងបង្កជាជំងឺស្ត្រេសខ្លាំង បញ្ហាសុខភាពចម្បងៗដូចជា រោគថប់អារម្មណ៍ឬក្រហាយក្រហល់ ជំងឺគេងមិនលក់ សម្ពាធឈាមឡើងខ្ពស់ ជំងឺធ្លាក់ទឹកចិត្ត ខ្វះជាតិស្ករ ឈឺសន្លាក់ រោគដំបៅក្រពះ ជំងឺហឺត និងរោគបេះដូង។ ទោះជាយ៉ាងណាក៏ដោយ ការដាក់កម្រិតក្នុងការទទួលទានជាតិកាហ្វេអ៊ីនសមល្មមជារៀងរាល់ថ្ងៃ នឹងនាំមកនូវគុណសម្បត្តិជាច្រើនមកដល់អ្នកទៅវិញ។
ជាតិកាហ្វេអ៊ីននឹងជួយដល់ការបង្កើតការចងចាំក្នុងរយៈពេលវែងកាន់តែប្រសើរជាងមុន ព្រមទាំងកាត់បន្ថយការស្លាប់មុនអាយុទៀតផង។ យ៉ាងណាមិញ ពេលខ្លះវាពុំមែនជាកាហ្វេអ៊ីនតែម្យ៉ាងនោះឡើយ ដែលផ្ដល់ផលគ្រោះថ្នាក់ដល់អាយុជីវិតអ្នក ប៉ុន្តែគឺជាបរិមាណស្ករដែលអ្នកបានដាក់បន្ថែមចូលក្នុងកាហ្វេរបស់អ្នកទៅវិញទេ។
នៅពេលកាហ្វេរបស់អ្នកមានបន្ថែមស្ករស ទឹកស៊េរ៉ូផ្អែម ក្រែម (cream) និងទឹកដោះគោដែលមានជាតិធាត់ វានឹងបង្កជាភាពមិនប្រក្រតីនៅក្នុងប្រព័ន្ធរំលាយអាហារ ហើយក៏អាចជាស្ករនេះដែរដែលជាឫសគល់នៃរោគបេះដូង។ ម្យ៉ាងទៀត ការទទួលទានស្ករច្រើននឹងបំផ្លាញកោសិកាប្រព័ន្ធប្រសាទណឺរ៉ូននៅក្នុងខួរក្បាល ដែលមាននាទីដ៏ចម្បងក្នុងការបង្កើតការចងចាំរបស់អ្នក។ដូចនេះអ្នកត្រូវកាត់បន្ថយជាតិកាហ្វេអ៊ីន និងការទទួលទានស្ករក្នុងពេលដំណាលគ្នា ដើម្បីឲ្យជាតិកាហ្វេអ៊ីនសមល្មមមានឱកាសនាំមកនូវផលប្រយោជន៍សម្រាប់សុខភាពអ្នកវិញ៕
ដោយ៖ ស្រីពៅ