តើឥណ្ឌាអាចក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅលើលោកបានដែរឬទេ?
គេធ្លាប់តែនិយាយពីកំណើនសេដ្ឋកិច្ចប្រទេសឥណ្ឌាកាលពីកន្លងទៅថា ជាកំណើនហិនឌូ (Hindu Rate of Growth)។ សេដ្ឋកិច្ចរបស់ប្រទេសនេះ ធ្លាប់ត្រូវបានគេប៉ានប្រមាណថា ទទួលបានកំណើនផលិតផលក្នុងស្រុកសរុប (GDP) មិនលើសពី 3.5%ក្នុងមួយឆ្នាំនោះឡើយ ដោយសារតែ ប្រព័ន្ធការិយាធិបតេយ្យ និងចំនួនប្រជាជនដ៏ច្រើនលើសលុប។
ស្របពេលដែលសេដ្ឋកិច្ចរបស់ប្រទេសកូនខ្លាដូចជាប្រទេស កូរ៉េខាងត្បូង សិង្ហបុរី តៃវ៉ាននិងហុងកុង ចាប់ផ្ដើមងើបឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ និង១៩៦០ ប្រទេសយក្សដ៏ស្ពឹកស្រពន់មួយនេះហាក់ទទួលបានសេដ្ឋកិច្ចមានលក្ខណៈទន់ខ្សោយជាមួយនិងចំនួនប្រជាជនដ៏ច្រើនលើសលប់ស្ថិតនៅក្រោមបន្ទាត់ក្រីក្រ។
ប្រទេសដែលធ្លាប់មានសេដ្ឋកិច្ចអន់ថយមួយនេះ បានបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងរយៈពេល ២៥ឆ្នាំ ចុងក្រោយដែលប្រទេសនេះទទួលបានកំណើនសេដ្ឋកិច្ចជាមធ្យម 6% ជារៀងរាល់ឆ្នាំ។
[caption id="attachment_46220" align="aligncenter" width="564"] កំណើនសេដ្ឋកិច្ចឥណ្ឌាប្រៀបធៀបនឹងបណ្ដាប្រទេសមួយចំនួន[/caption]
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សន្និដ្ឋានថា ឥណ្ឌាបានតាមទាន់ប្រទេសចិនក្នុងឆ្នាំ2015 រួចទៅហើយបើនិយាយពីកម្រិតនៃកំណើនសេដ្ឋកិច្ច ពោលគឺមានកំណើនសេដ្ឋកិច្ច 7.9% ទល់និង 6.9% ហើយឥណ្ឌាអាចនឹងមានចំណូលក្នុងស្រុកសរុប (GDP) លើសប្រទេសមហាយក្សជិតខាងបែកខាងកើតរបស់ខ្លួនក្នុងរយះពេល 5ឆ្នាំទៀត។ អង្គការមួយនេះរំពឹងផងដែរថា ទំហំទឹកប្រាក់ដុល្លាររបស់សេដ្ឋកិច្ចឥណ្ឌានឹងយកឈ្នះប្រទេសអង់គ្លេសក្នុងឆ្នាំ 2018 ដែលនឹងធ្វើឲ្យប្រទេសយក្សមួយនេះក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី ៥លើលោក។
ប្រទេសឥណ្ឌាមានកំណើនសេដ្ឋកិច្ចដ៏មិនគួរឲ្យជឿក្នុងរយះពេលប៉ុន្មានទសវត្សចុងក្រោយនេះ។ នេះដោយសារតែកំណែទម្រង់សេដ្ឋកិច្ចរបស់ លោក Manmohan Singh អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក្នុងឆ្នាំ 1990 ដែលក្រោយមកក្លាយជាប្រធានាធិតេយ្យពីឆ្នាំ 2004 ដល់ 2014 ដែលជាហេតុផលដ៏សំខាន់មួយដែលធ្វើឲ្យប្រទេសនេះចាប់ផ្ដើមលូតលាស់យ៉ាងខ្លាំងក្លា។
ផ្ទុយទៅនិងប្រទេសចិនដែលមានប្រជាជនវ័យចំណាស់ច្រើន កត្តាប្រជាសាស្ត្រទំនងជាផ្ដល់ឲ្យប្រទេសឥណ្ឌានូវសក្ដានុពលដ៏ខ្លាំងក្លាផងដែរ ដោយប្រជាជនឥណ្ឌាមួយភាគបួននៃប្រជាជនសរុបកំពុងតែមានថាមពលពលកម្ម។
កត្តាអនុគ្រោះផ្សេងៗត្រូវបានគេលុបចោល។ ច្បាប់ក្ស័យធុនថ្មីដែលត្រូវបានគេស្វាគមន៍ និងគេរំពឹងថាអាចជួយសម្រួលដល់ការធ្វើអាជីវកម្ម នៅមិនទាន់ត្រូវបានសម្រេច។ ការកំណត់ពន្ធលើការទិញទំនិញ គឺជាការវិវឌ្ឍន៍ដែលជួយសម្រួលកាន់តែច្រើន នៅមិនទាន់មានការឯកភាព។
អំឡុងពេលជាមួយគ្នានេះដែរ តម្លៃទីផ្សារដីធ្លីនៅទ្រឹងនៅឡើយ ច្បាប់ការងាររាំងស្ទះដល់ការផ្ដល់ការងារធ្វើ ធនាគារដែលជារបស់រដ្ឋកំពុងតែប្រឈមមុខនឹងកម្ចីអាក្រក់ និងប្រព័ន្ធអប់រំត្រូវការការធ្វើកំណែទម្រង់បន្ថែម។
បើមើលតែសំបកក្រៅ យើងឃើញថា ប្រទេសឥណ្ឌាកំពុងតែឈរខ្ពស់ជាងគេពិតមែន ប៉ុន្តែបើយើងមើលឲ្យស៊ីជម្រៅទៅ ប្រទេសមួយនេះត្រូវការកែលំអ និងការរៀបចំបន្ថែមជាច្រើនទៀត៕
ដោយ៖ លង់ វណ្ណៈ