យុទ្ធសាស្ត្រងាយៗក្នុងការគ្រប់គ្រងលុយសម្រាប់អ្នកមានចំណូលតិចតួច
ជាការពិតណាស់ ការរស់នៅដោយមានប្រាក់ចំណូលតិចតួចមិនមែនជារឿងងាយស្រួលនោះទេ។ បើមិនប្រុងប្រយ័ត្ន ច្បាស់ជាត្រូវស៊ីបាយកកឬខ្ចីលុយគេជាពុំខាត។ ដូច្នេះហើយ អ្នកត្រូវការយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុឲ្យបានល្អ។ សុខចិត្តសល់លុយអស់ថ្ងៃជាជាងសល់ថ្ងៃតែអស់លុយ។ គន្លឹះ៣យ៉ាងក្នុងការរៀបចំប្រាក់ចំណូល៖
១) រៀបចំគម្រោងការចាយវាយប្រចាំខែ៖ ដើម្បីប្រាកដថាអ្នកចាយបានត្រឹមត្រូវ ជាដំបូងអ្នកចាំបាច់ត្រូវតែបង្កើតគម្រោងការចាយវាយប្រចាំខែសម្រាប់ខ្លួនឯងដូចជាអាហារ លុយទឹកភ្លើង លុយសាំងឡានឬម៉ូតូ លុយបញ្ចូលកាតទូរស័ព្ទជាដើម។ បន្ទាប់មក បែងចែកជា៣០ថ្ងៃ តើក្នុងមួយថ្ងៃអ្នកត្រូវចាយប៉ុន្មានទើបអាចចាយបានពេញមួយខែបាន ហើយអ្វីដែលសំខាន់បំផុតគឺអ្នកត្រូវតែដើរតាមគម្រោងនេះ។
២) គិតលើផ្នែកដែលអ្នកអាចសន្សំបាន៖ ក្រោយពីមានគម្រោងការចាយវាយច្បាស់លាស់ហើយ អ្នកអាចត្រួតពិនិត្យម្តងទៀតតើមានកន្លែងណាដែលអ្នកអាចកាត់បន្ថយដែរឬទេ។ វិធីម៉្យាងទៀតក្នុងការកាត់បន្ថយការចំណាយគឺកុំចាយវាយទៅលើតម្លៃខ្លាំង។ ឧទាហរណ៍ថារាល់ដងអ្នកផឹកកាហ្វេមួយកែវ៣ដុល្លារ អ្នកអាចផ្លាស់ប្តូរកាហ្វេណាដែលមានតម្លៃថោកជាងនេះ។
៣) ញាំអាហារនៅផ្ទះ៖ ជាការពិតមិនអាចប្រកែកបាននោះទេ ការញាំអាហារនៅក្រៅគឺត្រូវការចាយលុយហើយអាចច្រើនទៀត។ ហើយ យើងមិនអាចរំលងអាហារប្រចាំថ្ងៃដើម្បីសន្សំលុយនោះទេ។ ប៉ុន្តែ អ្នកអាចសន្សំលុយហើយកាត់បន្ថយការចំណាយដោយគ្រាន់តែញាំអាហារនៅផ្ទះព្រោះការចំណាយមិនច្រើន ម៉្យាងវិញទៀត អ្នកមិនចាំបាច់អស់លុយលើសាំង លុយក្រៅសម្រាប់សេវាកម្មឬលុយផ្ញើយានយន្ត ដែលជួយសន្សំបានមួយផ្នែកធំឯណោះ៕
ដោយ៖ អុឹង មុយយូ