ទស្សនៈដ៏មានតម្លៃទាំង៤យ៉ាងរបស់លោកមហាសេដ្ឋី Jack Ma
លោកមហាសេដ្ឋី Jack Maដែលជាស្ថាបនិកនៃក្រុមហ៊ុនAlibabaនិងជាបុគ្គលដ៏ជោគជ័យមួយរូបក្នុងវិស័យជំនួញ។ មុនពេលលោកមហាសេដ្ឋី Jack Ma ជោគជ័យ លោកធ្លាប់បរាជ័យរាប់មិនអស់។ ហើយលោកមហាសេដ្ឋី Jack Maបានចែករំលែកនូវបទពិសោធន៍ដល់ក្មេងជំនាន់ក្រោយសម្រាប់សិក្សាដើម្បីជាផលប្រយោជន៍នាអនាគត។ ខាងក្រោមនេះជាទស្សនៈទៅលើប្រធានបទផ្សេងៗគ្នារបស់មហាសេដ្ឋី Jack Ma ៖
១) ទស្សនៈទៅលើភាពស្មើគ្នារវាងភេទ៖ លោកJack Ma បានបង្ហើបថាភាពជោគជ័យរបស់ក្រុមហ៊ុនAlibabaកើតមានឡើងដោយសារតែក្រុមហ៊ុនមានបុគ្គលិកនារី ឬ ស្រ្តីច្រើន ដែលមានដល់ទៅ៤៧ភាគរយ។ លោកJack Ma បានបន្ថែមទៀតថាប្រសិនជាអ្នកចង់ជោគជ័យក្នុងសតវត្សនេះ អ្នកត្រូវជួយអ្នកដទៃឲ្យជោគជ័យហើយមានតែនារីឬស្ត្រីតែប៉ុណ្ណោះដែលគិតដល់ប្រយោជន៍អ្នកដទៃជាជាងផលប្រយោជន៍ផ្ទាល់ខ្លួន ដូច្នេះហើយបានជាលោកជ្រើសរើសនារីភេទច្រើនជាងបុរស ឬ យ៉ាងហោចណាស់ឲ្យមានប្រហាក់ប្រហែល ឬក្នុងកម្រិតមួយដែលអាចទទួលយកបាន។
២) ទស្សនៈទៅលើលុយ៖ លោកJack Maនិយាយថា «ប្រសិនអ្នកមានលុយ១ពាន់លានដុល្លារ នោះមិនមែនជាលុយរបស់អ្នកនោះទេ នោះជាទំនុកចិត្តដែលសង្គមផ្ដល់ឲ្យអ្នក»។ ដូច្នេះហើយ ក្រុមហ៊ុនរបស់លោកត្រូវតែបន្តខិតខំបន្ថែមទៀតសម្រាប់ទំនុកចិត្តមួយនេះ។
៣) ទស្សនៈ ទៅលើភាពជឿជាក់៖ មុនពេលលោកជោគជ័យ លោកបាននិយាយប្រាប់មនុស្សអំពី Alipay ហើយមនុស្សភាគច្រើនប្រាប់លោកវិញថា«នេះជាគំនិតដ៏ឆ្កួតបំផុតនៅលើលោក។» ប៉ុន្តែ លោកមិនខ្វល់ពីគំនិតរបស់អ្នកដទៃព្រោះលោកដឹងច្បាស់ថាមនុស្សនឹងប្រើប្រាស់Alipay។ សព្វថ្ងៃ Alipay មានមនុស្សប្រើប្រាស់ដល់ទៅ៨០០លាននាក់។
៤) ទស្សនៈ ទៅលើការផ្លាស់ប្ដូរ៖ លោកJack Maផ្ដល់ដំបូន្មានថាប្រសិនអ្នកចង់ផ្លាស់ប្ដូរពិភពលោក អ្នកគួរតែផ្លាស់ប្តូរខ្លួនឯងព្រោះថាការផ្លាស់ប្ដូរខ្លួនឯងមានប្រសិទ្ធភាពជាងនិងងាយស្រួលជាង៕
ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ World Economic Forum