អាថ៌កំបាំង​ទាំង​បី​នៃ​គុណភាព​ជីវិត​សម្រាប់​ភាព​ជោគជ័យ​ ​​



យើង​​ខិត​ខំ​ប្រឹង​ប្រែង​រាល់​ថ្ងៃ​គឺ​ដើម្បី​ភាព​ជោគជ័យ​និង​ភាព​រីករាយ​ក្នុង​ឆាក​ជីវិត។ ប៉ុន្តែ ការ​សិក្សា​និង​ការ​ធ្វើ​ការ​មិន​អាច​ជួយ​អ្នក​ឲ្យ​ជោគជ័យ​និង​រីករាយ​ទាំង​ស្រុង​នោះ​ទេ។ អ្នក​ត្រូវ​មាន​ចំណុច​បន្ថែម​ពី​លើ​នេះ​ទៀត។ ខាង​ក្រោម​នេះ​ជា​អាថ៌កំបាំង​ទាំង​បី​ដែល​ជួយ​ពង្រឹង​គុណភាព​ជីវិត​របស់​អ្នក៖

១) គុណភាព​ផ្ទាល់​ខ្លួន​៖ គុណភាព​​មាន​ន័យ​ថា​ចម្រើន​ឬ​​ល្អ​ប្រសើរ​ឡើង។ ដូច្នេះ​ហើយ គុណភាព​ផ្ទាល់​ខ្លួន​គឺ​ជា​អ្វី​ដែល​ជួយ​អភិវឌ្ឍន៍​ខ្លួន​ឯង​ឲ្យ​រីក​ចម្រើន​ជាង​មុន។ ក្នុង​ឆាក​ជីវិត វា​មាន​ចំណុច​ជា​ច្រើន​ដែល​អ្នក​អាច​​ពង្រឹង​ខ្លួន​ឯង​បាន។ ឧទាហរណ៍​ថា​​អ្នក​គួរ​តែ​មាន​​សមត្ថភាព​គ្រប់គ្រាន់​​ក្នុង​ការ​បំពេញ​ការងារ​ឲ្យ​បាន​ល្អ​។ អ្នក​នឹង​មាន​អារម្មណ៍​​ថាខ្លួន​ឯង​ជា​មនុស្សមាន​ផលិតភាព​និង​មិន​អត់​ប្រយោជន៍។ ម៉្យាង​វិញ​ទៀត ការ​សម្រេច​ផល​ទាំង​នោះ​ក៏​អាច​ជួយ​រក​ប្រាក់​ចំណូល​បន្ថែម​ក៏​មិន​ដឹង។

២) គុណភាព​នៃ​ទំនាក់​ទំនង៖ ​ភាព​ជោគជ័យ​ពិត​ជា​ពិបាក​កើត​ឡើង​ប្រសិន​ជា​អ្នក​គ្មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ​ព្រោះ​ក្នុង​ជីវិត​ អ្នក​ត្រូវ​ការ​ប្រាស្រ័យ​ទាក់​ទង​រវាង​គ្នា​និង​គ្នា។ ការ​ចេះ​ទំនាក់​ទំនង​ក៏​​នឹង​ជួយ​បង្កើន​ឱកាស​ជា​ច្រើន ដែល​​អាច​ជួយ​អ្នក​ជោគជ័យ​ក្នុង​ជីវិត។ អ៊ីចឹង​ហើយ ប្រសិន​​អ្នក​ជា​មនុស្ស​ដែល​អៀន​ច្រើន អ្នក​គួរ​តែ​ពង្រឹង​ខ្លួន​ឯង​ឲ្យ​ចេះ​និយាយ​ស្តី ហ៊ាន​និយាយ​ទៅ​កាន់​អ្នក​ដទៃ ចេះ​ដាក់​ខ្លួន ចេះ​រាក់​ទាក់​នឹង​អ្នក​ដទៃ​ជា​ដើម។

៣) គុណភាព​នៃ​ផ្លូវ​ចិត្ត៖ ផ្លូវ​ចិត្ត​មាន​ទំនាក់​ទំនង​យ៉ាង​ធំធេង​នឹង​ជីវិត​របស់​យើង​ម្នាក់​ៗ។ ដូច​​ដែល​បាន​ឃើញ​ស្រាប់ ថ្ងៃ​ណា​ដែល​អ្នក​ពិបាក​ចិត្ត​ឬ​មិន​សប្បាយ​ចិត្ត អ្នក​សឹង​តែ​​មិន​អាច​សម្រេច​អ្វី​ទាំង​អស់ ចង់​តែ​ដេក​ជា​ដើម។ ដូច្នេះ​ហើយ អ្នក​ត្រូវ​ចេះ​រក្សា​សុខភាព​ផ្លូវ​ចិត្ត​ឲ្យ​បាន​ល្អ​ ចេះ​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង មិន​អនុញ្ញាតឲ្យ​អារម្មណ៍​​អាក្រក់​មក​ប៉ះពាល់​ដល់​ជីវិត​​​ឡើយ​។

ដោយ​៖ អុឹង មុយយូ

X
5s